ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតមិត្តភាពអន្តរជាតិ ស្មើគ្នាជាមួយក្រុមទីម័រខាងកើត ដោយលទ្ធផល ២ទល់២ នៅល្ងាចថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ ២០១៨ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ មុនបន្តទទួលក្រុមសឹង្ហបុរី នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ ដើម្បីត្រៀមប្រកួតក្នុងយុទ្ធនាការពានរង្វាន់ជើងឯកអាស៊ាន AFF Suzuki Cup 2018។
ការប្រកួតក្រោមការដឹកនាំពីសំណាក់អាជ្ញាកណ្ដាលជនជាតិឥណ្ឌូនេស៊ី នេះគ្រាប់បាល់របស់កម្ពុជា រកបានដោយកីឡាករ ចាន់ វឌ្ឍនាកា មកពីក្លិបបឹងកេត និងកីឡាករ រ៉ឹម ប៊ុនហៀង មកពីក្រុមក្រសួងការពារជាតិ។ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយក្រុមសឹង្ហបុរី នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះដែលជាប្រកួតមិត្តភាពលើកទី២ មុនពានរង្វាន់ AFF Suzuki Cup 2018 មកដល់។
បើនិយាយពីពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។ សម្រាប់កម្មវិធីប្រកួតជម្រុះពូល A របស់ក្រុមកម្ពុជា វិញនឹងប្រកួតបើកឆាកប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខណៈត្រូវប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងរ៉ង់ហ្គូន រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ក្រុមកម្ពុជា ត្រូវប៉ះឡាវ នៅរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវៀតណាម នៅទីក្រុងហាណូយ។
ចំណែកកីឡាករទាំង២៤នាក់ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា កាលពីពេលថ្មីៗនេះមានដូចជា សេត រ៉ស៊ីប,ចាន់ វឌ្ឍនាកា និង ហុង ផេង មកពីក្រុមបឹងកេត ខណៈកីឡាករ ឈិន ឈឿន, ស ពិសិដ្ឋ,រ៉ឹម ប៊ុនហៀង, អ៊ុំ វិចិត្រ មកពីក្រុមក្រសួងការពារជាតិ កីឡាករ សុះ ស៊ូហាណា, គួច សុកុម្ភៈ, ឆេង ម៉េង, គួច ដានី មកពីក្រុមណាហ្គាវើល ហើយកីឡាករ អ៊ន ចាន់ប៉ូលីន,អ៊ិន សូដាវីដ,ប្រាក់ ធីវ៉ា,ស៊ិន កក្កដា មកពីក្រុមភ្នំពេញក្រោន។ កីឡាករ សារ៉េត គ្រីយ៉ា,នេន សុធារ័ត្ន,សឿយ វិសាល,ប្រាក់ មុន្នីឧត្តម មកពីក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ ធារី ចន្ថាប៊ីន មកពីក្លិប Terregannu នៅលីគកំពូលម៉ាឡេស៊ី កីឡាករ កែវ សុខសិលា, ជា វណ្ណសាក់,កែវ សុខផេង និងទិត្យ ឌីណា មកពីក្រុមវិសាខា៕
Source: Kampuchea Thmey Daily
0 Comments