ភ្នំពេញ ៖ ស្របពេលដែលការលក់ទំនិញ ពិសេសការលក់បន្លែផ្លែឈើនៅ ជុំវិញផ្សារដើមគ និងផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅមិនទាន់មានភាពល្អប្រសើរនៅឡើយនោះ នៅថ្ងៃ១០ ខែកញ្ញាខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញនឹងរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការលក់ដូរជុំវិញផ្សារទាំង២ខាងលើអោយបាន ប្រសើរឡើងមួយកម្រិតថែមទៀត។
នេះបើតាមការបញ្ជាក់របស់លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្ដែងក្នុងផ្សារទាំង២កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា២០១៨នេះ។
លោកមាន ចាន់យ៉ាដា បានបញ្ជាក់ថា ឆ្លើយតបនឹងការទទូចសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៃការលក់ដូរជុំវិញផ្សារដើមគ និងផ្សារនាគមាស លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំជាគោលការណ៍យ៉ាងម៉ឺងម៉ាត់ ដើម្បីរៀបចំទីតាំងខាងលើទាំងពីរឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរឡើងវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ លោកក៏បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីចាប់ផ្ដើមយុទ្ធនាការចាប់ពីថ្ងៃច័ន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ធ្វើយ៉ាងណារៀបចំទីតាំងទាំងពីរឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អប្រសើរឡើងវិញ។
ក្នុងឱកាសនោះលោកក៏បានសូមអោយ បងប្អូនអាជីវករ ប្រជាពលរដ្ឋជាអ្នកទិញ និងអ្នកធ្វើដំណើរ មេត្តាចូលរួមសហការទាំងអស់គ្នាដើម្បីអោយទីក្រុងរបស់យើងមានរបៀបរៀបរយល្អ៕
Source: Kampuchea Thmey Daily
0 Comments