ភ្នំពេញ ៖ អភិបាលរាជធានីពេញ លោកឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួង ស្រេង រួមជាមួយមន្ត្រីក្រោមឱវាទចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ ខែតុលា នេះ បានធ្វើពិធីសូត្រមន្ត ដើម្បីកាន់បិណ្ឌ និងប្រគេនទេយ្យទានមួយចំនួនដល់ព្រះសង្ឃជាច្រើនអង្គ គង់នៅវត្តច័ន្ទបុរីវង្ស ជាវត្តដែលសម្ដេចណយ ច្រឹក គង់នៅ ស្ថិតក្នុង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីនេះ ធ្វើឡើងស្របតាមប្រពៃណីព្រះពុទ្ធសាសនានិងដើម្បីប្រមូលបច្ច័យមួយចំនួនកសាងទីអារាមវត្តអោយមានការអភិវឌ្ឍន៍ ស្របពេលដែលប្រទេសកម្ពុជាទាំងមូលកំពុងតែអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ពិធីដាក់បិណ្ឌនេះ នៅពេលរសៀលលោកឃួង ស្រេងអភិបាលរាជធានីពេញនិងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ធ្វើពិធីសូត្រមន្ត ដើម្បីកាន់បិណ្ឌនិងប្រគេនទេយ្យទានមួយចំនួនដល់ព្រះសង្ឃជាច្រើនអង្គ លុះព្រឹកថ្ងៃទី០៥ តុលា ត្រូវនឹងវេនបិណ្ឌទី១១ លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេងបានអញ្ជើញមកទីអារាមនេះម្តងទៀត ដើម្បីប្រគេនទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាបជាដើម ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន មានមាតា បីតា ជីជូន ជីតា ញាតិកាល ទាំង៧សន្តាន ដែលបានបែកកាយ រំលាយដ្ឋានទៅកាន់លោកខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments