Ad Code

លោក​ស្រី​ហ៊ុន ​ស៊ីណាត ផ្ដាំ​មិត្ត​រួម Facebook ជួយ​មើល​មុខ​វាំង​ផង ​ខ្លាច​មាន​ឧកញ៉ា​លុប​ទន្លេ​យក​ដី



ភ្នំពេញ ​៖ ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បាន​ផុស​ស៊ែ​ និង​ខម​មិន​រិះគន់​តៗ​គ្នា​កក្រើក​យ៉ាងខ្លាំង​អំពី​បញ្ហា​ការ​ចាក់ដី​រំលោភ​យក​ព្រែក​ទន្លេ​បឹងបួ ជាពិសេស​ចាក់​លុប​ឆ្នេរសមុទ្រ​ធម្មជាតិ​នៅ​ខេត្ត​ព្រះសីហនុ​ពី​សំណាក់​អ្នក​មាន​អំណាច និង​ឧកញ៉ាៗ​ជាដើម។

ប្រការនេះ​ បានធ្វើឱ្យ​រសើប​ដល់​មន្ត្រី​ពាក់​ព័ន្ធ​មួយចំនួន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់​ផង​ដែរ ប៉ុន្តែ​ការ​ចុះពិនិត្យ​រយៈពេល​មួយ​សប្តាហ៍​ហើយ​ហាក់ដូចជា​ស្ងាត់បាត់​ទៅវិញ​ឈឹង​តែម្តង ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មានការ​ចង់​ដឹង​លទ្ធផល​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​របស់​លោក​ទេសរដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​ និង​សំណង់​ ដែល​ចុះ​លុយ​ភក់​ដើរ​មើល​គេ​ចាក់​រំលោភ​យក​ឆ្នេរសមុទ្រ​ធម្មជាតិ​នោះ។

ជាមួយគ្នា​នោះ​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​នាក់​ដែល​តែងតែ​ធ្វើការ​រិះគន់​ឥត​សំចៃមាត់​ទៅលើ​មន្ត្រី​ និង​ឧកញ៉ា​ខិលខូច​មួយចំនួន ​ដែល​ឃុបឃិត​គ្នា​លេប​ដី​មិន​ចេះ​ឆ្អែត។ ក្នុងនោះ​ក៏មាន​លោកស្រី ហ៊ុន​ ស៊ីណាត​ផងដែរ លោកស្រី​គឺជា​ប្អូនស្រី​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លោកស្រី​តែងតែ​ធ្វើការ​រិះគន់​ទៅលើ​មន្ត្រី​អសកម្ម​ទាំងឡាយ​ផងដែរ។

ជាក់ស្តែង​កាលពី​ថ្ងៃទី​២៥​ ខែកញ្ញា ​ឆ្នាំ​២០១៨ ខណៈ​លោកស្រី​ហ៊ុន​ ស៊ីណាត​ធ្វើដំណើរ​ទៅលេង​កូនចៅ​នៅ​សហរដ្ឋអាមេរិក នៅពេល​មក​ចាំ​ឡើង​យន្តហោះ​នៅ​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ លោកស្រី​បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់លោក​ស្រី​ដោយ​ផ្តាំផ្ញើ​ទៅ​មិត្ត​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ថា ផែនដី​មូល​មែន​បាន​ជួប​ញាតិ​ច្រើនណាស់​ថ្ងៃនេះ​រួម​ដំណើរ​ជាមួយគ្នា​ទៅ​អាមេរិក សូម​ជម្រាបលា​មិត្ត​រួម​Facebook មួយរយៈ​សិន​ហើយ​។​ « សូម​ផ្ដាំ​មិត្ត​រួម Facebook ជួយ​មើលមុខ​វាំង​ផង​ខ្លាច​មាន​ឧកញ៉ា​លុប​ទន្លេ​យក​ដី​ទៀត​ទុក​សម្រាប់​បុណ្យ​អុំ​ទូក​ពីព្រោះ​ជិត​ដល់​ខែ​អុំ​ទូក​ហើយ »។

លោកស្រី ហ៊ុន​ ស៊ី​ណាត សរសេរ​បង្ហោះ​បែបនេះ ក្នុង​បំណង​ឌឺដង ស៊កសៀត​ ចំអក​ឱ្យ​លោក ឧកញ៉ាៗ​ និង​អ្នក​មាន​អំណាច​ទាំងឡាយ​ ដែល​តែងតែ​រំលោភ​យក​ដី​ប្រជារាស្ត្រ​ស្លូតត្រង់​ និង​ដី​ទន្លេ​បឹងបួ​ ​ឬ​ឆ្នេរសមុទ្រ​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដោយ​ឥត​អៀនខ្មាស​នោះ ដើម្បី​ឱ្យ​ពួក​ជន្លេន​ស៊ី​ដី​ទាំងនោះ​ចេះ​អៀនខ្មាស​ផង ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu