ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៨ បានឈានដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រហើយនៅចុងសប្ដាហ៍នេះ ពោលគឺក្រុមក្រសួងការពារជាតិ (ទ័ព) ត្រូវប៉ះគ្នាជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) នៅវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃសៅរ៍ ទី៦ ខែតុលា ឆ្នាំ២០១៨ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ខណៈព្រឹត្តិការណ៍នេះក៏មានកម្មវិធីសប្បាយៗជាច្រើនសម្តែងជូនទស្សនិកជនចូលរួមទស្សនាផងដែរ។
សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះមាន២ប្រភេទ តម្លៃ៥ពាន់រៀល និង៣ពាន់រៀល។ ក្នុងនោះ CNCC នឹងដកទឹកប្រាក់១ពាន់រៀលក្នុងមួយសំបុត្រពីគ្រប់សំបុត្រទាំងអស់ ដែលលក់បាន ដើម្បីយកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។ ការប្រកួតរវាងក្រសួងការពារជាតិ និង អគ្គស្នងការដ្ឋាននគរបាលជាតិ នេះនឹងមានផ្សាយផ្ទាល់ដោយទូរទស្សន៍ BTVផងដែរ។
សូមបញ្ជាក់ថាតារាចម្រៀងដ៏ពេញនិយមក្នុងស្រទាប់យុវវ័យស្នេហាតន្ត្រីនៅកម្ពុជា G-Davit និងកញ្ញា ទេព បូព្រឹក្ស ព្រមទាំង របាំអប្សរាដែលជាមរតកដ៏ថ្លៃថ្លារបស់កម្ពុជានិងជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងសម្ដែងជូនប្រិយមិត្តទស្សនា តាំងពីមុនការប្រកួតចាប់ផ្ដើមពោលគឺចាប់ពីម៉ោង៤ល្ងាចតទៅ។
លោកសារ៉េត ស៊ីដន គ្រូបង្វឹករបស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា ៖«ក្នុងពានរង្វាន់នេះ យើងនឹងមានការរៀបចំឲ្យពិសេសដែរ។ យើងនឹងមានផែនការហ្វឹកហាត់ពិសេសមួយសម្រាប់ត្រៀមវគ្គផ្ដាច់ព្រ័ត្រជាមួយក្រសួងការពារជាតិ ហើយយើងសង្ឃឹមថា យើងនឹងអាចធ្វើបានល្អដូចឆ្នាំ២០១៤ ដែលយើងបានលើកពានសម្ដេចតេជោលើកដំបូង»។
ចំណែកលោក ភា សុភ័ត្រា គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ វិញបានបញ្ជាក់ថា លោកមានជំនឿចិត្តខ្ពស់លើកូនក្រុម នឹងធ្វើបានល្អដើម្បីសម្រេចបំណងលើកពាន ក្រោយខកខានក្នុងការប្រកួតពានក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំ២០១៨ រួចមក។ «ក្រុមយើងបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ១០០% ហើយក៏ជឿជាក់ខ្ពស់ផងដែរ ព្រោះកីឡាករម្នាក់ៗសុទ្ធតែមានឆន្ទៈខ្ពស់ ក្នុងការប្រកួតដ៏សំខាន់នេះ។ មួយវិញទៀតប៉ុន្មានប្រកួតចុងក្រោយ ក្រុមយើងជួបសុទ្ធតែក្រុមខ្លាំងៗ ដែលធ្វើឲ្យពួកគេកាន់តែមានភាពរឹងមាំ មុនប្រកួតនេះមកដល់»។
មុនឡើងទៅវគ្គផ្តាច់ព័ត្រក្រុមក្រសួងការពារជាតិ បានយកឈ្នះលើក្រុមណាហ្គាវើល ឈ្នះណាហ្គាវើល៣ទល់១ នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ខណៈនៅវគ្គជាមួយគ្នានោះដែរក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះលើក្រុមអង្គរថាយហ្គឺរ ២ទល់០។ ក្រុមដែលចាញ់នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រទទួលបានចំណាត់ថ្នាក់៣ស្ទួន។
បើរាប់បញ្ជីឈ្មោះក្រុមដែលធ្លាប់ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ តាំងពីបង្កើតដំបូងក្នុងឆ្នាំ២០០៧ មកមានក្រុមខេមរាកីឡា ឆ្នាំ២០១៧,ភ្នំពេញក្រោន (ឬភ្នំពេញអ៊ីមផាយអ័រ) ឆ្នាំ២០០៨,២០០៩, ក្រសួងការពារជាតិ ឆ្នាំ២០១០, ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១១,២០១២, ណាហ្គាវើល ឆ្នាំ២០១៣, អគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០១៤, ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៥,ក្រសួងការពារជាតិ ឆ្នាំ២០១៦ និងព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០១៧៕
Source: Kampuchea Thmey Daily
0 Comments