សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) នៅថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨ សប្ដាហ៍នេះបានចេញបញ្ជីឈ្មោះកោះហៅកីឡាករចំនួន៥០នាក់មកពីបណ្តារក្លិបមួយចំនួនដើម្បីចូលរួមធ្វើតេស្តចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ត្រៀមចេញទៅប្រកួតក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន 2018 AFF Futsal Championship នៅប្រទេសឥណ្ឌូណេស៊ី។
ពានរង្វាន់ជើងឯកបាល់ទាត់អាស៊ានក្នុងសាលឆ្នាំ២០១៨ ឬ AFF Futsal Championship 2018 នឹងត្រូវប្រកួតនៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ ពោលគឺសហព័ន្ធកីឡាបាល់ទាត់អាស៊ាន សម្រេចធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ខណៈកម្ពុជា បានសម្រេចបញ្ជូនក្រុមចូលរួមប្រកួតឡើងវិញដែរ ក្រោយខកខានតាំងពីឆ្នាំ២០១២ មកម្ល៉េះ។ ចំណែកកីឡាករជម្រើសជាតិហ្វូតសាលកម្ពុជាវិញ នឹងធ្វើតេស្តសមត្ថភាពនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ សប្តាហ៍នេះដើម្បីសម្រេចយកអ្នកខ្លាំងចូលហ្វឹកហាត់ក្នុងក្រុម។
តាមរយៈកិច្ចប្រជុំរបស់សមាជិកបាល់ទាត់ក្នុងតំបន់អាស៊ាននៅទីក្រុងកូឡាឡាំពួរ កាលពីពេលថ្មីៗ បានកំណត់ពីកាលបរិច្ឆេទប្រកួតក្នុងពានរង្វាន់ជើងឯកអាស៊ាន នេះដោយគ្រោងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ ១១ វិច្ឆិកា ឆ្នាំ ២០១៨ ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី ដែលមានក្រុម៨ចូលរួម។ ពូល A មាន៖ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាខណៈពូល B មានថៃ វៀតណាម ប្រ៊ុយណេ និងទីម័រខាងកើត។
សូមរំលឹកថា ពានរង្វាន់ហ្វូតសាលនៅកម្ពុជា បានផ្អាកសកម្មភាពមួយរយៈតាំងពីឆ្នាំ២០១៣ ទាំងក្រុមជម្រើសជាតិនិងក្លិបឯកជន។ ប៉ុន្តែនៅឆ្នាំ២០១៧ កន្លងទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតសកម្មភាពឡើងវិញ ព្រមទាំងមានកម្មវិធីប្រកួតជើងឯកក្លិបក្នុងស្រុក រហូតដល់ក្រុមឈ្នះជើងឯកទទួលបានកៅអីចេញទៅប្រកួតជើងឯកប្រចាំអាស៊ានកាលពីពេលថ្មីៗផងដែរ។ សកម្មភាពនេះក៏ជាផ្នែកមួយដើម្បីជ្រើសរើសកីឡាករចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិផងដែរ។
ការបង្ហាញខ្លួននៅលើឆាកអន្តរជាតិចុងក្រោយក្រុមជម្រើសជាតិកម្ពុជា នៅឆ្នាំ២០១២ បានធ្លាក់ចេញត្រឹមវគ្គជម្រុះតាមពូល ក្រោយប្រកួតចាញ់ម៉ាឡេស៊ី ៨ទល់០ ចាញ់មីយ៉ាន់ម៉ា ៧ទល់៦ ចាញ់វៀតណាម ៤ទល់១ និងឈ្នះហ្វីលីពីន៩ទល់៥។ ក្រុមជម្រើសជាតិថៃ ឈ្នះជើងឯកបានច្រើនជាងគេពោលគឺរហូតដល់១២លើក៕
Source: Kampuchea Thmey Daily
0 Comments