ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសអតីតឧកញ៉ា ហូរ ចំរើន ដាក់ពន្ធនាគារ១៨ខែ ក្រោមការចោទប្រកាន់ពីបទ គំរាមកំហែងថា នឹងសម្លាប់ តាមមាត្រា ២៣៣នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីផ្ទុះអាវុធកាលពីល្ងាចថ្ងៃទី ២១ មេសា ឆ្នាំ២០១៨ នៅក្នុងផ្ទះលេខ ២៧៣ សង្កាត់ព្រៃស ខណ្ឌដង្កោ។
សេចក្ដីសម្រេចនេះ បានបើកផ្លូវអោយជនជាប់ចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើមិនសុខចិត្ត។សាលក្រមនេះ បានប្រកាសក្រោយពេលតុលាការបានបង្គាប់អោយអនុរក្សពន្ធនាគារនាំខ្លួនលោកហូរ ចំរើន មកបើកសវនាការនាព្រឹកថ្ងៃទី ០៤តុលា បន្ទាប់ពីបានលើកពេលជំនុំជម្រះម្ដងកាលពីថ្ងៃទី ២៥សីហា ឆ្នាំ២០១៨។
ប្រឈមមុខការចោទប្រកាន់ពីបទគំរាមកំហែងថា នឹងសម្លាប់ ដែលពាក់ព័ន្ធដល់ការផ្ទុះអាវុធកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៨ លោកហូរ ចំរើន បានបដិសេធថា លោកមិនបានបាញ់កាំភ្លើងទេនៅថ្ងៃកើតហេតុ ហើយរឿងរ៉ាវយ៉ាងណានោះ លោកមិនបានដឹងទេ ព្រោះក្រោយពេលដែលលោកមកដល់ផ្ទះវិញប្រហែលជាម៉ោង១៥រសៀល លោកមិនឃើញមានអ្វីកើតឡើងនៅក្នុងផ្ទះលោកទេ។ លុះក្រោយមកស្រាប់តែឃើញមានសារព័ត៌មានចុះផ្សាយថា លោកបានបាញ់កាំភ្លើងគំរាមម្ដាយក្មេកនិងប្រពន្ធកូន លោកក៏បានយកកាំភ្លើងខ្លីទៅប្រគល់អោយអង្គភាពវិញ ហើយក៏បានបកស្រាយតាមសន្ទស្សន៍ស៊ីអ៊ិនស៊ី បញ្ជាក់ថា ពុំមានករណីផ្ទុះអាវុធនៅក្នុងផ្ទះរបស់លោកទេ។
ជាការកត់សម្គាល់ប្រពន្ធលោកហូរ ចំរើន និងម្ដាយក្មេកក៏មកធ្វើជាសាក្សីដោះបន្ទុកអោយជនជាប់ចោទដែរ រួមទាំងមេប៉ូលីសប៉ុស្ដិ៍រដ្ឋបាលសង្កាត់ព្រៃសផងដែរ។
សាក្សីដោះបន្ទុកទាំងនេះបានបង្ហាញចម្លើយស្រដៀងគ្នាថា នៅថ្ងៃដែលមានការចោទប្រកាន់នោះ គឺពួកគេមិនបានឮស្នូរផ្ទុះកាំភ្លើងទេ ហើយក្នុងផ្ទះក៏មិនមានបញ្ហាកើតឡើងដែរ។
ទោះបីជនជាប់ចោទ និងសាក្សីបានបដិសេធថា មិនមានបញ្ហាផ្ទុះអាវុធក៏ដោយ ប៉ុន្តែតាមពាក្យបណ្ដឹងរបស់ស្នងការដ្ឋានស្រាវជ្រាវ សន្តិសុខនៃកងអង្គរក្សបានបង្ហាញថា លោកហូរ ចំរើន បានបាញ់កាំភ្លើងបង្កសំឡេងផ្ទុះ ថែមទាំងគេចវេះមិនចូលអង្គភាពទៀតផង ហើយថែមទាំងមានរឿងវិវាទការរកស៊ីដីធ្លីជាមួយក្រុមហ៊ុនក្នុងស្រុកនិង ក្រៅស្រុកមួយចំនួនទៀតដែលបញ្ហានោះជាបញ្ហារបស់បុគ្គលដែលត្រូវដោះស្រាយតាមផ្លូវតុលាការ។
តំណាងអយ្យការ លោកស៊ិន វិរៈ បានធ្វើសេចក្ដីសន្និដ្ឋានបញ្ជាក់ថា ពិតជាមានការផ្ទុះអាវុធនៅក្នុងផ្ទះលោកហូ ចំរើន ដែលផ្ដើមចេញពីជម្លោះប្ដីប្រពន្ធ និងស្នើអោយចៅក្រមសម្រេចតាមច្បាប់។ក្រោយបញ្ចប់នីតិវិធីសួរដេញដោល និងធ្វើសេចក្ដីសន្និដ្ឋានរបស់តំណាងអយ្យការនិងមេធាវីការពារការពារអោយជនជាប់ចោទរួចមក លោក ចៅក្រមឈ្មោះ លាង សំណាត់ បានថយទៅពិចារណាហើយចូលមកប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោកហូរ ចំរើន ដាក់ពន្ធនាគារកំណត់១៨ខែ ក្រោមការចោទប្រកាន់ពីបទគំរាមកំហែងថានឹងសម្លាប់ តាមមាត្រា ២៣៣នៃក្រមព្រហ្មទណ្ឌ៕
Source: Kampuchea Thmey Daily
0 Comments