គេហទំព័រមួយរបស់កូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រថា ប្រទេសជប៉ុនគួរតែបញ្ឈប់ការបង្ហោះទង់ “ព្រះអាទិត្យរះ” នៅលើនាវាចម្បាំងមួយគ្រឿងដែលគ្រោងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងនៅសប្ដាហ៍ក្រោយនេះ។ ប្រទេសកូរ៉េទាំងពីរបានរួមគ្នាក្នុងជម្លោះចុងក្រោយនេះ។
ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនិងជប៉ុនបានជាប់គាំងជាយូរមកហើយដោយសារតែការអាក់អន់ចិត្តចំពោះការធ្វើអាណានិគមនិយមជប៉ុន ជម្លោះទឹកដីនិងបញ្ហាស្ត្រីនិងកុមារីដែលត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងផ្ទះបនសម័យសង្គ្រាមជប៉ុន។
មនុស្សជាច្រើននៅក្នុងប្រទេសកូរ៉េទាំងពីរបានចាត់ទុកទង់ពណ៌ក្រហមលាយ.សនេះថាជានិមិត្តរូបនៃការឈ្លានពានយោធាកាលពីអតីតកាលរបស់ប្រទេសជប៉ុននិងការកាន់កាប់របស់ខ្លួននៅឧបទ្វីបកូរ៉េចាប់ពីឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥។
គេហទំព័រ Uriminjokkiri ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថា ទង់ “ព្រះអាទិត្យរះ” គឺជាទង់ឧក្រិដ្ឋកម្មសង្គ្រាមដែលចក្រពត្តិជប៉ុនសតវត្សរ៍ទី២០ប្រើនៅពេលពួកគេធ្វើការវាយលុកដ៏ព្រៃផ្សៃចូលមកក្នុងប្រទេសរបស់យើងនិងប្រជាជាតិអាស៊ីដទៃទៀត។
គេហទំព័រនេះបានបន្តថា “ការចូលមកជាមួយទង់ព្រះអាទិត្យរះនេះគឺជាការប្រមាថនិងការសើចចំអកចំពោះប្រជាជនរបស់យើង”។
ចំណែកនៅក្នុងប្រទេសកូរ៉េខាងត្បូងឯណោះវិញដែលបានស្នើសុំជាផ្លូវការឲ្យជប៉ុនពិចារណាឡើងវិញនូវការបង្ហោះទង់នេះ, អត្ថបទស្តីពីភាពចម្រូងចម្រាសនេះត្រូវបានគេអានយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមហើយការិយាល័យរបស់លោកប្រធានាធិបតីបានទទួលញត្តិចំនួន២៥០ញត្តិសុំឲ្យនាវាជប៉ុនត្រូវបានហាមឃាត់។
កងនាវាចរកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រថា នាវាកងទ័ពជើងទឹករបស់ប្រទេសជប៉ុនបានបង្ហោះទង់នេះនៅពេលពួកគេចូលរួមក្នុងការត្រួតពិនិត្យកងនាវាចរឆ្នាំ១៩៩៨និង២០០៨ប៉ុន្តែបានស្នើឲ្យនាវាទាំងអស់ពិនិត្យមើលទង់នៅឆ្នាំនេះដោយជំនួសមកវិញនូវទង់ជាតិរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជប៉ុនបានបង្ហាញសញ្ញាថា ទង់នេះនឹងត្រូវបង្ហោះថ្វីបើមានការតវ៉ាក៏ដោយ។
លោក Katsutoshi Kawano នាយអគ្គសេនាធិការនៃកងកម្លាំងស្វ័យការពារជប៉ុនបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “ការលើកសញ្ញារបស់កងកម្លាំងស្វ័យការពារសមុទ្រគឺជាការតម្រូវដោយច្បាប់”៕ REUTERS
Source: Kampuchea Thmey Daily
0 Comments