ក្រុមបាល់ទាត់ខេមបូឌានថាយហ្គឺរ (Angkor Tiger FC) សមាជិកពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League) បានប្រកាសដល់អ្នកគាំទ្រថាក្លិបនឹងរៀបចំកម្មវិធីជួបជុំរវាងថ្នាក់ដឹកនាំក្លិប កីឡាករ ម្ចាស់ឧបត្ថម្ភនិងអ្នកគាំទ្រ ដែលនឹងធ្វើឡើងនៅដំណាច់ខែនេះនៅលើទឹកដីខេត្តសៀមរាប។
កម្មវិធីនេះមានឈ្មោះថា Angkor Tiger Night ដែលជាកម្មវិធីជួបជុំបំណាច់ឆ្នាំរវាងក្រុមគ្រួសារបាល់ទាត់អង្គរថាយហ្គឺរ ទាំងអស់ (លោកប្រធានក្លឹប ក្រុមការងារ កីឡាករ អ្នកគាំទ្រ) ដើម្បីជួបជុំរាំលេងកម្សាន្ត និងថ្លែងអំណរគុណដ៏អ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រដល់ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ចាប់តាំងពីពួកយើងបានបង្កើត និងជាពិសេសនៅពេលដែលក្លិបបានផ្លាស់ប្តូរទីតាំងទៅកាន់ខេត្តសៀមរាប។
កម្មវិធីនេះរៀបចំនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៧និង៣០ ដល់ ៩និង០០យប់ នៅPalm Container Night Market (ផ្លូវ៦០) ព្រមទាំងបើកឲ្យមហាជនចូលរួមដោយសេរី ខណៈអ្នកពាក់អាវក្រុមអង្គរថាយហ្គឺរពណ៌ទឹកក្រូច នឹងទទួលបានភេសជ្ជពិសារដោយឥតដែនកំណត់។ តំណាងក្លិបមួយនេះបានលើកឡើងថា «យើងសង្ឃឹមថាអ្នកទាំងគ្នា នឹងទទួលបានភាពសប្បាយរីករាយ និងប្រែក្លាយជារាត្រីជួបជុំដ៏ធំមួយដែលមិនអាចបំភ្លេចបាន»។
ក្រុមអង្គរថាយហ្គឺរ បានប្តូរឈ្មោះមកពីក្រុមត្រាយអាស៊ីភ្នំពេញ កាលពីចុងរដូវកាល២០១៤ ហើយនៅរដូវកាល២០១៥ គឺជាកំណត់ត្រាល្អរបស់ក្លិបពោលគឺ អាចឡើងដល់វគ្គ៤ក្រុមចុងក្រោយទាំងពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ក្រោយឈរចំណាត់ថ្នាក់លេខ៣ដូចគ្នា។ ក្រុមនេះ ទទួលបានសិទ្ធិប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ពីក្រសួងអប់រំយុវជននិងកីឡា កាលពីរដូវកាលឆ្នាំ២០១៧ កន្លងធ្វើជាទឹកដីរបស់ខ្លួនរាល់ការប្រកួតនានា។
លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ ធ្លាប់បានបញ្ជាក់ជុំអនាគតរបស់ក្លិបនៅទឹកដីខេត្តសៀមរាបថា «ខ្ញុំមានហេតុផលពីរយ៉ាង ដោយទី១) គឺចង់ផ្ដល់ទំនុកចិត្តទៅលើសក្តានុពលនិងទេពកោសល្យរបស់ពួកគេព្រោះខ្ញុំគិតថា ពួកគេនឹងអាចក្លាយទៅជានិមិត្តរូបបាល់ទាត់កម្ពុជា។ ចំណែកទី២) វាជាផ្នែកមួយនៃផែនការរបស់ខ្ញុំ ដែលចង់បង្កើតយុគមាសសម្រាប់អង្គរថាយហ្គឺរ ក្នុងពេល៥ទៅ១០ឆ្នាំខាងមុខ។ ខ្ញុំដាក់គោលដៅឲ្យអង្គរថាយហ្គឺរ ក្លាយជាក្លិបលេខ១ក្នុងតំបន់អាស៊ាន ហើយខ្ញុំរំពឹងថា កីឡាករទាំងអស់នឹងលះបង់ខ្ពស់ ដើម្បីសម្រេចទស្សនវិស័យរបស់យើង។ អង្គរថាយហ្គឺរ ចង់ក្លាយជានិមិត្តរូបនៃក្ដីសុបិន្ត ក្ដីសង្ឃឹមនិងកម្លាំងចិត្ត សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជាកម្ពុជាទាំងមូល»៕
Source: Kampuchea Thmey Daily
0 Comments