Ad Code

នៅ​ក្មេង​សោះ​ ក្លាយ​ខ្លួន​ជា​ចោរឆក់​កាបូប ប៉ូលិស​ចាប់​បានជា​បន្តបន្ទាប់​២​នាក់



ភ្នំពេញ​ ៖ ​ជនសង្ស័យ​២​នាក់ មាន​អាយុ​នៅ​ក្មេងខ្ចី​នៅឡើយ បាន​ក្លាយ​ខ្លួន​ជា​ចោរឆក់​កាបូប ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់​បានជា​បន្តបន្ទាប់ ក្រោយ​ពេល​ដែល​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច ហើយ​រត់​គេច​ខ្លួន​ម្នាក់​ចាប់​បាន​ម្នាក់​ជាក់ស្តែង​នោះ។

អំពើ​ឆក់​នេះ ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ៣​កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​០៩​និង​៤៥​នាទី​នៅ​ចំណុច​មុខ​ផ្សារ​សំណង់​១២ ផ្លូវ លេខ​២៦៥ ក្រុម​ទី​៤៣ ភូមិ​១៣ សង្កាត់​ទឹក ល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បាន​អោយ​ដឹង​ថា ជនសង្ស័យ​០១​នាក់​ឈ្មោះ គង់ សេន​រិទ្ធី វិសាល ហៅ ជា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នកបើក​ម៉ូតូ និង​ចាប់​យក​វត្ថុតាង​ម៉ូតូ​ម៉ាក Honda C125 ស៊េរី​2014 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1CV- 3802 ចំណែក​បក្សពួក​ឈ្មោះ ថន ចាន់​វ​ណ្ណះ​រាសី ភេទ​ប្រុស អាយុ​ប្រហែល​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​អង្គុយ​ក្រោយ ធ្វើ​សកម្មភាព​ឆក់ បាន​យក​កាបូបដៃ​របស់​ជនរងគ្រោះ​គេច​ខ្លួន​បាត់ ឃាត់ខ្លួន នៅ​ចំណុច​មុខ​ផ្សារ​សំណង់​១២ ផ្លូវ លេខ​២៦៥ ក្រុមទី​៤៣ ភូមិ​១៣ សង្កាត់​ទឹក ល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រួច​បញ្ជូន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ធ្វើការ​សាកសួរ​រក​បក្ស​ពួក​បន្ត។

លុះ​ដល់​ម៉ោង​ប្រហែល ១៤​និង​៥០​នាទី នា​ថ្ងៃ​-​ខែ​-​ឆ្នាំ​ដដែល កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ទៀត ឈ្មោះ ថន ចាន់​វ​ណ្ណះ​រាសី ជា​អ្នក​អង្គុយ​ក្រោយ​ធ្វើ​សកម្មភាព​ឆក់ ឃាត់ខ្លួន នៅ​ចំណុច​មុខផ្ទះ​លេខ​៤D ផ្លូវ​២០០៤ ក្រុម ទី​៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ចាប់យក​វត្ថុតាង​កាបូបដៃ​ជនរងគ្រោះ​មកវិញ រួច​បញ្ជូន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ចាត់ការ​តាម​នីតិវិធី​ច្បាប់។

ជនសង្ស័យ ឈ្មោះ ថន ចាន់​វ​ណ្ណះ​រាសី ភេទ​ប្រុស អាយុ​ប្រហែល​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​១១ វិទ្យាល័យ​ជាស៊ីម សន្ធរម៉ុក ស្នាក់​នៅផ្ទះ​លេខ​៤D ផ្លូវ​២០០៤ ក្រុមទី​៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

វត្ថុ​តាង​ចាប់​យក​រួមមាន កាបូបដៃ​មួយ​ពណ៌​ខ្មៅ ក្នុង​នោះ​មាន លុយ​ខ្មែរ ចំនួន​៤៧០០០០៛ (​សែសិប​ប្រាំពីរ​ម៉ឺន​រៀល​)​. ប្រាក់​ដុល្លារ​ចំនួន​៣០$ (​សាមសិប​ដុល្លារ​អាមេរិក​) និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​Samsung ពណ៌​ក្រហម (​ជា​របស់​ជនរងគ្រោះ​ដែល​ជនសង្ស័យ​ឆក់ យក​ទៅ​) បាន​ធ្វើការ​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​តាម​ការ​ស្នើ​សុំ ដោយមាន​ការ​ឯកភាព​ពី​លោក ចែ សុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន ជន​សង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ចាត់ការ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu