ភ្នំពេញ ៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ហើយជាមនុស្សម្នាក់ធ្លាប់បានរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់នោះ បានបកអាក្រាតល្បិចកលនយោបាយរបស់លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ឬហៅថាគណបក្សប្រឆាំងនៅកម្ពុជា ដែលបានយកសកម្មជន ឬអ្នកគាំទ្រធ្វើអាជីវកម្ម ដើម្បីយកលុយដាក់ហោប៉ៅ ដើរស៊ីចាយសប្បាយនៅក្រៅប្រទេស។
លោក សួន សេរីរដ្ឋា ដែលជាមនុស្សរស់នៅទឹកដីអាមេរិកតាំងពីវ័យក្មេងនោះ បានសរសេរសារមួយកាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ថា លោក សម រង្ស៊ី និងក្រុមអ្នកនយោបាយនិយម សម រង្ស៊ី គឺជាក្រុម “វីរជនរត់ចោលស្រុក” ដែលចូលចិត្តធ្វើនយោបាយយកទឹកចិត្តស្មោះត្រង់របស់អ្នកគាំទ្រ ទៅធ្វើអាជីវកម្មយកលុយដាក់ហោប៉ៅ ដើរចាយសប្បាយនៅក្រៅប្រទេស ហើយបើមានអ្នកជឿ ឬអ្នកដើរតាម សម រង្ស៊ី ត្រូវស្លាប់ក្នុងព្រឹត្តិការណ៍បាតុកម្ម ឬជាប់គុកនោះ លោកសម រង្ស៊ី ពិតជាសប្បាយចិត្តបំផុត។
លោក សួន សេរីរដ្ឋា បញ្ជាក់យ៉ាងនេះថា “សម រង្ស៊ី និងក្រុមអ្នកនយោបាយនិយម សម រង្ស៊ី គឺជាក្រុម “វីរជនរត់ចោលស្រុក” ដែលចូលចិត្តធ្វើនយោបាយយកទឹកចិត្តស្មោះត្រង់របស់អ្នកគាំទ្រ ទៅធ្វើអាជីវកម្មយកលុយដាក់ហោប៉ៅ ដើរចាយសប្បាយនៅក្រៅប្រទេស។ បើមានអ្នកជឿ អ្នកដើរតាម សម រង្ស៊ី ត្រូវស្លាប់ក្នុងព្រឹត្តិការណ៍បាតុកម្ម ឬក៏ជាប់គុកនោះ គឺ សម រង្ស៊ី សប្បាយចិត្តបំផុត ព្រោះខ្លួនគាត់ សម រង្ស៊ី ដែលជាវីរជនរត់ចោលស្រុកនោះ នឹងបានយកការស្លាប់ និងការជាប់គុករបស់អ្នកគាំទ្រនេះ ទៅធ្វើបុណ្យរៃអង្គាសយកលុយចាយ ដោយគ្រាន់តែផ្ញើក្បាលកាក់ ក្បាលសេន តិចតួចមកឲ្យគ្រួសារជនរងគ្រោះ រួចថតរូបយករូបថត ទៅបោកអ្នកជួយលុយប៉ុណ្ណោះ។ តាមខ្ញុំ ដឹងជាក់ស្តែង គឺការធ្វើបុណ្យដោយយកឈ្មោះអ្នកស្លាប់ក្នុងព្រឹត្តិការណ៍បាតុកម្ម ទៅធ្វើបុណ្យ ការរៃអង្គាសមួយកន្លែងៗ បានមិនតិចជាង៥០០០$ ទៅ១០០០០$ ទេ។ តែក្រុម សម រង្ស៊ី មិនមែនធ្វើតែមួយកន្លែងនៅអាមេរិក កាណាដា អឺរ៉ុប និងអូស្ត្រាលី ទេ។ ពោល គឺធ្វើបុណ្យរៃអង្គាសរាប់រយកន្លែង ដែលប្រមូលលុយ រាប់រយម៉ឺនដុល្លា បានមកពីការយកខ្មោចធ្វើអាជីវកម្មបុណ្យ។ តែគ្រួសាររងគ្រោះ បានយ៉ាងច្រើន១ គ្រួសារ ១០០០$ ប៉ុណ្ណោះ ! រាប់សែន រាប់រយម៉ឺនដុល្លា ទៀត គឺ សម រង្ស៊ី យកចូលហោប៉ៅ”។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ទៀតថា "វីរជននយោបាយ រត់ចោលស្រុកដូចសម រង្ស៊ី នេះ ក្រៅពីទទួលលុយពួកយួនសេរី និងពួកម៉ុងតាញ៉ាយួនហើយ នឹងធ្វើអាជីវកម្មនយោបាយលើខ្មោចអ្នកគាំទ្រខ្លួននោះ នៅមានអាជីវកម្មធ្វើក្រដាសលក់ឲ្យអ្នកមានលុយណា ដែលចង់បានសិទ្ធិរស់នៅអាមេរិក និងអឺរ៉ុប ថែមទៀត ដោយក្រុមនេះធ្វើលិខិតថា អ្នកនោះជាសកម្មជនរបស់ខ្លួន ដែលរងការគំរាមកំហែងពីអ្នកមានអំណាចនៅស្រុកខ្មែរ មិនអាចវិលត្រឡប់មកស្រុកខ្មែរវិញបាន... ដោយធ្វើឯកសារលិខិតបែបនេះ យកលុយពីអ្នកមានលុយ កុហក់អាមេរិក កុហក់អឺរ៉ុប ដើម្បីដាក់សុំសិទ្ធិរស់នៅអាមេរិក ឬអឺរ៉ុប”។
សូមបញ្ជាក់ថា មកដល់ពេលនេះ លោក សម រង្ស៊ី មានឈ្មោះថា ជាជនក្បត់ជាតិ ដោយសារតែបានចុះហត្ថលេខាកាត់ទឹកដីកម្ពុជាចំនួន៤ខេត្តទៅឲ្យជនជាតិភាគតិចម៉ុងតាញ៉ា ហើយក្រៅពីនោះ សម រង្ស៊ី ក៏នៅមានបណ្តឹងយ៉ាងច្រើនទៀត ដែលធ្វើឲ្យអ្នកនយោបាយរូបនេះមិនអាចត្រឡប់ចូលស្រុកវិញបានឡើយ។ ចំណែកគណបក្សដែលខ្លួនគ្រប់គ្រងនោះ ក៏ត្រូវបានរំលាយផងដែរ ដោយសារតែស្នាដៃរបស់ខ្លួន៕
Source: Kampuchea Thmey Daily
0 Comments