Ad Code

ក្រសួង​អប់រំ ​នឹង​បង្កើន​គុណភាព​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ដល់​សិស្ស​ចាប់ពី​កម្រិត​បឋម​ដល់​អនុវិទ្យាល័យ



ភ្នំពេញ ​៖​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​បង្កើន​គុណភាព​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ដល់​សិស្ស​ចាប់ពី​កម្រិត​បឋម​សិក្សា​ដល់​អនុវិទ្យាល័យ​ដើម្បី​ជួយ​ឲ្យ​សិស្ស​មាន​សមត្ថភាព​ផ្នែក​ភាសា​អង់គ្លេស​នេះ​កាន់តែ​ខ្ពស់​ថែមទៀត​ងាយស្រួល​ក្នុងការ​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ​សម្រាប់​ការសិក្សា។

ថ្លែង​នៅក្នុង​ពិធី​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ជាមួយ​អង្គការ​សកម្មភាព​សម្រាប់​បឋម​សិក្សា​នៅ​កម្ពុជា​និង​អង្គការ​មូលនិធិ​អាស៊ី​នៅ​ទីស្តីការក្រសួង លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​ការពង្រឹង​គុណភាព​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​នេះ​គឺធ្វើឡើង​តាមរយៈ​ការចែក​សៀវភៅ​ភាសា​អង់គ្លេស​នៅតាម​បណ្ណាល័យ​នៅក្នុង​សាលា​នានា​ដើម្បី​ឲ្យ​សិស្ស​មាន​ទម្លាប់​ការអាន​សៀវភៅ​សម្រាប់​បង្កើន​ចំណេះដឹង​ទាក់ទិន​នឹង​ផ្នែក​ភាសា​អង់គ្លេស​នេះ​កាន់តែ​ប្រសើរ​។​



លោក រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​អង្គការ​ជា​ដៃគូ​ធ្វើការ​ចែកចាយ​សៀវភៅ​ភាសា​អង់គ្លេស​នេះ​ឲ្យ​បាន​គ្រប់​សាលា​គោលដៅ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាច​មាន​លទ្ធភាព​ទទួល​បាន​សៀវភៅ​សម្រាប់​អាន​ឲ្យ​បាន​គ្រប់ៗ​គ្នា។

​លោក សៅ វណ្ណា នាយក​ប្រតិបត្តិ​អង្គការ​សកម្មភាព​សម្រាប់​បឋមសិក្សា​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​តាម​គម្រោង​អង្គការ​នឹង​ចែកចាយ​សៀវភៅ​ភាសា​អង់គ្លេស​ប្រមាណ​៣​សែន​ក្បាល​នៅតាម​បណ្ណាល័យ​ដែល​សាលា​កម្រិត​បឋមសិក្សា​និង​អនុវិទ្យាល័យ​នៅ​ជាមួយគ្នា​និង​មាន​បណ្ណារក្ស​ធ្វើការ​ពេញ​ម៉ោងជាង​១​ពាន់​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល​៥​ឆ្នាំ​ដើម្បី​ឲ្យ​សិស្ស​អាចមាន​លទ្ធភាព​បា​ន​អាន​សៀវភៅ​ភាសា​អង់គ្លេស​កាន់តែច្រើន ។​

លោក​បាន​បន្ថែមទៀតថា​ទន្ទឹម​នឹងដាក់​នៅតាម​បណ្ណាល័យ​អង្គការ​ក៏បាន​បណ្តុះបណ្តាល​ដល់​ប​ណ្ណា​រក្ស​នៅតាម​សាលា​គោលដៅ​ផងដែរ​ដើម្បី​ឲ្យ​ពួកគេ​ចេះ​ពី​របៀប​ទុកដាក់​និង​ថែរក្សា​សៀវភៅ​ឲ្យ​បានល្អ​និង​ការរក​សៀវភៅ​ដល់​សិស្ស​ជាដើម​។​

លោកស្រី មេ​ឡូ​នី លីន​ប៊ឺ​ក តំណាង​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​ការដែល​អង្គការ​ផ្តល់​សៀវភៅ​ភាសា​អង់គ្លេស​នេះ​ដល់​សាលា​កម្រិត​អនុវិទ្យាល័យ​នេះ​គឺ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​សិស្សានុសិស្ស​ដែល​កំពុងមាន​ការខ្វះខាត​សៀវភៅ​ភាសា​អង់គ្លេស​នៅតាម​បណ្ណាល័យ​ក៏ដូចជា​ចូលរួម​លើកកម្ពស់​ទំលាប់​ការអាន​របស់​សិស្ស​និង​ពង្រឹង​ចំណេះដឹង​សិស្ស​ទៅលើ​គុណភាព​អប់រំ​ផ្នែក​ភាសា​អង់គ្លេស​ផងដែរ​។​

លោកស្រី​បាន​បន្តថា​«​អង្គការ​មូលនិធិ​អាស៊ី​មាន​ក្តី​សោ​មនុស្ស​រីករាយ​ក្នុងការ​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​លើកកម្ពស់​ការអាន​ក៏ដូចជា​ភាសា​អង់គ្លេស​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

គួរ​បញ្ជាក់ថា​កិច្ចព្រមព្រៀង​ស្តីពី​ចែកចាយ​សៀវភៅ​ភាសា​អង់គ្លេស​ដល់​សាលា​អនុវិទ្យាល័យ​នេះ​មាន​រយៈពេល​៥​ឆ្នាំ​គឺ​ចាប់ពី​ខែមករា​ឆ្នាំ​២០១៨​រហូតដល់​ថ្ងៃ​ទី​៣១ ​ខែធ្នូ​ ឆ្នាំ​២០២២​ខាងមុខនេះ ​ដោយ​ចំណាយ​ថវិកា​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិក ​ដែល​ជា​ថវិកា​រួមគ្នា​រវាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​អង្គការ​មូលនិធិ​អាស៊ី។

ថវិកា​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរិក​នេះ​ឆ្នាំ​ទី​១​អង្គការ​មូលនិធិ​អាស៊ី​ចំណាយ​១០០​ភាគរយ​ឆ្នាំ​ទី​២​ចំណាយ​៧០​ភាគរយ​ក្រសួង​អប់រំ​ចូលរួម​ចំណាយ​៣០​ភាគរយ​ឆ្នាំ​ទី​៣​អង្គការ​ចំណាយ​៥០​ភាគរយ​ក្រសួង​៥០​ភាគរយ​ឆ្នាំ​ទី​៤​អង្គការ​ចំណាយ​៣០​ភាគរយ​ក្រសួង​ចំណាយ​៧០​ភាគរយ​ និង​ឆ្នាំ​ទី​៥​អង្គការ​ចំណាយ​២០​ភាគរយ​ក្រសួង​ចំណាយ​៨០​ភាគរយ៕
​ 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu