ភ្នំពេញ ៖ ដោយសារតែអាងស្បែករៀងៗខ្លួនពេលជិះម៉ូតូបុកគ្នាប្រាវ មិនគិតនាំគ្នាដោះស្រាយសម្រួលគ្នាទេ បែរជាឈ្លោះប្រកែកគ្នាតឹងសរសៃកដាក់គ្នាមួយប្រាវសិន ទោះបីភាគីម្ខាងៗមានរបួសធ្ងន់ស្រាលរៀងៗខ្លួនក៏ដោយចុះ នៅទីបំផុតដោះស្រាយគ្នាអត់ត្រូវដដែល។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ទី៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងស្ថិតនៅក្នុងបុរីប៊ុន ហួរ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុភាគីទាំងសងខាងជិះម៉ូតូបញ្ច្រាសទិសគ្នាដោយភាគីខាងសន្តិសុខជិះម៉ូតូម៉ាកវីវ៉ាពាក់ស្លាកលេខភ្នំពេញ 1C-6892 ជិះគ្នា២នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ ចំណែកភាគីយោធាជិះម៉ូតូធំម៉ាក SZពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-4386 ជិះបញ្ច្រាសទិសគ្នាពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ភាគីទាំងសងខាងមិនដឹងមូលហេតុអ្វីទើបមកពន្លះគ្នាចំកណ្តាលទ្រូងផ្លូវបណ្តាលឲ្យដួលទាំងសងខាងដោយភាគីខាងសន្តិសុខរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ និង ខាងមន្ត្រីយោធារងរបួសស្រាលម្នាក់។
ក្រោយពេលកើតហេតុ ពួកគេបានជជែកឈ្លោះគ្នាមួយប្រាវផ្អើលដល់អ្នករស់នៅក្បែរនោះនាំគ្នាចេញមកមើល ហើយអ្នករបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់អង្គភាព៧១១ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកភាគីរងរបួសស្រាលនៅដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុតែដោយសារតែធ្វើការដោះស្រាយគ្នាមិនត្រូវទើបរាយការណ៍ទៅកម្លាំងនគរបាលមូលដ្ឋានជួយអន្តរាគមន៍ តែនៅតែត្រូវរ៉ូវគ្នាទើបរាយការណ៍ទៅជំនាញចរាចរណ៍ខណ្ឌបន្តដើម្បីធ្វើការវាស់វែងយកមករក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments