ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការអំពាវនាវ៨ចំណុចទៅកាន់ស្ថាប័នជាតិអន្តរជាតិសហគមន៍ និង ពលរដ្ឋគ្រប់រូបក្នុងទិវាអក្ខរកម្មជាតិអន្តរជាតិ០៨ កញ្ញា ២០១៨ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
នៅក្នុងសារលិខិតចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យមានការបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដែលក្នុងនោះ៖
១.ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយក្របខ័ណ្ឌច្បាប់បទរដ្ឋាននិងយន្តការចាំបាច់ដើម្បីដឹកនាំគ្រប់គ្រងនិងអនុវត្តឲ្យមានប្រសិទ្ធិភាពនិងគុណភាពធានាបាននូវលទ្ធភាពទទួលបានការសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូបនិងស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
២. ក្រសួងស្ថាប័នគ្រឹះស្ថានសិក្សាមណ្ឌលសិក្សាទីវត្តអារាមទាំងអស់ត្រូវបង្កើនកម្មវិធីអប់រំកម្មវិធីសិក្សាពេញមួយជីវិតទាំងខាងផ្នែក អក្ខរកម្ម និងវិជ្ជាជីវៈ ឲ្យកាន់តែសម្បូរបែបនិងមានភាពបត់បែនឆ្លើយតបនិងតម្រូវការសិក្សា ដើម្បីផ្តល់សេវា អប់រំមួយជីវិត ទាំងសេវាអប់រំក្នុងប្រព័ន្ធ អប់រំក្រៅប្រព័ន្ធនិងអប់រំមិនផ្លូវការដល់ប្រជាជនគ្រប់រូប។
ទី៣. អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀតក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលសិក្សា។ ហេដ្ឋារចនាសម្ព័ន្ធនិងទីកន្លែងសិក្សាព្រមទាំងជំរុញប្រជាជនដែលមិនបានរៀនសូត្រឬបោះបង់ការសិក្សាអោយមានឱកាសទទួលបានការរៀនសូត្រជាថ្មីនៅតាមកម្មវិធីអប់រំក្រៅប្រព័ន្ធគ្រប់រូបភាពជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជាជនដែលមានពិការភាពឲ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ។
ទី៤. ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមាន វិទ្យុ ទូរទស្សន៍សារព័ត៌មានទស្សនាវដ្តីព្រឹត្តិបត្រព័ត៌មានរបស់រដ្ឋនិងឯកជនសូមជួយដោះស្រាយនិងបញ្ជ្រាបឲ្យបានកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃការងារអក្ខរកម្មដើម្បីឲ្យប្រជាជនយើងកាន់តែមានការយល់ដឹងកាន់តែច្រើនអំពីអក្ខរកម្មពស់ទៅការសិក្សាពេញមួយជីវិត។
ទី៥. ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាយុវជនកាយរិទ្ធិនិងយុវជនកាកបាទក្រហមកម្ពុជាត្រូវចូលរួមឲ្យកាន់តែសកម្ម ក្នុងការចុះជួយបង្រៀនដោយស្ម័គ្រចិត្តនៅតាមមជ្ឈមណ្ឌលសិក្សាសហគមន៍ដែលស្ថិតក្នុងមូលដ្ឋានរបស់ក្មួយៗរស់នៅ ។ចំណែកបងប្អូនជនរួមជាតិដែលជាមាតាបិតាឬអ្នកអាណាព្យាបាលក៏សូមជួយជំរុញបងប្អូនកូនចៅឲ្យបានចូលរៀនតាមសាលារៀនចំណេះទូទៅគ្រប់គ្រប់គ្នា ។ ដោយឡែកក្មួយក្មួយនឹងបងផងដែលពុំទាន់ចេះអក្សរឬបោះបង់ការសិក្សាចូលខិតខំរៀនសូត្រនៅតាម ថ្នាក់អក្ខរកម្ម ថ្នាក់សមមូល និង មជ្ឈមណ្ឌលសិក្សាសហគមន៍ដែលនៅជិតភូមិឋានរបស់ខ្លួន។
ទី៦.វត្តអារាមនិងវិហារសាសនានានាត្រូវចលនាព្រះសង្ឃបព្វជិតសាសនាតាជីដូនជីចូលរួមជំរុញកម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀតតាមរយៈការទេសនាអប់រំអំពីសារៈសំខាន់នៃការរៀនសូត្រអំពីសីលធម៌និងលើកកម្ពស់វប្បធម៌រស់នៅជាប្រជាពលរដ្ឋសកល។
ទី៧.ដៃគូអភិវឌ្ឍន៍និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបង្កើនកិច្ចសហការនិងពង្រឹងភាពជាដៃគូកាន់តែខ្លាំងថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីនានាជាពិសេសកម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងការអប់រំវិជ្ជាជីវៈឲ្យមានដំណើរការល្អជាប់ជាប្រចាំ។
ទី៨. ប្រធានរោងចក្រសហគ្រាសនិងក្រុមហ៊ុនឯកជនសូមជួយសហការនិង អង្គការលក្ខណៈក្នុងការបើកថ្នាក់អក្ខរកម្មគួបផ្សំជាមួយថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់បងប្អូនកម្មករកម្មការិនីដើម្បីជាប្រយោជន៍របស់ពួកគេផងនិងជាប្រយោជន៍ ម្ចាស់រោងចក្រសហគ្រាសផង ដែលយើងទាំងអស់គ្នាត្រូវចងចាំថា “មានអក្ខរកម្មមានការគិតគូរនិងការសម្រេចចិត្តបានត្រឹមត្រូវ ” “មានអក្ខរកម្មនាំឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន ” “ មានអក្ខរកម្មមានសុខដុមជីវិតបុគ្គលនិងសង្គម”។
នៅក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកទិវាអក្ខរកម្មជាតិអន្តរជាតិ ០៨ កញ្ញា ជាទិវាមួយមានអត្ថន័យដ៏ឧត្តុង្គឧត្តមសម្រាប់ប្រទេសជាតិយើងក៏ដូចជាពិភពលោកទាំងមូលពីព្រោះអក្ខរកម្ម ជាគន្លឹះនៃការអភិវឌ្ឍរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ទិវានេះជាការរំឭកយើងថា យើងមានភារកិច្ចចម្បងចាំបាច់ច្រើនទៀតដើម្បីជំរុញឱ្យមានអត្រាអក្ខរកម្មខ្ពស់ក្នុងចំណោមប្រជាជនកម្ពុជាក៏ដូចជាទទួលបាននូវការសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សរបស់ខ្លួនក្នុងឆ្នាំ ២០៣០ដែលជាគោល ដៅផ្តោតទៅលើបញ្ហាសំខាន់ៗដូចជាបញ្ហាសមធម៌ គុណភាពអប់រំ និងទស្សនាទាននៃការរៀនសូត្រពេញមួយជីវិត។
សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចំពោះការកសាងសង្គមជាតិមួយដែលមានលទ្ធិប្រជាធិបតេយ្យនិងដែលគ្រប់គ្រងដោយច្បាប់រួមជាមួយនិងការធានាឱ្យមានសមធម៌ក្នុងការទទួលបាននូវសិទ្ធិនិងកាលានុវត្តភាពទាំងឡាយសម្រាប់ប្រជាជនទូទាំងប្រទេសក្នុងគ្រប់ទិដ្ឋភាព។រាជរដ្ឋាភិបាលនឹងបន្តទ្រទ្រង់ដល់ដំណើរការរីកលូតលាស់នៃសេដ្ឋកិច្ចទីផ្សារដែលមានលក្ខណៈបើកចំហលំហូរនៃកម្លាំងពលកម្មដែលបង្កឲ្យមានបរិយាកាសអំណោយផលសម្រាប់នាំកម្ពុជាឲ្យសម្រេចចក្ខុវិស័យរបស់ខ្លួននៅឆ្នាំ២០៣០ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់និង២០៥០ជាប្រទេសអភិវឌ្ឍ។ក្នុងន័យនេះការពង្រឹងមូលដ្ឋានធនធានមនុស្សនិងការបង្កើនសមត្ថភាពជំនាញជាកត្តាអាទិភាព។
ក្នុងអាណត្តិទី៥នេះរដ្ឋាភិបាលការងារអក្ខរកម្មបានពង្រីកវិសាលភាពរបស់ខ្លួនកាន់តែទូលំទូលាយដោយមានការចូលរួមកាន់តែច្រើនពីអ្នកពាក់ព័ន្ធជាអាទិ៍ ក្នុងឆ្នាំ ២០១៥ ក្រសួងអប់រំយុវជននិងកីឡាបានសហការជាមួយអង្គការយូណេស្កូក្រសួងស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍បើកយុទ្ធនាការអក្ខរកម្មជាតិដើម្បីបង្កើនអត្រាអក្ខរកម្មជនពេញវ័យអាយុ១៥ឆ្នាំឡើងឲ្យបានដល់ ៨៤,៤%សំដៅសម្រេចគោលដៅទី៤នៃការអប់រំសម្រាប់ទាំងអស់គ្នា។ ក្នុងយុទ្ធនាការនេះបានរំដោះអាណិកជនចំនួន៩២.១២៥នាក់ ឲ្យឆ្លងផុតពីគ្រោះមិនចេះអក្សរ។ ជាបន្តបន្ទាប់ក្រសួងអប់រំយុវជននិងកីឡាខេត្តក្រោមលើកយកប្រធានបទកាន់តែទាក់ទាញនិងមានអត្ថន័យដូចជាអក្ខរកម្មរួមចំណែកកាត់បន្ថយចំណាកស្រុកដោយប្រថុយប្រថាន។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បានចូលរួមសហការយ៉ាងល្អប្រសើរផងដែរ ជាក់ស្តែងមន្ត្រីពន្ធនាគារ៣៣នាក់ ស្រី២នាក់ ត្រូវបានបណ្ដុះបណ្ដាលឲ្យក្លាយជាគ្រូអក្ខរកម្មដើម្បីបង្រៀនអ្នកជាប់ឃុំឃាំងមួយចំនួនដែលជាអាណិកជននៅតាមមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានីខេត្តដើម្បីឲ្យពួកគាត់ទទួលបាននូវការរៀនសូត្រមានចំណេះដឹងមានជំនាញមុខរបរចេះអានចេះរាំទេចុះគិតលេខនិងចេះដោះស្រាយបញ្ហាដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅតវ៉ារបស់ពួកគាត់នឹងមានឱកាសសិក្សាបន្តលើមុខជំនាញវិជ្ជាជីវៈដើម្បីរកប្រាក់ចំណូលក្រោយពីទទួលបានសិទ្ធិសេរីភាពនិងធ្វើសមាហរណកម្មទៅក្នុងសង្គមវិញ។
បន្ថែមពីលើនេះនៅតាមរោងចក្រចំនួន ១៧ កម្មករកម្មការិនីរបស់យើងមានលទ្ធភាពចូលរួមក្នុងកម្មវិធីអក្ខរកម្មដែលបង្កឱកាសធ្វើឲ្យការងាររបស់ពួកគេកាន់តែប្រសើរឡើងតាមរយៈការចេះគណនាលេខការស្គាល់លេខគណនីការវាស់ផលធៀបនឹងបរិមាណដែលជាមូលដ្ឋានគ្រឹះសម្រាប់អាជីពការងារប្រចាំថ្ងៃមានប្រាក់ចំណូលខ្ពស់ហើយក៏ជាប្រយោជន៍ដល់ម្ចាស់រោងចក្រផងដែរ។
សមិទ្ធផលដែលសម្រេចបាននេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជានិងការចូលរួមរបស់អ្នកពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍នានាជាពិសេសកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការព្រះសង្ឃបញ្ញាវន្តម្ចាស់រោងចក្រសហគ្រាសសិស្សនិងនិស្សិតទូទាំងប្រទេស។
ឆ្នាំ២០១៨នេះទិវាអក្ខរកម្មជាតិ ៨ កញ្ញាត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ“អក្ខរកម្មឆ្ពោះទៅការសិក្សាពេញមួយជីវិត”ជាមួយនិងចក្ខុវិស័យអភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឲ្យទទួលបានឱកាសសិក្សាពេញមួយជីវិតក្នុងគ្រប់ពេលវេលាគ្រប់ទីកន្លែងនិងគ្រប់មធ្យោបាយប្រកបដោយវិជ្ជាសម្បទាបំណិនសម្បទាចរិយាសម្បទានិងគុណសម្បទាដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ចនិងសុខដុមជីវិតបុគ្គលនិងសង្គម។ ទស្សនាទាននៃប្រធានបទនេះមិនសំដៅត្រឹមតែការរៀនអក្ខរកម្មចេះអក្សរចេះលេខនព្វន្តប៉ុណ្ណោះទេគឺបានគិតគូរដល់ឱកាសក្នុងការទទួលបានចំណេះដឹងចំណេះធ្វើសហគ្រិនភាពជំនាញវិជ្ជាជីវៈនិងនវានុវត្តន៍គ្រប់ផ្នែកគ្រប់វិស័យជាពិសេសអក្ខរកម្មបច្ចេកវិទ្យាដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕
Source: Kampuchea Thmey Daily
0 Comments