Ad Code

មន្ទីរ​បញ្ច​កោណ​ត្រៀម​បញ្ជូនទាហាន​ប្រហែល​៨០០​នាក់​ទៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក



មន្ត្រី​អាមេរិក​ពីររូប​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មន្ទីរ​បញ្ច​កោណ​ត្រូវបាន​គេ​រំពឹងថា​នឹងដាក់​ពង្រាយ​កងទ័ព​ប្រហែល​៨០០​នាក់​ទៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump និយាយថា យោធា​នឹង​ជួយ​ដោះស្រាយ “​ភាពអាសន្ន​ថ្នាក់ជាតិ​” ហើយ​បាន​អំពាវនាវ​ឲ្យ​ក្រុម​ជន​ចំណាកស្រុក​វិលត្រឡប់​ទៅវិញ​។​

កងកម្លាំង​កាតព្វកិច្ច​សកម្ម​នឹង​បន្ថែម​លើ​ឆ្មាំ​ជាតិ​ដែល​ត្រូវបាន​ដាក់ពង្រាយ​រួចហើយ​ដើម្បី​គាំទ្រ​ប្រតិបត្តិការ​នៅតាម​ព្រំដែន​ហើយ​អាចមកពី​មូលដ្ឋានទ័ព​ជាច្រើន​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

មន្ត្រី​ម្នាក់​បាន​និយាយថា រដ្ឋមន្ត្រី​ការពារជាតិ​លោក Jim Mattis ត្រូវបាន​គេ​រំពឹងថា​នឹង​ចុះហត្ថលេខា​លើ​ការបញ្ជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឬ​ថ្ងៃ​សុក្រ​សម្រាប់​ការដាក់​ពង្រាយ​ថ្មី​នេះ​។​

កងទ័ព​ទាំងនោះ​ក៏​នឹង​រួមបញ្ចូល​ទាំង​វេជ្ជបណ្ឌិត​និង​វិស្វករ​ផងដែរ​ហើយនឹង​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ចម្បង​ដើម្បី​ផ្តល់​ការគាំទ្រ​ខាង​ភស្តុភារ​រួមមាន​តង់ រថយន្ត​និង​ឧបករណ៍​ជាដើម​។​

លោក Trump បាន​បង្ហោះ Twitter ថា ច្បាប់​ដែល​បំផុសគំនិត​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បានធ្វើ​ឲ្យ​មានការ​លំបាក​ក្នុងការ​បញ្ឈប់​ប្រជាជន​នៅតាម​ព្រំដែន​។ លោក​និយាយថា “​ខ្ញុំ​កំពុង​នាំយក​យោធា​សម្រាប់​ដោះស្រាយ​គ្រាអាសន្ន​ថ្នាក់ជាតិ​។ ពួកគេ​នឹង​ត្រូវបាន​បញ្ឈប់​!”​។​

កាលពី​ខែមេសា លោក Trump បាន​និយាយថា លោក​នឹង​បញ្ជូន​ឆ្មាំ​ជាតិ​រាប់ពាន់នាក់​ទៅ​ព្រំដែន​ភាគខាងត្បូង​។

បញ្ជា​ដំបូង​នោះបាន​អនុញ្ញាត​ឲ្យ​ឆ្មាំ​ប្រហែល​៤,០០០​នាក់​ត្រូវបាន​បញ្ជូនទៅ​ព្រំដែន​ប៉ុន្តែ​មានតែ​ពាក់កណ្តាល​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ដាក់ពង្រាយ​។ កងទ័ព​ទាំងនោះ​ភាគច្រើន​បាន​បម្រើ​នៅក្នុង​តួនាទី​គាំទ្រ​ដើម្បី​ជួយ​សម្រួល​ដល់​មន្ត្រី​ល្បាត​ព្រំដែន​។​

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Bill Speaks បាន​និយាយថា ក្រសួងការពារជាតិ​បច្ចុប្បន្ន​កំពុងធ្វើការ​ជាមួយ​ក្រសួង​សន្តិសុខ​មាតុភូមិ​ដើម្បី​កំណត់​ជាក់លាក់​នៃ​ការគាំទ្រ​របស់​យើង​ដល់​អាជ្ញាធរ​ព្រំដែន​។​

គួរ​បញ្ជាក់ថា រឿងរ៉ាវ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានកើត​ឡើង​ខណៈដែល​ជន​ចំណាកស្រុក​អាមេរិក​កណ្តាល​រាប់ពាន់នាក់​កំពុងតែ​ឆ្លងកាត់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឆ្ពោះទៅកាន់​សហរដ្ឋអាមេរិក​នៅក្នុង​ក្បួន​មួយ​ដែល​កំពុងធ្វើដំណើរ​យឺតៗ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu