សៀមរាប ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ផ្លូវជាតិមួយខ្សែដែលតភ្ជាប់ពីរង្វង់មូលព្រៃគុយ ស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង ទៅកាន់ ទីប្រជុំជន ឃុំព្រះដាក់ នៃស្រុកបន្ទាយស្រី បានរងការ ខូចខាតស្ទើរទាំងស្រុង ហើយករណីនេះត្រូវបានអះអាងថា បំផ្លាញដោយរថយន្តធំៗដឹកដីខ្សាច់។ រថយន្តដឹកជញ្ជូនដីនិងខ្សាច់ខាងលើ នាំគ្នាសម្រុកដឹកបំផ្លាញផ្លូវ ទាំងរដូវប្រាំងនិងវស្សា ហើយសុទ្ធសឹងផ្ទុកលើសទម្ងន់កំណត់។ ករណីនេះអ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរាលោកឡុង កុសល បានថ្លែងប្រាប់ នាព្រឹកថ្ងៃច័ន្ទនេះថា ចំពោះផ្លូវដែលខូចនេះ មានគម្រោងជួសជុលឡើងវិញហើយ អាចនឹងជួសជុលនៅឆ្នាំ ២០១៩។
ជាមួយគ្នានោះលោកក៏បាន អំពាវនាវដល់ ម្ចាស់អាជីវកម្ម រកស៊ីដឹកជញ្ជូនខ្សាច់ សូមកុំផ្ទុកឲ្យលើសទម្ងន់ ដែលជាហេតុនាំឲ្យផ្លូវឆាប់ខូច។
ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវមួយខ្សែនេះ បានសំណូមពរដល់ អាជ្ញាធរខេត្តក៏ដូចជាអាជ្ញាធរអប្សរា មេត្តាជួយជួសជុលឲ្យបានឆាប់ផង ដោយសារតែផ្លូវនេះ បានកំពុងតែទទួលរងនូវការខូចខាត ពិបាកធ្វើដំណើរ យ៉ាងខ្លាំង។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ជាមិត្តភាព កម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីចំណុចផ្លូវបំបែកផ្សារព្រះដាក់ មកទល់នឹងផ្លូវជាតិលេខ៦។ បច្ចុប្បន្ននេះបានរងការខូចស្ទើរទាំងស្រុងទៅហើយ។ ចំពោះការខូចនេះ បណ្ដាលមកពីមានរថយន្តធុនធំៗ ដឹកខ្សាច់ថ្ម ឆ្លងកាត់ជារៀងរាល់ថ្ងៃ៕
Source: Kampuchea Thmey Daily
0 Comments