Ad Code

លោក Abe ទទួល​ការស្វាគមន៍​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រទេស​ចិន​ដ៏​កម្រ​



នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​ត្រួតពិនិត្យ​កងទ័ព​នៅឯ​ទីលាន Tiananmen របស់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​សុក្រ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​ទៅកាន់​ប្រទេស​ចិន​ស្របពេល​ចំណងទាក់ទង​ត្រូវបាន​កែលម្អ​បន្ថែម​ទៀត ហើយ​ប្រទេស​ទាំងពីរ​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រឈម​ផ្នែក​ពាណិជ្ជកម្ម​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump។

​លោក Li Keqiang បាន​ស្វាគមន៍​លោក Abe ខណៈ​ទង់ជាតិ​ជប៉ុន​បាន​បក់​នៅ​ខាងក្រៅ​វិមាន Great Hall of the People ហើយ​អ្នក​ទាំង​ពីរបាន​ពិនិត្យមើល​ឆ្មាំ​កិត្តិយស​មុនពេល​ចូលទៅ​ខាងក្នុង​សម្រាប់​កិច្ចពិភាក្សា​។​

ទំនាក់ទំនង​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​របស់​អាស៊ី​មាន​ភាពប្រសើរឡើង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បន្ទាប់ពី​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ថ្មី​កាលពី​ឆ្នាំ​២០១២​នៅពេល​ទីក្រុង​តូ​ក្យូ​កាន់កាប់​កោះ​ជម្លោះ​ដែល​ក្រុង​ប៉េកាំង​ទាមទារ​។​

ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​ភាពល្អប្រសើរ​យ៉ាង​ឆាប់រហ័ស​នៅពេល​លោក Trump ដាក់​ពន្ធ​នាំចូល​យ៉ាងច្រើន​ទៅលើ​ប្រទេស​ចិន​ហើយ​គាត់​ក៏​កំពុង​តម្រង់​គោលដៅ​ទៅលើ​ការនាំចេញ​របស់​ជប៉ុន​ផងដែរ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គាត់​ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក​ថ្វីបើ​គាត់​អួតអាង​អំពី​ចំណងទាក់ទង​ផ្ទាល់ខ្លួន​ជាមួយ​លោក Abe និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ក៏ដោយ​។​

លោក Abe និង​លោក Xi ត្រូវបាន​គេ​រំពឹងថា​នឹង​ពិភាក្សា​ពី​របៀប​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​និង​ទី​បី​របស់​ពិភពលោក​នៅពេល​ពួកគេ​ជួបគ្នា​។​
​លោក Abe បាន​នាំ​គណៈប្រតិភូ​មកពី​ក្រុមហ៊ុន​ជប៉ុន​ចំនួន​៥០០​ដែល​ចង់​ចូល​ទីផ្សារ​ចិន​ដ៏​ធំ​ខណៈ​ទីក្រុង​ប៉េកាំង​ចាប់អារម្មណ៍​នឹង​បច្ចេកវិទ្យា​និង​ចំណេះធ្វើ​សាជីវកម្ម​របស់​ប្រទេស​ជប៉ុន​។​

អ្នក​ទាំងពីរ​ទំនងជា​ផ្តោតលើ​កិច្ចព្រមព្រៀង​ក៏មាន​សក្តានុពល​ជាច្រើន​រួមទាំង​ការវិនិយោគ​រួម​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​ក្នុង​តំបន់​រួមមាន​ឥណ្ឌូនេស៊ី​និង​ហ្វីលីពីន​ផងដែរ​។​

គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ចុងក្រោយ​បំផុត​ទៅកាន់​ទីក្រុង​ប៉េកាំង​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន​មួយរូប​គឺ​នៅក្នុង​ឆ្នាំ​២០១១​។​
​ចាប់តាំងពី​ការ​ទាស់​គ្នា​ក្នុង​ឆ្នាំ​២០១៤​រវាង​លោក Abe និង​លោក Xi នៅ​ខាងក្រៅ​សន្និសីទ​កំពូល​មួយ​មក មានដំណើរ​ទស្សនកិច្ច​នានា​ពី​សំណាក់​ភាគី​ទាំងពីរ​និង​ការបន្ធូរបន្ថយ​វោហា​សាស្ត្រ​។ លោក Li បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ខែឧសភា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu