ព្រះសីហនុ ៖ គណៈកម្មការចម្រុះ របស់រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក ស្រ៊ុន ស្រ៊ន អភិបាលរងខេត្តព្រះសីហនុ និងលោក លឹម ប៊ុន ហេង ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តព្រះសីហនុ រយៈពេលពេញមួយថ្ងៃ គឺថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៨ បានចុះធ្វើការរុះរើសំណង់អនាធិបតេយ្យជាច្រើនខ្នង រួមនឹងបង្គោលរបង ហ៊ុមព័ទ្ធរំលោភយកដីរដ្ឋដោយខុសច្បាប់ ពីសំណាក់ប្រជាពលរដ្ឋ ក្រុមអ្នកមានលុយមានអំណាច និងមន្ត្រី ខិលខូច មួយ ចំនួន បានដោយជោគជ័យ បើទោះជាមានប្រជាពលរដ្ឋ មួយចំនួនធ្វើការតវ៉ាក៏ដោយ។
ក្រុមប្រជាពលរដ្ឋ ដែលពាក់ព័ន្ធ រស់នៅលើដីតំបន់ ភូមិតាលៈឃុំ រាម ស្រុកព្រៃនប់ ដែលជាដី មួយភាគធំស្ថិតក្នុងដីតំបន់អនុក្រឹត្យ ក្បាលឆាយ នឹងមួយផ្នែកជា ដីរបព្រៃឈើ បៃតង ឆ្នាំ២០០២ ជាដីរបស់រដ្ឋ ក្នុងពេល គណៈកម្មការចុះធ្វើការរុះរើ ពួកគេបាន មកធ្វើការ តវ៉ាថា ពួកគេជា ប្រជាពលរដ្ឋក្រីក្រមិនមានដីធ្លីសម្រាប់រស់នៅ ទើបបាននាំគ្នាមក កាប់ឆ្ការ ព្រៃដីតំបន់នេះ ដើម្បី សាងសង់ផ្ទះរស់នៅ ហើយពួកគេក៏ដឹងដែរថា ដីតំបន់នេះជាដីរបស់រដ្ឋ ប៉ុន្តែពួកគេគ្មានជម្រើស នោះឡើយដោយសារគ្មានលទ្ធភាពទិញដីធ្លី នៅក្នុងភូមិ។ តែសម្រាប់ពេលនេះ ផ្ទះសំបែង របស់ ពួកគាត់ ត្រូវ គណៈកម្មការរុះរើចោលដោយគ្មាន ដំណោះ ស្រាយ បែបនេះ តើឲ្យ ពួកគាត់ ទៅ រស់នៅឯណា។
ដោយឡែក មន្ត្រី ក្រុមប្រឹក្សា ឃុំ រាម បានធ្វើការបញ្ជាក់ថា ប្រជាពលរដ្ឋខាងលើនេះ មួយចំនួនមិនមែនជាប្រជាពលរដ្ឋ មកពីតំបន់ណា ផ្សេង ឬជាមនុស្សប្លែកនោះឡើយ គឺសុទ្ធ តែប្រជាពលរដ្ឋរស់នៅតំបន់ ភូមិតាលៈនេះតែម្តង ហើយពួកគេ ក៏សុទ្ធមានផ្ទះសម្បែងច្បាស់ លាស់ផងដែរ(គឺរស់នៅតំបន់ផ្នែកខាងលើ) ប៉ុន្តែពួកចេះតែនាំគ្នាមកចាប់យកដីរដ្ឋ ឬដីកម្មសិទ្ធិ ស្របច្បាប់ អ្នកដទៃ ពីកន្លែងមួយទៅកន្លែងមួយ យ៉ាងអនាធិបតេយ្យ ពោលគឺ ឲ្យតែ ដីណា ពួកគេយល់ថា អាចរំលោភយកបាន នឹងចាប់ផ្តើមភ្លាម មិនខ្វល់ អ្វីនោះឡើយ រួចធ្វើការលក់ដូរ ក្នុងតម្លៃថោកៗ ពីមួយទៅមួយ បង្កភាពស្មុគស្មាញ គ្មាន ទីបញ្ចប់ នោះទេ។ ទង្វើ បែបនេះ វាមិនមែន ជារឿង ចម្លែកនោះទេ តែវាជាមុខរបររបស់ពួកគេទៅហើយ គឺរំលោភ បាន គឺបានដី បើរំលោភមិនបានយ៉ាងហោចណាស់ក៏មានដំណោះស្រាយ ខ្លះៗដែរ។ សរុបសេចក្តីមក ចំពោះភាពអនាធិបតេយ្យខាងលើនេះ បើសិនជារដ្ឋបាល ខេត្តមិនមាន វិធានការ អនុវត្តច្បាប់តឹងរ៉ឹងនោះទេ ភាពអនាធិបតេយ្យ បែបនេះវានឹងបន្ត ទៅកន្លែងផ្សេងៗទៀត គ្មានទីបញ្ចប់នោះឡើយ។
លោក ស្រ៊ុន ស្រ៊ន អភិបាលរងខេត្តព្រះសីហនុ ជុំវិញការចុះរុះរើនេះ លោក បានធ្វើ ការបញ្ជាក់យ៉ាងខ្លីថា ដីរបស់រដ្ឋ មិនអាចឲ្យប្រជាពលរដ្ឋ ឬបុគ្គលណាម្នាក់ រំលោភយកបាន នោះទេ ហើយក្នុងពេលអនុវត្តនេះ បើមានបុគ្គលណាមក ធ្វើការារាំង បុគ្គលនោះ អាច ប្រឈម មុខចំពោះផ្លូវច្បាប់ ជាក់ជាមិនខានឡើយ។ ដីតំបន់ខាងលើនេះ រដ្ឋបាលខេត្ត នឹងធ្វើការដាំដើមឈើឡើងវិញ ដើម្បី រក្សាធនធានធម្មជាតិ៕
Source: Kampuchea Thmey Daily
0 Comments