មនុស្សរាប់ពាន់នាក់នៅតំបន់ Georgetown នៃរដ្ឋ South Carolina ត្រូវបានគេជំរុញឲ្យជម្លៀសចេញពីផ្ទះរបស់ពួកគេកាលពីថ្ងៃអង្គារនៅពេលទឹកភ្លៀងដែលបណ្តាលមកពីព្យុះសង្ឃរា Florence បានធ្វើឲ្យទឹកទន្លេឡើងហើយគំរាមកំហែងជន់លិចសង្កាត់មួយចំនួន។
ទន្លេ Georgetown, Great Pee Dee និង Sampit បានឡើងយ៉ាងខ្លាំងដោយសារតែព្យុះ Florence ដែលវាយប្រហារកាលពីថ្ងៃទី១៤ខែកញ្ញាក្នុងនាមជាព្យុះប្រភេទ១ដោយសម្លាប់មនុស្ស៤៦នាក់នៅក្នុងរដ្ឋចំនួនបី។
ប៉ុន្ដែទីក្រុងកំពង់ផែដែលមានប្រជាជនជាង៩,០០០នាក់មួយនេះគឺស្ថិតនៅលើផ្លូវនៃអ្វីដែលសេវាអាកាសធាតុជាតិបាននិយាយថា អាចមានទឹកជំនន់យ៉ាងខ្លាំងនៅពេលទឹកដែលទម្លាក់ដោយប្រព័ន្ធព្យុះនេះហូរឆ្ពោះទៅកាន់មហាសមុទ្រ។
លោក Randy Akers អនុប្រធានផ្នែកព័ត៌មានសាធារណៈរបស់តំបន់ Georgetown បាននិយាយថា “យើងកំពុងជំរុញឲ្យមនុស្សយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍នេះឲ្យបានម៉ត់ចត់។ យើងរំពឹងថា ទឹកជំនន់នេះនឹងអាក្រក់ជាងព្យុះសង្ឃារា Matthew កាលពីពីរបីឆ្នាំមុនទៅទៀត។ យើងតែងតែជំរុញឲ្យមនុស្សត្រៀមលក្ខណៈសម្រាប់អ្វីដែលនឹងក្លាយជារឿងអាក្រក់បំផុត”។
លោក Akers បាននិយាយថា មនុស្សពី៦,០០០នាក់ទៅ៨,០០០នាក់ត្រូវបានជំរុញឲ្យចាកចេញប៉ុន្តែវាមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់នឹងធ្វើដូច្នេះ។
សេវាឧតុនិយមជាតិបានឲ្យដឹងថា ផ្នែកខ្លះនៃទីក្រុង Georgetown អាចលិចទឹករហូតដល់១០ហ្វីតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះខណៈដែលទឹកទន្លេ Pee Dee និង Waccamaw បានលិចច្រាំងហើយទឹកជំនន់នេះបានគំរាមកាត់ផ្តាច់ផ្លូវហាយវ៉េនិងសហគមន៍។
នៅរដ្ឋ North Carolina, លោកអភិបាល Roy Cooper បាននិយាយកាលពីថ្ងៃចន្ទថា ទន្លេចំនួនប្រាំពីរនៅភាគអាគ្នេយ៍នៃរដ្ឋនេះគឺស្ថិតក្នុងដំណាក់កាលទឹកជំនន់ធំធេងនិងទន្លេបីផ្សេងទៀតនៅដំណាក់កាលល្មម៕ REUTERS
[caption id="attachment_980807" align="alignnone" width="700"] [/caption]
Source: Kampuchea Thmey Daily
0 Comments