ភ្នំពេញ ៖ កាលពីរាត្រីម៉ោង១២:២០នាទីយប់ ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុង ព្រុចសែល ប្រទេសប៊ែលហ្ស៊ិក និង កិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ២៤ តុលា ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២ នឹងប្រព្រឹត្តទៅក្រោមមូលបទ «អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈម សកល» មានគោលបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប ខណៈពេលដែលតំបន់ទាំងពីរជំរុញកសាងកម្លាំងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាច្រើន ចាប់ពីការបង្កើនពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រែបម្រួលអាកាសធាតុ ជាដើម។
ក្នុងសម័យប្រជុំពេញអង្គ ដែលមានមូលបទរង «ពង្រឹងប្រព័ន្ធពហុនិយម៖ ជំរុញភាពជាដៃគូអាស៊ី-អឺរ៉ុបអំពីការប្រឈមសកល» សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងបទអន្តរាគមន៍ដោយផ្តោតទៅលើប្រធានបទ៖ «របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន»។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបែលហ្ស៊ិក និងប្រទេសស្វីស សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំសំខាន់ៗជាច្រើនរូប និងថ្នាក់ដឹកនាំគណៈប្រតិភូដទៃទៀត។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរ និងសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសបែលហ្ស៊ិក និងប្រទេសស្វីស ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments