សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានកោះហៅបេសកជនរបស់ខ្លួនមកពីបណ្តាប្រទេសអាមេរិកឡាទីន ដែលកាលពីពេលថ្មីៗនេះ បានផ្លាស់ប្តូរទំនាក់ទំនងការទូតពីកោះតៃវ៉ាន់ទៅប្រទេសចិនដោយនិយាយថា ខ្លួននឹងធ្វើការពិគ្រោះយោបល់ជាមួយអ្នកការទូត។
ការកោះហៅនេះបានកើតឡើងបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ក្រុងប៉េកាំងកាលពីខែមុនថា បង្កអស្ថិរភាពដល់ទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រនិងចូលរួមក្នុងយុទ្ធនាការ “ជ្រៀតជ្រែកនយោបាយ” ដោយការប្រមាញ់សម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់នៅអឌ្ឍគោលខាងលិច។
សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងកាលពីថ្ងៃសុក្រថា “ក្រសួងការបរទេសបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅសាធារណៈរដ្ឋដូមីនិក Robin Bernstein, ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអែលសាល់វ៉ាឌ័រ Jean Manes និងភារធារីអាមេរិកនៅប្រទេសប៉ាណាម៉ា Roxanne Cabral”។
សេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងថា “នាយកបេសកកម្មចំនួនបីរបស់យើងនឹងជួបជាមួយមេដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីវិធីដែលសហរដ្ឋអាមេរិកអាចគាំទ្រដល់ស្ថាប័ននានានិងវិស័យសេដ្ឋកិច្ចនៅទូទាំងតំបន់អាមេរិកកណ្តាលនិងការ៉ាប៊ីន”។
តៃវ៉ាន់និងចិនបានជាប់ពាក់ព័ន្ធជាច្រើនឆ្នាំមកហើយក្នុងសង្គ្រាមការទូតក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ខណៈដែលការគាំទ្រផ្នែកសេដ្ឋកិច្ចនិងជំនួយដទៃទៀតជាញឹកញាប់ត្រូវបានប្រើជាគោលដៅសម្រាប់ការទទួលស្គាល់ផ្នែកការទូត។
ក្រុងប៉េកាំងបានមើលឃើញកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលនឹងត្រូវនាំយកមកវិញហើយមិនដែលច្រានចោលការប្រើកម្លាំងដើម្បីយកវាមកវិញនោះទេ។
ទំនាក់ទំនងរវាងក្រុងតៃប៉ិនិងក្រុងប៉េកាំងកាន់តែអាក្រក់ឡើងចាប់តាំងពីលោកស្រី Tsai Ing-wen ឡើងកាន់អំណាចក្នុងឆ្នាំ២០១៦នៅពេលដែលរដ្ឋាភិបាលរបស់លោកស្រីបដិសេធទទួលស្គាល់ថា តៃវ៉ាន់គឺជាផ្នែកមួយនៃគោលការណ៍ “ចិនតែមួយ”៕ AFP
Source: Kampuchea Thmey Daily
0 Comments