កែវ រំចង់ អ្នកប្រដាល់ក្លិបដំបងគ្រញូងមានរិទ្ធខេត្តបាត់ដំបង ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ដាបម៉ន ភុមផានមួង នៅយប់ថ្ងៃអាទិត្យទី១៤ តុលា ២០១៨នេះ លើសង្វៀនបាយ័នស្ទឹងមានជ័យ។ អ្នកប្រដាល់ទាំងពីរនេះ ជួបប្រកួតក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម។
ដាបម៉ន ភុមផានមួង នេះ គេជាម្ចាស់ខ្សែក្រវាត់នៅប្រទេសថៃតែគេមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេកន្លងមក។ បើតាមអ្នកដឹកនាំមកប្រកួត ថា អ្នកប្រដាល់ថៃរូបនេះ គេមិនធម្មតានោះឡើយ។ ដាបម៉ន ភុមផានមួង ជាអ្នកប្រដាល់ជើងខ្លាំង មានឈ្មោះបោះសម្លេងនៅស្រុកថៃ។
ទោះជាយ៉ាងណា អ្នកប្រដាល់ថៃរូបនេះ មកជួបកែវរំចង់ គឺមិនជាអ្នកខ្សោយនោះឡើយ ទើបអាចផ្គូអោយជួបជាមួយកែវ រំចង់បាន ។ ប៉ុន្តែយ៉ាងណា អ្នកប្រដាល់ថៃដែលមកជួបកែវ រំចង់កន្លងមក សុទ្ធតែអះអាងថាជាជើងខ្លាំងនោះ សុទ្ធតែត្រូវកែវរំចង់ ផ្តួលយកឈ្នះបានដែរ ។
កែវ រំចង់ គេមានកំនត់ត្រាប្រកួតចំនួន១៥៩លើក ក្នុងនោះ ឈ្នះ១៤៤ លើក ចាញ់១១លើក និងស្មើ៤លើក ហើយរំចង់ធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បានចំនួន១៧លើក។ ការប្រកួតចុងក្រោយនេះ រំចង់បានវាយឈ្នះអ្នកប្រដាល់ជើងខ្លាំងថៃយ៉ូឃីដាំ ស.សួយង៉ាម ក្នុងទឹកទី៥ កាលពីថ្ងៃទី២១កញ្ញា២០១៨ កន្លងទៅនេះ។
កែវ រំចង់ គេខ្លាំងកណ្តាប់ដៃ និងវាយសម្រុកលឿន រហ័ស ដែលដៃគូពិបាកនឹងទប់ទល់ណាស់ ។ ដូច្នេះចាំមើល តើនរណាឈ្នះនៅក្នុងការជួបគ្នារវាង កែវ រំចង់ និង ដាបម៉ន ភុមផានមួង នេះ ? ។
សម្រាប់ការប្រកួតគូអន្តរជាតិនារីវិញ វី ស្រីខួច កីឡាការិនីប្រដាល់ក្លិបនាគរាជមានជ័យ នឹងទទួលស្វាគមន៍កីឡាការិនីហុល្លង់ រ៉ូស សាណេ ។ កីឡាការិនីហុល្លង់រ៉ូស សាណេ មិន ធ្លាប់មកប្រកួតនៅស្រុកខ្មែរទេកន្លងមក ។ ដូច្នេះ មិនដឹងថាអ្នកប្រដាល់ស្រីហុល្លង់ម្នាក់នេះ ខ្លាំងឬអន់ខ្សោយ នោះទេ?។
តាមពិត វី ស្រីខួច ត្រូវបានគេកត់សម្គាល់ថា រឹងមាំនិងខ្លាំង និងធ្លាប់ផ្តួលកីឡាការិនីថៃច្រើននាក់មកហើយ ។ ស្រីខួច មានកម្លាំងស៊ុហ្វរឹងមាំ គួបផ្សំនឹងមានបទពិសោធន៍ច្រើនក្នុងការប្រកួតផងនោះ វី ស្រីខួចប្រហែលជាអាចយកឈ្នះកីឡាការិនីហុល្លង់ រ៉ូស សាណេ បាន ។ តែយ៉ាងណា ចាំមើលជាក់ស្តែង តើវី ស្រីខួច អាចយកឈ្នះកីឡាការិនីហុល្លង់ រ៉ូស សាណេ បានឬអត់ ?។
ចំពោះការប្រកួតគូពិសេសខ្មែរនិងខ្មែរវិញ តូច ទូ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវគេផ្តល់ឱកាសឲ្យជួបសងសឹកជាមួយ ចៅ ផលឌឿ អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង។ ពួកគេទាំងពីរ ប្រកួតគ្នាក្នុងទម្ងន់៦៩ គីឡូក្រាម។
ចៅ ផលឌឿ កាលពីជួបតូច ទូ លើកមុន(០៣សីហា២០១៨) បានផ្តួលតូច ទូ អោយសន្លប់ក្នុងទឹកទី៣ ។ ដូច្នេះហើយ ទើបតូច ទូ សុំសងសឹកវិញនាពេលនេះ។ តែមិនដឹងថាតូច ទូ អាចសងសឹកបានសម្រេចឬអត់នោះទេ?៕
Source: Kampuchea Thmey Daily
0 Comments