ភ្នំពេញ ៖ ភាគីសហជីពបានដាក់តួលេខប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរឆ្នាំ២០១៩ ចំនួន១៨២ដុល្លារអាមេរិកខណៈនិយោជកបានដាក់តួលេខចំនួន១៧៧ដុល្លារដើម្បីឲ្យគណៈកម្មការប្រឹក្សាការងារសម្រេចនៅថ្ងៃទី៥ខែតុលាឆ្នាំ២០១៨នេះ។
ថ្លែងក្រោយកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីនៅរសៀលថ្ងៃទី៤តុលានៅទីស្តីការក្រសួងការងារ លោកហេង សួរ អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារមានប្រសាសន៍ថា ភាគីសហជីពបានដាក់តួលេខប្រាក់ឈ្នួលកម្មករចំនួន១៨២ដុល្លារខណៈភាគីរាជរដ្ឋាភិបាលនិងភាគីនិយោជកបានស្នើត្រឹមចំនួន១៧៧ដុល្លារប៉ុណ្ណោះ។
លោក ហេង សួរបានបន្តថា តួលេខទាំងនេះនៅមិនទាន់អាចយកជាការបាននៅឡើយទេដោយត្រូវរង់ចាំគណៈកម្មការប្រឹក្សាការងារបើកកិច្ចប្រជុំពិនិត្យ ដើម្បីសម្រេចយកតួលេខរួមមួយនៅថ្ងៃទី៥ខែតុលាឆ្នាំ២០១៨នេះ។
តែយ៉ាងណាក៏ដោយលោកហេង សួរ បានបន្ថែមទៀតថា ការចរចាប្រាក់ឈ្នួលនៅឆ្នាំនេះគឺមានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗដោយសារតែគ្រប់ភាគីទាំងអស់មានភាពចាស់ទុំហើយការពិភាក្សាទៀតសោតផ្អែកទៅលើការវិនិច្ឆ័យទិន្នន័យមានលក្ខណៈវិទ្យាសាស្ត្រដើម្បីយកដាក់នៅលើតុជជែកគ្នា និង មានការសិក្សាស្រាវជ្រាវរៀងៗខ្លួនពោលគឺផ្នែកទៅលើ ស្ថានភាពសេដ្ឋកិច្ច សង្គម អតិផរណា ការប្រកួតប្រជែងផ្នែកផលិតភាពនិងស្ថានភាពសេដ្ឋកិច្ចកម្មករជាដើមដើម្បីមកចរចាគ្នា។
លោកហេង សួរ បានលើកឡើងថា ការចរចាដំឡើងប្រាក់ឈ្នួលដល់កម្មករនេះ គឺដើម្បីកាត់បន្ថយការលំបាករបស់កម្មករនិយោជិត ការលើកកម្ពស់សុខុមាលភាពនិងសេវាគាំពារសង្គមសំដៅធ្វើយ៉ាងណាឲ្យ កម្មកនិយោជិតអាចរស់នៅដោយសមរម្យ។
ទាក់ទិននិងតួលេខថ្មីនេះ លោក ជួន មុំថុល តំណាងភាគីសហជីព បានលើកឡើងថា តួលេខថ្មីនេះ អាចនិយាយបានថា សមល្មម ដែលគ្រប់ភាគីទទួលយក ដើម្បីដាក់ជូនថ្នាក់លើសម្រេចជាផ្លូវការ នៅថ្ងៃទី៥តុលានេះក្រោមវត្តមានលោក បណ្ឌិត អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានគណៈកម្មការប្រឹក្សាការងារដែលមានសមាជិកចូលរួមចំនួន២៨រូប។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍ថាតួលេខចំនួន១៧៧ដុល្លារនេះ គឺជាតួលេខមួយដែលសមស្របទៅនឹងបរិបទសេដ្ឋកិច្ចនិងសង្គមនាពេលបច្ចុប្បន្ន។
លោកបានបន្តថា ម្យ៉ាងទៀតការតួលេខ១៧៧ដុល្លារនេះ គឺខាងភាគីនិយោជកចង់បង្ខិតតួលេខនេះឲ្យខិតជិតជាមួយភាគីសហជីពដើម្បីធ្វើយ៉ាងណាឲ្យប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតលើវិស័យកាត់ដេរសម្រាប់ឆ្នាំ២០១៩នេះប្រព្រឹត្តិទៅដោយរលូន។
លោកកាំងម៉ូនីកាបានលើកឡើងទៀតថា ទន្ទឹមនឹងការផ្តល់តួលេខ១៧៧ដុល្លារនេះដែរខាងភាគីនិយោជកបានធ្វើការសំណូមពរដល់រាជរដ្ឋាភិបាលជួយសម្រួលបញ្ចុះតម្លៃអគ្គិសនីចំនួន៤សេន តែការងារនេះអាស្រ័យទៅលើកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារជាអ្នកសម្រេចនៅថ្ងៃទី៥ ខែតុលានេះ។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅឆ្នាំ២០១៨នេះចំនួន១៧០ដុល្លារដោយមិនបូកជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតឡើយ៕
Source: Kampuchea Thmey Daily
0 Comments