ក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលរបាយការណ៍របស់កាសែត New York Times ដែលថា ចារកម្មរបស់ចិនបានស្តាប់ការហៅទូរស័ព្ទរបស់លោក Donald Trump ថាជា “ព័ត៌មានមិនពិត” ហើយបាននិយាយកំប្លែងថា ប្រធានាធិបតីអាមេរិកគួរតែប្តូរប្រើទូរស័ព្ទចិនវិញ។
កាសែតនេះបានលើកឡើងប្រភពពីមន្ត្រីអនាមិកដែលបាននិយាយថា ប្រទេសចិននិងរុស្ស៊ីបានស្ដាប់តាមការហៅទូរសព្ទជាញឹកញាប់របស់លោក Trump ដែលធ្វើឡើងជាមួយមិត្តភក្តិនិងសម្ព័ន្ធមិត្តតាមទូរស័ព្ទ iPhone របស់គាត់ដោយប្រើប្រាស់ព័ត៌មានដែលបានប្រមូលបានដើម្បីបង្កើតការទាក់ទងជាមួយសហរដ្ឋអាមេរិក។
នៅពេលសួរអំពីរបាយការណ៍នេះនៅឯសន្និសីទសារព័ត៌មានជាទៀងទាត់មួយ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយថា “មនុស្សមួយចំនួននៅសហរដ្ឋអាមេរិកមិនបានសន្សំសំចៃកិច្ចខិតខំប្រឹងប្រែងដើម្បីឈ្នះពានរង្វាន់ភាពយន្តល្អបំផុតនៅ Oscars នោះទេ”។
លោកស្រី Hua បានផ្តល់អនុសាសន៍ចំនួនបីដល់កាសែតចេញប្រចាំថ្ងៃរបស់សហរដ្ឋអាមេរិកមួយនេះនិងរដ្ឋបាលរបស់លោក Trump ។
លោកស្រីនិយាយថា “ទីមួយ កាសែត The New York Times គួរតែដឹងថា ពួកគេបានបោះពុម្ពផ្សាយរបាយការណ៍ប្រភេទនេះហើយផ្តល់នូវភស្តុតាងដល់កាសែតផ្សេងទៀតដែលធ្វើឲ្យទៅជាព័ត៌មានក្លែងក្លាយ”។
លោកស្រីបន្តថា “ទីពីរ បើពួកគេមានការព្រួយបារម្ភអំពីទូរស័ព្ទរបស់ក្រុមហ៊ុន Apple ថាអាចត្រូវបានគេលួចស្តាប់នោះ ពួកគេគួរតែប្ដូរទៅប្រើទូរស័ព្ទរបស់ក្រុមហ៊ុន Huawei វិញ”។
ចុងបញ្ចប់ លោកស្រី Hua បានណែនាំថា “ពួកគេគួរតែបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងទំនើបនិងកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកខាងក្រៅប្រសិនបើពួកគេចង់ធានាសុវត្ថិភាព”។
ស្របពេលជាមួយគ្នានោះ ប្រទេសរុស្ស៊ីក៏បានច្រានចោលការចោទប្រកាន់នេះផងដែរ។
អ្នកនាំពាក្យប្រធានាធិបតីលោក Dmitry Peskov បាននិយាយថា “យើងមានការសោកស្តាយណាស់ចំពោះកាសែតនេះដែលមិនចេះគិតពិចារណាផ្សាយព័ត៌មានដែលទំនងជាបង្ហាញពីការធ្លាក់ចុះនៃស្តង់ដារសារព័ត៌មាន”៕ AFP
Source: Kampuchea Thmey Daily
0 Comments