ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកលេខ១ គូបូតាទម្ងន់៥៤គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃសុក្រទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាការប្រកួតជុំទី២ នោះ ខេម ចាន់ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និង រិទ្ធ អាទិត្យ ក្លិបអាណាចក្រគុនខ្មែរ បានវាយចាញ់ឡាវទាំងពីរនាក់។
ខេម ចាន់ គេវាយចាញ់អ្នកប្រដាល់ឡាវ SeangSuriya Site Torkahkart ដោយពិន្ទុហើយរិទ្ធ អាទិត្យ គេចាញ់អ្នកប្រដាល់ឡាវWangngeu Rungrean Kilanakorn Phattom ដោយពិន្ទុដែរ ។
ក្នុងការប្រកួត៥ទឹកនោះ ខេម ចាន់ មិនអាចយកឈ្នះSeangSuriya បានឡើយ ទោះបីជាគេបានវាយចេញច្រើនក៏ដោយ ក៏ការវាយរបស់គេខុសគោលដៅ និងត្រូវអ្នកប្រដាល់ឡាវនោះ ទប់បានទាំងអស់។
ជាមួយនឹងលទ្ធផលនេះ ខេម ចាន់បាន៤ពិន្ទុ ក្នុងពីរប្រកួត ហើយអ្នកប្រដាល់ឡាវ SeangSuriya គេបាន៦ពិន្ទុ ក្នុងការប្រកួតពីរជុំដូចគ្នា ។
ចំពោះការប្រកួតរបស់រិទ្ធ អាទិត្យ វិញ ក៏មិនខុសគ្នាប៉ុន្មានដូចការប្រកួតរបស់ខេម ចាន់ដែរ ។ ក្នុង៥ទឹក អ្នកប្រដាល់ឡាវWangngeun Rungrean បានវាយចេញមុន រិទ្ធ អាទិត្យ ជានិច្ច ដែលធ្វើអោយអាទិត្យ ចាញ់ពិន្ទុ ។
រិទ្ធ អាទិត្យ ក្រោយចាញ់Wangngeun នេះ គេពិបាកនឹងស្តារពិន្ទុបានមកវិញណាស់ ព្រោះគេវាយចាញ់២ប្រកួតទៅហើយ ក្នុងការប្រកួតជម្រុះពីរជុំនេះ ។ ចំណែកWangngeunគេមានផ្លូវស្តារពិន្ទុ សម្រាប់ជុំបន្តបន្ទាប់ទៀត ដោយសារគេបាន៤ពិន្ទុក្នុងពីរប្រកួតដូចគ្នានោះ ។
សូមបញ្ជាក់ថា កីឡាករខ្លាំងទាំង១០រូប ដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គូបូតារដូវកាលថ្មីទម្ងន់៥៤គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៥រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ-ឡាវ ៥ រូប ចូលរួមវាយដណ្តើមយកខ្សែក្រវាត់នេះ ។
អ្នកប្រដាល់មួយរូបៗ ទាំងខ្មែរ ទាំងថៃ និងឡាវ គឺត្រូវឆ្លងកាត់ការប្រកួតក្នុងម្នាក់ៗ ចំនួន ៤ ប្រកួតម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូបក្នុងមួយពូល ទាំងពូលខ្មែរ និង ពូលថៃ-ឡាវ នឹងត្រូវបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ឡេង ម៉ៅ អ្នកប្រដាល់ក្លិបម៉ៃទី ក្រាំងយ៉ូវ បានប្រកួតចាញ់ សំ ភក្តី អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក ដោយពិន្ទុ ហើយហេង វុទ្ធា អ្នកប្រដាល់ក្លិបលំពែងរាជសីហ៍ វាយឈ្នះ ឯម ដារ៉ូ អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ ដោយពិន្ទុដែរ៕
Source: Kampuchea Thmey Daily
0 Comments