Ad Code

ក្រុមហ៊ុន​ ជីប ម៉ុង អិន ស៊ី ​ប្រារព្ធ​ពិធី​សម្ពោធ​កម្មវិធី​អប់រំ​សុវត្ថិភាព​ចរាចរណ៍​សហគមន៍



ភ្នំពេញ​ ៖​ ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី ដោយ​សហការ​ជាមួយនឹង​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​សម្ពោធ​គម្រោង​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​ ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ពី​សុវត្ថិភាព​ចរាចរណ៍​ក្នុងចំណោម​សិស្សានុសិស្ស និង​ប្រជាជន​ទូទៅ​នៅក្នុង​ស្រុក​បន្ទាយមាស ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០១៨។

ប្រជាពលរដ្ឋ ​លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​អាជ្ញាធរ​ប្រមាណ​ជាង ៤០០ នាក់​ បាន​ចូលរួម​នៅក្នុង​កម្មវិធី ក្នុង​នោះ​ដែរ សិស្សានុសិស្ស និង​គ្រូ​បង្គោល​សុវត្ថិភាព​ចរាចរណ៍​ ដែល​ត្រូវ​បាន​ជ្រើសរើស​ក្នុង​សហគមន៍​ទទួល​បាន​មួក​សុវត្ថិភាព​ម្នាក់​មួយ និង​ឧបករណ៍​សម្រាប់​ឆ្លង​ផ្លូវ​ទៅកាន់​សាលា​ពីរ​ដែល​ជាប់​នឹង​ផ្លូវ​លេខ​៣៣។

លោកស្រី​លឹម សុខ​ជា ទីប្រឹក្សា​ជាន់ខ្ពស់​នៃ អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក មានប្រសាសន៍ថា តាម ប្រព័ន្ធ​ទិន្នន័យ ជនរងគ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ ២០១៧ ចំនួន​អ្នក​ ស្លាប់ ៧៥% ពាក់ ព័ន្ធ​នឹង​ការប្រើប្រាស់​ទោច​ក្រ យានយន្ត និង​រង​របួស​ក្បាល​ហើយ​មានតែ ៦៩% ប៉ុណ្ណោះ ដែល​ពាក់មួក​សុវត្ថិភាព។ ហេតុដូច្នេះ​ហើយ​ទើប ក្រុមហ៊ុន​សម្រេច​ បាន​ជ្រើសរើស និង​បណ្តុះបណ្តាល​គ្រូ​បង្គោល​ចំនួន​៣០​នាក់​ដើម្បី​ឱ្យ​ពួកគាត់​បន្ត​ធ្វើ​ការ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ទៅកាន់​សិស្សានុសិស្ស ប្រជាជន​នៅក្នុង​សហគមន៍​បន្ត​ទៀត។

លោក​ទៀង សុភៈ​វិជ្ជា តំណាង​ឱ្យ​ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី បាន​មានប្រសាសន៍​ថា ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី តែងតែ​យកចិត្តទុកដាក់​ទៅ​លើ​សុវត្ថិភាព​របស់​ប្រជាជន​នៅ​ក្នុង​សហគមន៍។ លោក​បាន​គូសបញ្ជាក់​ ថា នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ទេ ដែល​ក្រុមហ៊ុន​ បាន​រៀបចំ​កម្មវិធី​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍ ហើយ​ក្រុមហ៊ុន​នឹង​នៅតែ​បន្ត​សហការ​ជាមួយ​នឹង​អ្នក​ពាក់ព័ន្ធ និង​ធ្វើ​សកម្មភាព​អប់រំ ផ្សព្វផ្សាយ ដល់​ប្រជាជន​នៅក្នុង​សហគមន៍​ឱ្យ​យល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​នេះ៕
​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu