កណ្តាល ៖ ស្ត្រីម្នាក់ ដែលមានមុខរបរជាអ្នកលាងចាន ត្រូវបាននគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនយោងតាមពាក្យបណ្តឹងចោទប្រកាន់ល្បួងក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ យកទៅលក់ឲ្យគេបម្រើផ្លូវភេទនៅភ្នំពេញ។
ហេតុការណ៍នោះ បានកើតឡើងនៅថ្ងៃទី២៦ កញ្ញា ២០១៨ ម៉ោង ១៨និង០០នាទី នៅចំណុចសួនច្បារមាត់ទន្លេភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកឯកាឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅថ្ងៃទី២៩ចែកញ្ញាឆ្នាំ២០១៩នៅភូមិព្រែកតាពៅសង្កាត់ដើមមៀមយោងតាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះរ ច ធ អាយុ១៤ឆ្នាំ ទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅខេត្តកណ្តាល។
ជនល្មើសឈ្មោះម៉ាន រ៉េត ភេទស្រី អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលាងចានរោងការ។
លោកអធិការក្រុងតាខ្មៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភ័ក្រឈ្មោះស្រីពេជ្រ ភេទស្រី (កូនរបស់ជនសង្ស័យ) បាននាំគ្នាដើរលេងសួនច្បារមាត់ទន្លេតាខ្មៅ លុះដល់វេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែអង្គុយហូបប្រហិត ស្រាប់តែឃើញជនល្មើសដើរមកក៏ហៅហូបប្រហិតជាមួយតែជនល្មើសមិនហូបទេគ្រាន់តែចូលអង្គុយមើលពេលហូបរួចជនល្មើសបានបបួលជនរងគ្រោះដើរលេងនៅភ្នំពេញដោយហៅម៉ូតូឌុបជិះទៅទាំងបីនាក់ក្នុងនោះមានជនរងគ្រោះ ជនល្មើស ព្រមទាំងកូនស្រីរបស់ជនល្មើសផងដែរ ពេលឌុបដល់រាជធានីភ្នំពេញម្តុំជិតរបងសាលារៀនមួយដែលជនរងគ្រោះមិនស្គាល់។
ជនល្មើសបានឲ្យម៉ូតូឌុបឈប់ហើយបានលើកតេ មួយសន្ទុះឃើញមានរថយន្ត១គ្រឿងបើកកមកដល់ហើយជនល្មើសបានឡើងទៅអង្គុយជិតអ្នកបើកឡានបានបន្តិចចុះពីឡានមកវិញក៏ហៅជនរងគ្រោះនិងកូនរបស់ខ្លួនឡើងជិះឡាននោះ។
ពាក្យបណ្តឹងបានរៀបរាប់ឲ្យដឹងទៀតថា ជនសង្ស័យមិនបានរៀបរាប់អំពីអត្តសញ្ញាណអ្នកបើកឡានឲ្យដឹងទេរថយន្តនោះ បើកចូលផ្ទះសំណាក់ដែលជនរងគ្រោះមិនស្គាល់។ ពេលចូលដល់ផ្ទះសំណាក់ស្ត្រី ជនល្មើសបានឲ្យជនរងគ្រោះនៅក្នុងបន្ទប់ផ្ទះសំណាក់ជាមួយបុរសអ្នកបើករថយន្តនោះដោយប្រាប់ជនរងគ្រោះថា ចេញក្រៅរកទិញអីញាំបន្តិចក៏ទៅបាត់រហូតទៅ។ ក្រោយមកជនរងគ្រោះត្រូវបុរសនោះលួងលោម និង ប្រើថ្នាំសម្រើបរួមភេទបានសម្រេច៤ដង លុះដល់ព្រឹកថ្ងៃទី២៧ខែឆ្នាំដដែល បុរសម្នាក់នោះបានប្រាប់ថា ខ្លួនចេញទៅធ្វើការហើយជនរងគ្រោះចាំនៅក្នុងបន្ទប់ផ្ទះសំណាក់បន្តិចទៀតអ្នកជូនមកនិងមកយកទៅវិញ ហើយជនរងគ្រោះរង់ចាំមិនឃើញជនល្មើសមកយកក៏តេទូរស័ព្ទមកជនល្មើស ពេលនោះជនល្មើសប្រាប់ឲ្យជិះម៉ូតូមកចាំខ្លួនចេញលុយឲ្យ ហើយជនរងគ្រោះបានជិះម៉ូតូឌុបមកដេកនៅផ្ទះជនល្មើសវិញរហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ទើបក្រុមគ្រួសាររបសជនរងគ្រោះ តាមរកជនរងគ្រោះឃើញនៅផ្ទះជនល្មើសក៏ប្តឹងសមត្ថកិច្ចចុះជួញអន្តរាគមន៍ឃាត់ខ្លួនជនល្មើសយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនល្មើសពុំព្រមឆ្លើយសារភាពឡើយទើបសុំគោលការណ៍ឃាត់ខ្លួនដើម្បីបន្តនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments