ប្រទេសចិននៅថ្ងៃសុក្របានច្រានចោលការចោទប្រកាន់របស់អនុប្រធានាធិបតីអាមេរិកលោក Mike Pence ដែលថា ក្រុងប៉េកាំងកំពុងជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកដោយហៅវាថា “មិនសមរម្យ” និង “គួរឲ្យអស់សំណើច”។
នៅក្នុងសុន្ទរកថាដ៏ចម្រូងចម្រាស់មួយ លោក Pence បានចោទប្រកាន់ចិនកាលពីថ្ងៃព្រហស្បតិ៍អំពីការឈ្លានពានយោធា ការលួចពាណិជ្ជកម្មនិងការកើនឡើងនៃការរំលោភបំពានសិទ្ធិមនុស្សខណៈដែលលោកបានអះអាងថា មហាអំណាចអាស៊ីមួយនេះកំពុងព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតនាពេលខាងមុខ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សុន្ទរកថានោះបានធ្វើការចោទប្រកាន់ដោយមិនសមរម្យប្រឆាំងនឹងគោលនយោបាយក្នុងស្រុកនិងបរទេសរបស់ចិននិងនិយាយបង្កាច់បង្ខូចប្រទេសចិនដោយអះអាងថា ចិនបានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនិងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក”។
លោកស្រីបាននិយាយទៀតថា “នេះជាការនិយាយដោយផ្អែកលើភស្តុតាងចចាមអារ៉ាម ការយល់ច្រឡំអំពីខុសនិងត្រូវនិងជាការបង្កើតរឿង។ ចិនសូមជំទាស់យ៉ាងដាច់ខាតចំពោះវា”។
ដោយផ្នែកលើពាក្យបណ្តឹងរបស់លោក Donald Trump នៅអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន, លោក Pence បានចោទប្រកាន់ប្រទេសចិនថា កំពុងធ្វើកិច្ចខិតខំប្រឹងប្រែងមិនធ្លាប់មានពីមុនមកដើម្បីជះឥទ្ធិពលលើទស្សនៈសាធារណជនរបស់អាមេរិកមុនការបោះឆ្នោតសភាដ៏សំខាន់នៅថ្ងៃទី៦ខែវិច្ឆិកានិងចង់បានប្រធានាធិបតីអាមេរិកខុសពីនេះ។
រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំទាំងពីរនេះបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយសារតែលោក Trump បានដាក់ពន្ធគយក្នុងចំនួនទឹកប្រាក់២៥០ពាន់លានដុល្លារលើទំនិញរបស់ចិន។
លោកស្រី Hua បាននិយាយថា “វាគួរឲ្យអស់សំណើចណាស់សម្រាប់ភាគីអាមេរិកក្នុងការធ្វើឲ្យប៉ះពាល់ដល់ការផ្លាស់ប្តូរជាធម្មតានិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន”។
លោកស្រីបានបញ្ជាក់ថា “ប្រទេសចិនតែងតែគោរពតាមគោលការណ៍នៃការមិនជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃហើយយើងមិនចាប់អារម្មណ៍ក្នុងការជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងនិងការបោះឆ្នោតរបស់អាមេរិកទេ។ យើងសូមអំពាវនាវឲ្យអាមេរិកកែតម្រូវកំហុសរបស់ខ្លួន បញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននិងនិយាយបង្កាច់បង្ខូចប្រទេសចិនហើយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិននិងទំនាក់ទំនងចិន - អាមេរិក”៕ AFP
Source: Kampuchea Thmey Daily
0 Comments