ក្លិបបាល់ទាត់វិសាខា សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានប្រកាសស្វែងរកកីឡាករយុវជនដែលមានសមត្ថភាព ដើម្បីចូលរួមធ្វើតេស្តក្លាយជាសមាជិកក្នុងក្រុមយុវជនថ្នាលក្រោមអាយុ១៧ឆ្នាំ(U17) នៅថ្ងៃសៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨ ចុងសប្ដាហ៍នេះ។
លោក ហុក សុចិត្រា អ្នកចាត់ការក្លិបវិសាខា ប្រាប់ថា ការធ្វើតេស្ដសមត្ថភាពនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃរហូតដល់ថ្ងៃអាទិត្យ ដោយជំហានដំបូងជ្រើសរើសយក៥០នាក់ជាមុនសិន មុនឈានទៅចម្រាញ់យកតាមផែនការ២៥នាក់។ លោកបន្តថា «តាមមើលទៅឃើញនេះមានជាង៣០០នាក់ ហើយជំហានដំបូងយើងរើស៥០នាក់។ បន្ទាប់ពី៥០នាក់មក យើងរើស២៥ចុងក្រោយតែម្ដង អាហ្នឹងជាក្រុមយុវជនរបស់វិសាខាតែម្ដង។ យើងធ្វើតេស្ដ២ថ្ងៃ គឺថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។ ថ្ងៃសៅរ៍ល្ងាចនេះយើងនឹងយកក្រុមដែលយើងរើសមួយចំនួនយកទៅលេងជាមួយក្រុមធំវិសាខាដើម្បីមើលសមត្ថភាពពួកគាត់»។
កីឡាករដែលក្លាយខ្លួនជាកីឡាករថ្នាលអាយុក្រោម១៧ឆ្នាំវិសាខា យុវជនទាំងអស់នឹងទទួលបានការហូបចុក ស្នាក់នៅ ប្រាក់ឈ្នួលប្រចាំខែ អាហារូបករណ៍សិក្សា និង អត្ថប្រយោជន៍មួយចំនួនបន្ថែមទៀត។ បន្ទាប់ពីប្រមូលផ្ដុំបានកីឡាករទាំង២៥នាក់ វិសាខា U17 ក៏គ្រោងចូលរួមការប្រកួតក្របខណ្ឌទី២ ឬ Cambodian Second League ផងដែរ។
សម្រាប់បេក្ខជនដែលចាប់អារម្មណ៍សូមភ្ជាប់ឯកសារមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណ ឬ សំបុត្រកំណើត (ច្បាប់ដើម) និងត្រូវមានសំលៀកបំពាក់ និងសម្ភារៈផ្ទាល់ខ្លួនដូចជា សំលៀកបំពាក់ កីឡាពណ៌ខៀវ និងស្រោមជើង ស្បែកជើងកីឡាបាល់ទាត់ (ការ៉ាមប៉ុង) សម្រាប់ការពារស្មង ស្រោមដៃ (អ្នកចាំទី)។ បេក្ខជននីមួយៗត្រូវមានឆ្នាំកំណើត ចាប់ពីឆ្នាំ២០០២។
សម្រាប់ការធ្វើតេស្តនេះនឹងចាប់ផ្តើមពីម៉ោង ៨និង០០ នាទីព្រឹកតទៅនៅកីឡដ្ឋាន វិសាខា ដែលមានទីតាំងនៅហ្គ្រេនភ្នំពេញ ផ្លូវ វិថីព្រះហង្ស សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ ភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមដែលបេក្ខជនចង់បញ្ជាក់បន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៩២ ២០៦ ០០០/០១៧ ៩៦៦ ៥៥៧/០៨៦ ២៣២ ៩៦៣។
ក្រុមវិសាខា បានបង្កើតឡើងពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់លោក ស សុខា ។ បច្ចុប្បន្នក្លឹបមានកីឡាករជិត៣០នាក់ ដែលមានលោក ហុក សុចិត្រា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដើរតួធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុម ខណៈលោក ហុក សុជីវ័ន ជាប្អូនប្រុសបង្កើតធ្វើជាគ្រូបង្វឹក។ ក្រុមវិសាខា បានកសាងកីឡដ្ឋានថ្មីផ្ទាល់ខ្លួន ដែលអាចផ្ទុកទស្សនិកជនប្រមាណជាង៥០០០នាក់ ដែលមានទីលានជាស្មៅធម្មជាតិ៕
Source: Kampuchea Thmey Daily
0 Comments