អ្នកប្រដាល់ជើងខ្លាំងកម្ពុជា គង់ សំបូរ ក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ លើសង្វៀនBoostrong Fighter On Fire នាព្រឹកថ្ងៃ អាទិត្យទី១៤ ខែតុលាឆ្នាំ២០១៨នេះ។
គង់ សំបូរ បានបាត់មុខពីសង្វៀនជិតមួយឆ្នាំនោះ ។គេបានវិលត្រឡប់មកប្រកួតវិញកាលពីថ្ងៃទី២៩កញ្ញា២០១៨ ដោយប្រកួតអោយក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបព្រោះគេបានទៅនៅនិងហ្វឹកហាត់នៅទីនោះ។
គង់ សំបូរ អ្នកប្រដាល់ជើងខ្លាំង ក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប ត្រូវគេផ្គូអោយជួបសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់អ៊ីរ៉ង់ Daraei Arman ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។
Daraei Arman គេជាអ្នកប្រដាល់ហ្វឹកហាត់នៅស្រុកថៃ ។ គេមិនធ្លាប់មកប្រកួតនៅភ្នំពេញទេកន្លងមក ។ បើតាមលោកញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEA-TVអោយដឹងថា អ្នកប្រដាល់អ៊ីរ៉ង់រូបនេះ មានប្រវត្តិប្រកួតចំនួន៣០លើក ឈ្នះ១៨លើក ចាញ់១២លើក និង មិនដែលស្មើ។
គង់ សំបូរ ជាជើងខ្លាំងស្រករក្រោយរបស់កម្ពុជា គេធ្លាប់ប្រកួតជាមួយថៃច្រើននាក់ ហើយ ។សំបូរគេមានបទពិសោធន៍ច្រើនក្នុងការប្រកួត ដោយគេមានកណ្តាប់ដៃល្អ ជើងទាត់ ក៏ខ្លាំង ហើយវាយចេញចូលរហ័ស ហើយស្នៀត ជង្គង់ កែង ក៏ល្អថែមទៀត ។គង់ សំបូរ គេមានប្រវត្តិប្រកួតចំនួន៦៦លើក ឈ្នះ៥៥លើក ចាញ់១១លើក មិនដែលស្មើ ។
ទោះជាបែបនេះក្តី មិនទាន់ហ៊ានសន្និដ្ឋានថា គង់ សំបូរ ជួបសំណាងល្អ នៅក្នុងការប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់Daraei Arman នេះឡើយ ? ចាំមើល គង់ សំបូរ អាចយកឈ្នះ Daraei Arman បានឬអត់ សម្រាប់ជំនួបលើកទី១នេះ ? ។ គង់ សំបូរ ប្រកួតចុងក្រោយនេះ គេបានផ្តួលយកឈ្នះអ្នកប្រដាល់អ៊ីរ៉ង់Najib Djela ក្នុងទឹកទី២ (២៩កញ្ញា២០១៨)។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ហេង វាសនា អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង នឹងជួបប្រកួតជាមួយសំ ភក្តី អ្នកប្រដាល់ស្រករក្រោយនៃក្លិបរ៉ាហាប់ស្វាយប៉ាក ។ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម ។ រីឯ សៅ ប៊ុនធឿន អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ត្រូវគេផ្គូអោយជួបប្រកួតជាមួយ វ៉ន វ៉ុន អ្នកប្រដាល់ក្លិបអេភូថងកីឡា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕
Source: Kampuchea Thmey Daily
0 Comments