អ្នកប្រដាល់កម្ពុជាឃុន ឌីម៉ា(ឃីមឌីម៉ា) ក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្វាគមន៍ចំពោះការសុំជួបប្រកួតសងសឹករបស់អ្នកប្រដាល់ថៃFa Nemith នាព្រឹក ថ្ងៃអាទិត្យទី០៧ ខែតុលា ឆ្នាំ២០១៨នេះ នៅក្នុងកម្មវិធីប្រដាល់Boostrong Fighter On Fire លើសង្វៀនSEATV។
Fa Nemithនិង ឃីម ឌីម៉ា នឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម ។ Fa Nemith ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក ។ក្នុងការមកប្រកួតនៅសង្វៀនSEATVនេះចំនួន៦លើក គេវាយឈ្នះតែពីរលើកទេគឺឈ្នះមាស ច័ន្ទមាន ថុល មករា និងទេស ជីវ៉ា ហើយ៤លើកដែលចាញ់នោះគឺចាញ់ឃុន ឌីម៉ាដោយពិន្ទុ ចាញ់វេងសុភ័ក្រដោយពិន្ទុ ចាញ់ឡុង សំណាង ទឹក៥ ចាញ់សេង ស្រឿនដោយពិន្ទុ។
អ្នកប្រដាល់ថៃនេះ មានកំនត់ត្រាប្រកួតចំនួន៧០លើក ឈ្នះ៥៥លើក ចាញ់១៤លើក ស្មើ០១លើក និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បានជាច្រើននាក់ ។អ្នកប្រដាល់ថៃម្នាក់នេះ មានកាយសម្បទារឹងមាំ មានកម្ពស់ប្រហាក់ប្រហែលឌីម៉ា គឺ១,៧០ម៉ែត្រ។ តែយ៉ាងណា មិនដឹងថាអាចយកឈ្នះឃុន ឌីម៉ា បានឬអត់នោះទេ?។
ឃុន ឌីម៉ា ជាអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ជាម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៧ ដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃ មិនតិចជាង៣០នាក់ទេនាពេលកន្លងមក ដោយវាយឈ្នះថៃ២១នាក់ ស្មើ០៥នាក់ និងចាញ់ ០៩នាក់ ។ និយាយជារួម ក្នុងការប្រកួតចំនួន៩៩លើករបស់ឌីម៉ា គេវាយឈ្នះ៨៥លើក ចាញ់១២លើក និងស្មើ០២លើក ។ ការប្រកួតចុងក្រោយជាមួយថៃ ឃុនឌីម៉ាវាយឈ្នះ Fa Nemithដោយពិន្ទុ កាលពីថ្ងៃទី៣១មីនា២០១៨កន្លងទៅនេះ។
យ៉ាងណា សំរាប់ការជួបអ្នកប្រដាល់ថៃFa Nemith លើកនេះ គេមានជំនឿទុកចិត្ត លើឃុន ឌីម៉ាថា អាចយកឈ្នះFa Nemith បានទៀតមិនខាន ព្រោះថាអ្នកប្រដាល់ថៃរូបនេះ ធ្លាប់ចាញ់គេម្តងរួចទៅហើយ ។Fa Nemith គេមកប្រកួតចុងក្រោយនេះ(១៩សីហា២០១៨) វាយឈ្នះទេស ជីវ៉ា ក្លិបកងពលតូចលេខ៧០ ក្នុងទឹកទី៣ ។ ចាំមើល តើFa Nemith អាច យកឈ្នះឃុន ឌីម៉ា បានឬអត់ នៅក្នុងការសុំសងសឹកនេះ ?។
ចំពោះ ធឿន ធី អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប នឹងជួបប្រកួតជាមួយអ្នកប្រដាល់ទេស ជីវ៉ា ក្លិបកងពលតូចលេខ៧០ក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។រវាង ធឿនធី និង ទេស ជីវ៉ា នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក ។ នេះជាលើកទី១របស់អ្នកប្រដាល់ទាំងពីរជួបប្រកួតគ្នា ។
សម្រាប់កាលជួបលើកនេះ ពុំដឹងថាធឿន ធី អាចយកឈ្នះទេស ជីវ៉ា បានឬអត់នោះទេ ? ។ អ្នកប្រដាល់ក្លិបអង្គរមានជ័យរូបនេះ គេមកប្រកួតចុងក្រោយនៅភ្នំពេញនេះ វាយចាញ់មុត ខ្លឹមខ្មៅ អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធដោយពិន្ទុ ។ យ៉ាងណា ប៉ះជាមួយទេស ជីវ៉ា ដែលមានកណ្តាប់ដៃខ្លាំង រហ័សនិងលឿននោះ ធឿន ធី មិនជាស្រួលខ្លួន ប៉ុន្មានឡើយ។ចាំមើល រវាងធឿន ធីនិងអ្នកប្រដាល់ទេសជីវ៉ា តើនរណាជាអ្នកឈ្នះនោះ?។
សៀន វិបុល អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ឆេង លាង ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយប្រកួតគ្នាក្នុងទម្ងន់៦៧គ.ក្រ។ អ្នកប្រដាល់ទាំងពីររូបនេះ មិនធ្លាប់ជួបគ្នាទេកន្លងមក។
ឆេង លាង ជាអ្នកប្រដាល់ជើងថ្មី ។ គេមានបទពិសោធន៍លើសង្វៀនមិនជាច្រើនប៉ុន្មានទេ តែអ្នកប្រដាល់រូបនេះ វាយល្អនិងខ្លាំង តែយ៉ាងណា សៀន វិបុល គេក៏វាយល្អនិងខ្លាំងដែរ ។
ចំណែក ហេង សុភ័ក្រ អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង ត្រូវគេផ្តល់ឪកាស ឲ្យជួបប្រកួតជាមួយអ្នកប្រដាល់សេង សាយ ក្លិបវិបុលដារិទ្ធពោធិសែនជ័យ ។ សម្រាប់ការជួបគ្នារវាងហេង សុភ័ក្រ និងសេង សាយ នេះ គេមិនរំពឹងថា សេង សាយអាចយកឈ្នះហេង សុភ័ក្រ បាននោះឡើយ ?៕
Source: Kampuchea Thmey Daily
0 Comments