បាត់ដំបង ៖ រថយន្តទំនើបមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់លោក ស្នងការរងម្នាក់ ត្រូវបានរងផលប៉ះពាល់យ៉ាងដំណំ ជាមួយនឹងកម្ទេចដុំថ្ម និងស៊ីម៉ងត៍ ខណៈដែលក្រុមការងាររបស់ក្រុមហ៊ុនចាក់បេតុង កំពុងបញ្ជូនបាយឡើងទៅជាន់លើ ក៏ស្រាប់តែទុយោត្រូវបានរបូតមុខដំណ ធ្វើអោយស៊ីម៉ងត៍បាញ់ពាសវាលពាសកាល។
ហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវឡាអេ ខាងក្រោយធនាគារវឌ្ឍនៈ ឬ សណ្ឋាគារ វឌ្ឍនៈ ដែលមានទីតាំងស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដែលការសាងសង់ធនាគារនេះ មានកម្ពស់រហូតដល់ ១២ ជាន់។
គួររំលឹកដែរថា កន្លងមកការសាងសង់ធនាគារនេះ មានការប៉ះពាល់ច្រើនដល់អ្នកដែលរស់នៅជិតខាង និងអ្នកដែលកំពុងធ្វើដំណើរតាមដងផ្លូវ ដោយសារតែការសាងសង់ខ្វះការប្រុងប្រយ័ត្ន ដោយបានធ្វើអោយកម្ទេចដែកឬថ្មធ្លាក់ទៅលើដំបូលផ្ទះ ឬក៏ធ្លាក់រនាំងដែកពីជាន់លើមកកណ្តាលទ្រូងថ្នល់ក៏មានដែរ ធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភជាទីបំផុត។
មួយរយៈថ្មីៗនេះ ធនាគារបានទិញដីដែលនៅជាប់ពីខាងក្រោយ ហើយក៏បានសាងសង់បន្តជាបន្ទប់ដាក់សម្ភារៈផ្សេងៗ នៅគ្រប់ជាន់ទាំងអស់ ដោយគេបានជួលក្រុមហ៊ុនលាយបេតុង របស់ក្រុមហ៊ុន ហុង ហួតលី មកចាក់បំពេញបន្ថែម ដោយក្រុមហ៊ុននេះ បានតភ្ជាប់បំពង់ទុយោចាប់ពីជាន់ក្រោម រហូតដល់ជាន់ទី ១២ ងាយស្រួលក្នុងការបញ្ជូនស៊ីម៉ងត៍ទៅតាមទុយោនេះ។
សាក្សីបាននិយាយថា នៅព្រឹកថ្ងៃកើតហេតុ ខណៈដែលរថយន្តបញ្ជូនស៊ីម៉ងត៍កំពុងដំណើរការ ស្រាប់តែមុខដំណបំពង់ទុយោនៅជាន់ទី៤ បានរបូតពីគ្នាធ្វើអោយបេតុងជះចេញពីបំពង់មកខាងក្រៅ និងបានសាចពាសវាលពាសកាល ទៅលើប្រជាពលរដ្ឋដែលកំពុងឈរនៅក្បែរផ្លូវខាងមុខផ្ទះ ពិសេសគឺដុំថ្ម និងបេតុងទាំងនេះ បានស្រោចទៅលើរថយន្តដ៏ទំនើបមួយគ្រឿង របស់លោក ស្នងការរង អេង ប៊ុនចាន់ ថែមទៀតផង។
ក្រោយពេលសមត្ថកិច្ច បានចុះទៅត្រួតពិនិត្យ គឺពិតជាកំហុសបច្ចេកទេសមែន ដោយសារតែចាប់ក្រចាប់មិនបានណែន លុះពេលស៊ីម៉ងត៍រត់ពេញទុយោ ធ្វើអោយរបូតតែម្តង ដោយបច្ចុប្បន្នខាងក្រុមហ៊ុន បានយករថយន្តនោះ ទៅលាងទឹកសិនដើម្បីពិនិត្យជាក់ស្តែងថា តើមានការខូចខាតប៉ុណ្ណាដែរ ដើម្បីសងជាសំណងដល់ម្ចាស់រថយន្ត ដែលនេះគឺជការធ្វេសប្រហែសរបស់បុគ្គលិកក្រុមហ៊ុន៕
Source: Kampuchea Thmey Daily
0 Comments