Ad Code

ការ​វាយប្រហារ​ដោយ​កាំបិត ​នឹង​ជួយ​ជំរុញ​គោលបំណង​ធ្វើ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​របស់លោក Bolsonaro



ក្រុម​គ្រួសារ​និង​អ្នកវិភាគ​បាន​ព្យាករណ៍​ថា បេក្ខជន​ឈានមុខ​នៃ​ការបោះឆ្នោត​ប្រេ​ស៊ី​ល​លោក Jair Bolsonaro នឹង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ចេញពី​បន្ទប់សង្គ្រោះបន្ទាន់​សម្រាប់​តំណែង​ប្រធានាធិបតី​មួយថ្ងៃ​បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ចាក់ ​ខណៈ​កំពុង​ធ្វើ​យុទ្ធនា​ការឃោសនា។

ការប្រកួតប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​ជួបប្រទះ​នឹង​បញ្ហា​ចុងក្រោយ​បំផុត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេលដែល​សកម្មជន​ឆ្វេងនិយម​ម្នាក់​បាន​ចាក់​លោក Bolsonaro ខណៈដែល​គាត់​កំពុង​ធ្វើ​យុទ្ធនា​ការឃោសនា​នៅ​រដ្ឋ Minas Gerais ភាគ​អាគ្នេយ៍​។​

អតីត​កា​ពី​តែ​ន​កងទ័ព​រូបនេះ​បានទទួល​ការវះកាត់​ភ្លាមៗ​សម្រាប់​របួស​ជាច្រើន​កន្លែង​លើ​ដងខ្លួន​របស់គាត់​និង​ត្រូវ​ទទួល​ការព្យាបាល​យ៉ាងតិច​មួយ​សប្តាហ៍​នៅក្នុង​មន្ទីរពេទ្យក្រុង Sao Paulo ប៉ុន្តែ​ការ​អវត្តមាន​ជា​បណ្តោះអាសន្ន​របស់គាត់​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​កើនឡើង​ជាជាង​ប៉ះពាល់​ដល់​ឱកាស​របស់គាត់​។​

កាលពី​សប្តាហ៍​មុន លោក Bolsonaro ត្រូវបាន​គេ​ដាក់ឈ្មោះ​ជា​បេក្ខជន​នាំមុខ​ក្នុងការ​បោះឆ្នោត​ជុំ​ដំបូង​នៅ​ថ្ងៃទី​៧​ខែតុលា​ខណៈពេលដែល​អ​តី​ត​ប្រធានាធិបតី​ជាប់ពន្ធនាគា​រលោក Luiz Inacio Lula da Silva ត្រូវបាន​ហាមឃាត់​ពី​ការ​ឈរឈ្មោះ​ដោយ​តុលាការ​បោះឆ្នោត​របស់​ប្រទេស​។​

លោក Jimena Blanco អ្នកវិភាគ​នយោបាយ​បាន​និយាយថា “​ការវាយប្រហារ​ប្រឆាំងនឹង​លោក Bolsonaro នឹងមាន​ឥទ្ធិពល​ដោយផ្ទាល់​ទៅលើ​គោលបំណង​របស់​អ្នកបោះឆ្នោត​”​។​
​នៅ​សប្តាហ៍​នេះ លោក Bolsonaro បាន​មើលឃើញ​ពី​ការ​នាំមុខ​១០​ពិន្ទុ​លើ​គូប្រជែង​ជិត​បំផុត​របស់ខ្លួន​គឺ​អ្នក​បរិស្ថាន Marina Silva និង​បេក្ខជន​ឆ្វេងនិយម Ciro Gomes ។​

លោក Bolsonaro មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ធំ​មួយ​ដែលមាន​អ្នក follow ចំនួន​៨.៥​លាន​នាក់​។​
​បើទោះបី​គាត់​ជា​សមាជិកសភា​បម្រើការ​ងារ​យូរអង្វែង​ក៏ដោយ លោក Bolsonaro បានបង្ហាញ​ខ្លួនឯង​ថា​ជា​អ្នក​ខាងក្រៅ​ដែល​មិន​ប៉ះពាល់​ដោយ​រឿងអាស្រូវ​ពុករលួយ​ដែល​វាយប្រហារ​ដល់​ឥស្សរជន​នយោបាយ​ជាច្រើន​នាក់​ឡើយ​។​

ការសន្យា​មួយ​ក្នុង​យុទ្ធនាការ​របស់គាត់​គឺ​ធ្វើ​ឲ្យ​ស្របច្បាប់​នូវ​ការ​កាន់​អាវុធ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ដែល​កំពុង​កើនឡើង​នៅក្នុង​ប្រទេសមួយ​ដែល​ប៉ូលិស​បាន​ចូលរួម​រួចទៅហើយ​នៅក្នុង​សង្គ្រាម​កម្រិត​ទាប​ប្រឆាំងនឹង​ក្រុម​ឧក្រិដ្ឋជន​។ មនុស្ស​ប្រហែល​៦៤,០០០​នាក់​បាន​ស្លាប់​ក្នុង​អំពើ​មនុស្សឃាត​ជា​រៀងរាល់ឆ្នាំ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu