ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកលេខ១ គូបូតាទម្ងន់៥៤គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃសុក្រទី១២ ខែតុលា ឆ្នាំ២០១៨ ដែលជាការប្រកួតជុំទី៤ របស់ប៊ុន សុធា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង ជុំទី៣សម្រាប់ រិទ្ធ អាទិត្យ ក្លិបអាណាចក្រគុនខ្មែរ បានវាយចាញ់ឡាវនិងថៃដូចគ្នា។
ប៊ុន សុធា គេវាយចាញ់អ្នកប្រដាល់ឡាវ SeangSuriya Site Torkahkart ដោយពិន្ទុ ហើយ រិទ្ធ អាទិត្យ គេចាញ់អ្នកប្រដាល់ថៃPlangthip Por.Yuthphumi ដោយពិន្ទុដែរ ។
ក្នុងការប្រកួត៥ទឹកនោះ ប៊ុន សុធា វាយបានតែមួយទឹកពីរទឹកដំបូងប៉ុណ្ណោះ ឯបីទឹកចុងក្រោយគឺចាញ់ប្រៀបឡាវតែម្តង ។ សុធា មិនអាចយកឈ្នះ SeangSuriya បានឡើយ ទោះបីជាគេបានវាយចេញច្រើនក៏ដោយ ក៏ការវាយរបស់គេខុសគោលដៅ និងត្រូវអ្នកប្រដាល់ឡាវនោះ ទប់បានទាំងអស់ ។ ជាមួយនឹងលទ្ធផលនេះ ប៊ុន សុធា បាន១០ពិន្ទុ ក្នុង៤ប្រកួត(៤ជុំ) ។
ចំពោះការប្រកួតរបស់រិទ្ធ អាទិត្យ វិញ គេតស៊ូជាមួយថៃបានតែពីរទឹកប៉ុណ្ណោះ ។ ក្នុង២ទឹក អ្នកប្រដាល់ថៃPlangthip បានវាយ រិទ្ធ អាទិត្យ ឲ្យអាជ្ញាកណ្តាលរាប់៨ដល់ទៅ២លើក ដោយការដាល់មុខរបស់រិទ្ធ អាទិត្យ ធ្វើអោយអាទិត្យត្រូវពេញៗដួលលើរេញ តែនៅពេលដួលលើកទី៣ក្នុងទឹក២ដដែលនោះ រិទ្ធ អាទិត្យ សន្លប់ក្រោកលែងរួចតែម្តង ។
រិទ្ធ អាទិត្យ ក្រោយចាញ់Plangthipនេះ គេលែងមានឪកាសស្តារពិន្ទុបានហើយ ព្រោះគេវាយចាញ់៣ប្រកួតទៅហើយ ក្នុងការប្រកួតជម្រុះ៣ជុំនេះ ។ ចំណែកPlangthip គេមានផ្លូវស្តារពិន្ទុ សម្រាប់ជុំបន្តបន្ទាប់ទៀត ។
សូមបញ្ជាក់ថា កីឡាករខ្លាំងទាំង១០រូប ដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គូបូតារដូវកាលថ្មីទម្ងន់៥៤គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៥រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ-ឡាវ ៥ រូប ចូលរួមវាយដណ្តើមយកខ្សែក្រវាត់នេះ ។
អ្នកប្រដាល់មួយរូបៗ ទាំងខ្មែរ ទាំងថៃ និងឡាវ គឺត្រូវឆ្លងកាត់ការប្រកួតក្នុងម្នាក់ៗ ចំនួន ៤ ប្រកួតម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូបក្នុងមួយពូល ទាំងពូលខ្មែរ និង ពូលថៃ-ឡាវ នឹងត្រូវបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ជ័រ ពៅ អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ បានប្រកួតចាញ់ កំពែង ខ្មៅ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្មក្នុងទឹកទី៣ ហើយអេលីត សុវណ្ណម៉ាយ អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរ វាយឈ្នះ ប៉ុក វិបុល អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments