Ad Code

ខាត់ សុ​ឃីម រិះគន់​យ៉ាង​ចាស់ដៃ​លើ​បុគ្គល​ខ្មែរ​មួយចំនួន​ ដែល​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តំបន់​កម្សាន្ត​វត្ត​ពុទ្ធ​គិរីវង្ស



ភ្នំពេញ ​៖​ តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ដោយសារតែ​សង្កេតឃើញ​នូវ​ទង្វើ​អសកម្ម​របស់​ភ្ញៀវ​ទេសចរ​​ខ្មែរ​មួយចំនួន ​ដែល​បាន​ធ្វើ​ដំណើរ​ទៅលេង​នៅ​តំបន់​កម្សាន្ត​វត្ត​ពុទ្ធ​គិរីវង្ស​ស្ថិត​ក្នុង​ទឹកដី​ខេត្តតាកែវ​តាមរយៈ​ការ​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នោះ ​នាង​ក៏បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​និង​ថែមទាំង​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​ទង្វើ​​បែបនេះ។

ការ​រិះគន់​របស់​តារា​ស្រី​ចាស់វស្សា​អ្នកនាង ខាត់ សុ​ឃីម នាពេលនេះ​គឺ​ស្រប​ពេលដែល​ថ្មីៗ​កន្លងមក​នោះ ​មាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាននាំគ្នា​ធ្វើការ​បង្ហោះ​និង​ស៊ែរ​ចែករំលែក​ធ្វើការ​បញ្ចេញមតិ​រិះគន់​សំដៅលើ​អ្នក​ទេសចរ​​ខ្មែរ​ និង​អន្តរជាតិ​មួយចំនួន​តូច​ ដែល​បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទីតាំង​វត្ត​ពុទ្ធ​គិរីវង្ស​ ដែល​ជា​កន្លែង​កម្សាន្ត​និង​ទី​គោរព​បូជា​មាន​ព្រះពុទ្ធ​បដិមា​រាប់​ម៉ឺន​អង្គ​នៅ​លើ​ភ្នំ។

អ្នក​នាង ខាត់ សុ​ឃីម បាន​លើក​ឡើង​ថា ​ទៅណា​មក​ណា​ភ្ញៀវ​បរទេស​គេ​ចំណាំ​ខ្មែរ​ត្រង់​ថា​ពេល​អង្គុយ​ហើយ​ក្រោកឈរ បោស​គូថ​ខោ ហ្នឹង​គឺ​ខ្មែរ​ហើយ តែ​ឥឡូវ​អាច​ចំណាំ​មួយ​ទៀត​បាន​គឺ​ទៅ​ដើរ​នៅទីណា​ចោល​សំរាម​តែ​ផ្តេស​តែ​ផ្តាស​គ្មា​នរបៀបរៀបរយ​ដូចជា​មាននៅ​ក្នុង​រូប​នេះ​ស្រាប់។

តារា​ពហុ​ជំនាញ​ដែល​រក្សាបាន​ប្រជាប្រិយភាព​អ្នកនាង ខាត់ សុ​ឃីម បានលើកឡើង​ទៀតថា​ទូរទស្សន៍​ក៏​ចាក់​ផ្សាយ​រឿង​ចោល​សំរាម​នេះដែរ ដូច​បាន​សំណូមពរ​ហើយ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក ចុះ​ច្រើន​ហូរហែ​​អំពី​ទិដ្ឋភាព​មិន​គួរ​កើតមាន​នេះ តែ​ខ្មែរ​មួយចំនួន​ ដែល​បាន​ចោល​សំរាម​នេះ ​មិន​ព្រមយក​ភ្នែក​មើល​ទេ ហើយ​បើ​គេ​និយាយប្រាប់​ស្រួល​មិន​ស្រួល​ខឹង​គេ​ទៀត​។ ហ៊ឺ​…….​។​

ជាមួយគ្នា​នៃ​ការ​បញ្ចេញមតិ​រិះគន់​របស់​អ្នកនាង ខាត់ សុ​ឃីម ខាងលើ​នេះ​ដែរ​ ក៏​មាន​មហាជន​មួយចំនួនទៀត​បានបង្ហាញ​ការគាំទ្រ ​និង​ទទូច​ស្នើ​ឲ្យ​អ្នក​ទេសចរ ​របស់​ខ្មែរ​ទាំងនោះ​ត្រូវតែ​រក្សា​ឲ្យ​បាន​នូវ​សណ្ដាប់ធ្នាប់​តាមរយៈ​ការ​ទុកដាក់​សំរាម​ឲ្យ​មាន​របៀបរៀបរយ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu