Ad Code

ប្ដី​ចិន​ប្រពន្ធ​ខ្មែរ ជាប់ចោទ​ជួញដូរ​មនុស្ស​ឆ្លងដែន



ភ្នំពេញ​ ៖​ បុរស​ជនជាតិ​ចិន​ម្នាក់ ​និង​ស្ត្រី​ខ្មែរ​ម្នាក់ ជា​ប្ដី​ប្រពន្ធ ត្រូវបាន ចាប់ខ្លួន​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៥​ ខែ​តុលា ពាក់​ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លងដែន ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន ដោយ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ខុសច្បាប់។

បុរស​ជា​ប្តី​ឈ្មោះ ឈិន លាង អាយុ​៣២​ឆ្នាំ ជា​ជន​ជាតិចិន និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ អ៊ុក ចាន់ធូ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៧ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ទាក់ទិន​នឹង​ការបញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ត្រូវបាន​មន្ត្រីនគរបាល​ឲ្យ​ដឹងថា គឺជា​ការធ្វើ​ឡើង​តាម​ពាក្យបណ្តឹង របស់​ជនរងគ្រោះ​ម្នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចិន បណ្តេញ​ឲ្យ​មក​ស្រុក ខ្មែរ​វិញ និង បណ្តឹង​របស់​ជន​រងគ្រោះ​៦ នាក់​ទៀត ដែល​ខ្លះ​កំពុង​ជាប់ឃុំ​នៅ​ប្រទេស​ចិន​នោះ។ ដើមចម នៃ រឿងនេះ កាលពី​ចុងឆ្នាំ​២០១៧ ជនសង្ស័យ​ឈ្មោះ ឈិន លាង បានទទួល​បញ្ជា​​ពី​ឈ្មោះ អ៊ូ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ចិន និង ជា​ថៅកែ​កាស៊ីណូ​ខុសច្បាប់​នៅ​សង្កាត់​ឃុន​សាន ក្រុង​ស៊ូ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ឲ្យ​ជួយ​រក​ម​នុស្ស​ពី​ស្រុក​ខ្មែរ ដើម្បី​ទៅ​ធ្វើ​ការ​នៅក្នុង​កាស៊ីណូ​របស់​គេ បើ​រក​មនុស្ស​ បាន​ហើយ រាល់​ការ​ចំណាយ​ផ្សេងៗ គឺ​គេ​(​អ៊ូ​)​ជា​អ្នក​ចេញ​ទាំងអស់។

បន្ទាប់ពី​ទទួល​បាន​ការណែនាំ​នេះ ឈ្មោះ ឈិន លាង បាន​ប្រាប់​ប្រពន្ធ​ខ្មែរ​មានឈ្មោះ អ៊ុក ចាន់ធូ ឲ្យ​ជួយ​ផ្សព្វផ្សាយ និង ជ្រើសរើស​រក​មនុស្ស​ដើម្បី​ទៅធ្វើ​ការ​នៅ​ទីនោះ។

មន្ត្រីនគរបាល​បន្តថា ពេល​ឈ្មោះ អ៊ុក ចាន់ធូ បាន​ព័ត៌មាន​នេះ​ពី​ប្តី​ហើយ ក៏​ទាក់ទង​ឈ្មោះ ម៉ា​ទូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​មិន​ស្គាល់​អាសយដ្ឋាន​) ធ្លាប់​ធ្វើការ​នៅ​កាស៊ី​ណូ​ក្នុងស្រុក​ខ្មែរ ឲ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត និង បាន​ឲ្យ​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង ពី​ខ្លឹមសារ​ឃោសនា។ ក្រោយមក​ឈ្មោះ អ៊ុក ចាន់ធូ បានជ្រើសរើស​រក​មនុ​ស្ស​បាន​៧ នាក់ មាន​១.​ឈ្មោះ ទូច ប៊ុនហេង ២.​ឈ្មោះ សុខ ណា​រ៉ា​យ ៣.​ឈ្មោះ សៅ រស្មី ៤.​ឈ្មោះ ហេង ឪ​ទី ៥.​ឈ្មោះ ជឺ ច័ន្ទ​ណា ៦.​ឈ្មោះ ទឹម ផាន់​ណា និង ៧.​ឈ្មោះ សូ ឡេង​ស្រេង (​ក្នុងនោះ​មាន​ប្រុស​៤ នាក់ ស្ត្រី​៣​នាក់​) ។ ជនសង្ស័យ​ឈ្មោះ អ៊ុក ចាន់ធូ បាន​និយាយ​បញ្ចុះបញ្ចូល​ទៅកាន់​មនុស្ស​៧ នាក់​នោះ​ថា គេ​យកទៅ​ធ្វើការ​នៅ​កាស៊ីណូ​ប្រទេស​ចិន ដោយ​សន្យា​ឲ្យ​ប្រាក់ខែ​ម្នាក់​១ ២០០​ដុល្លារ​អាមេរិក​ក្នុង​១​ខែ ហើយ​ការ​ចំណាយ​ការ​ផ្សេងៗ ដូចជា​សំបុត្រ​យន្តហោះ និង លិខិតឆ្លងដែន ថៅកែ​កាស៊ីណូ​គេ​ចេញ​ទាំងអស់។ ផ្ទុយទៅវិញ​ក្រោយពេល​នាំ​ជនរងគ្រោះ​ទាំង​៧ នាក់​ទៅដល់​ស្រុក​ចិន ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើការ​ងារ​ខុស​គោលដៅ និង មិនបាន​ប៉ុន្មាន​ខែ​ផង ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់​ដាក់គុក ពី​បទ​ស្នាក់នៅ​ខុសច្បាប់​អន្តោប្រវេសន៍។

ជាក់ស្តែង​ស្ត្រី​ម្នាក់​ដែល​ត្រូវគេ​យកទៅលក់ ឲ្យ​បម្រើ​ផ្លូវភេទ​តៗ គ្នា​រហូត​មាន​គតិ​ក្នុង​ផ្ទៃ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចិន ចាប់បញ្ជូន​ឲ្យ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ នោះ​ជា​សំណាង​ដែល​នាង​មាន​ផ្ទៃពោះ។ សំណុំរឿង​ជនសង្ស័យ​ពីរ​នាក់​ប្តី កំពុង​ស្ថិតនៅ​ដំណាក់កាល តំណាង​អយ្យការ​សាលាដំបូង​ធ្វើការ​សាកសួរ និង ក្រោយពី​សាកសួរ​ចប់សព្វគ្រប់ ទើប​ចោទប្រកាន់​ជា​ផ្លូវ​ការ​ ដើម្បី​ចាត់​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់គុក​ជា​បណ្ដោះអាសន្ន​សិន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu