Ad Code

ឡៅ​ចន្ទ្រា សាក​កណ្តាប់ដៃ​ជាមួយ Khum Phit នៅ​សង្វៀន​SEATV



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ ដែល​មុន​នេះ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Kamlaypit លើ​សង្វៀន​SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ទី​០៦​ ខែ​តុលា​ឆ្នាំ​២០១៨​នោះ ត្រូវបាន​ប្តូរ​អោយ​ជួប​ជាមួយ​Khum Phit វិញ​ហើយ។

លោក​ញាណ សុធី អ្នក​ផ្គូផ្គង​កីឡាករ​ប្រដាល់​ប្រចាំ​SEATV បាន​ប្រាប់​អោយដឹងថា មូលហេតុ​ដែល​ប្តូរ​កីឡាករ​ថៃ​ពី​Kamlayphit មក​ដាក់​Khum Phit វិញ​នេះ ដោយសារតែ​ពិនិត្យឃើញ​អ្នក​ប្រដាល់​ថៃ​Kamlayphit​រូបនេះ ទើបតែ​ប្រកួត​កាលពី​សប្តាហ៍​មុន​ជាមួយ​ធឿន ធារ៉ា ហើយ​មួយ​សប្តាហ៍​មុននេះ គេ​ក៏​ឡើង​ប្រកួត​ជាមួយ​ឡៅ ចន្ទ្រា​ម្តង​ហើយ​ដែរ គឺ​គេ​ប្រកួត​ជាប់ៗ​គ្នា​ពេក​សឹងតែ​រាល់​សប្តាហ៍​ទៅហើយ។

Khum Phit នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ​កាលពី​២​ឆ្នាំមុន ដោយ​វាយ​ចាញ់​រឿង សោ​ភ័​ណ្ឌ ក្លិប​មកុដ​រាជសីហ៍ ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។ យ៉ាងណា Khum Phit ជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ស្រុក​ថៃ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ផង​ដែរ។ នេះ​បើ​តាម​ប្រវត្តិ​របស់​Khum Phit ។

ទោះជា​យ៉ាងណា ការប្រកួត​លើក​នេះ ឡៅ ចន្ទ្រា មិនអាច​ធ្វេសប្រហែស​នឹង​Khum Phit បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ មិន​សាមញ្ញ​នោះ​ទេ ឆ្លងតាម​ការប្រកួត​ជាមួយ​រឿង សោ​ភ័​ណ្ឌ កន្លងមក​នោះ។

លោក ញាណ សុធី បាន​ឲ្យ​ដឹង​ទៀតថា Khum Phit​នេះ មាន​ប្រវត្តិ​ប្រកួត​តែ​ចំនួន​៦៩​លើក​ប៉ុណ្ណោះ ក្នុង​នោះ​វាយ​ឈ្នះ​៥៧​លើក ចាញ់​១០​លើក និង​ស្មើ​០២​លើក។ ចំណែក ឡៅ ចន្ទ្រា មានកំនត់​ត្រា​ប្រកួត​ចំនួន​១១០​លើក ឈ្នះ​១០០​លើក ចាញ់​១០​លើក មិនដែល​ស្មើ។

យ៉ាងណា​សម្រាប់​ការ​ជួបគ្នា​រវាង​ឡៅ ចន្ទ្រា និង Khum Phit នេះ គេ​រំពឹង​ថា ឡៅ ចន្ទ្រា នឹង​ឈ្នះ​ការប្រកួត​នេះ។ ដូច្នេះ​ចាំមើល តើ​ឡៅ ចន្ទ្រា អាច​យកឈ្នះ​Khum Phit បាន​មែនឬ​អត់​សម្រាប់​ជំនួប​លើកដំបូង​នេះ ?៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu