គណបក្សកុម្មុយនិស្តវៀតណាម ដែលកំពុងកាន់អំណាច បានសម្រេចតែងតាំងអគ្គលេខាធិការរបស់ខ្លួនធ្វើជាបេក្ខជនប្រធានាធិបតីតែមួយគត់ ដើម្បីជំនួសលោក Tran Dai Quang។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនកាលពីល្ងាចថ្ងៃពុធថា សមាជិកនៃគណៈកម្មាធិការមជ្ឈឹមបក្សបានឯកភាពក្នុងការតែងតាំងសមមិត្ត Nguyen Phu Trong សម្រាប់តំណែងនេះ។
បើសិនជាមានការបញ្ជាក់ពីរដ្ឋសភាមែននោះ លោក Trong អាយុ៧៤ឆ្នាំនឹងក្លាយជាមេដឹកនាំវៀតណាមដំបូងគេដែលកាន់តំណែងពីរចាប់តាំងពីលោកប្រធានាធិបតី ហូ ជីមិញ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០។
លោក Quang ទទួលមរណភាពកាលពីខែមុនក្រោយពីតស៊ូជាមួយជំងឺរយៈពេលជាងមួយឆ្នាំ។
សេដ្ឋវិទូ Le Dang Doanh ដែលជាអតីតទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបាននិយាយថា វាសមហេតុផលដើម្បីបង្រួបបង្រួមតំណែងដ៏មានអំណាចរបស់លេខាបក្សប៉ុន្តែលោកបានព្រមានថា គួរតែមានយន្តការដើម្បីគ្រប់គ្រងអំណាច។
លោកបានបន្ថែមថា វាមិនច្បាស់ទេថាតើមេដឹកនាំបន្ទាប់របស់ប្រទេសនេះនឹងកាន់តំណែងពីរដែរឬអត់ហើយថា គណបក្សនឹងសម្រេចលើបេក្ខជនជាក់លាក់មួយថាតើត្រូវផ្តល់តំណែងពីរឬក៏យ៉ាងណា។
លោក Trong ត្រូវបានបោះឆ្នោតជាមន្ត្រីការិយាល័យនយោបាយដ៏មានអំណាចក្នុងឆ្នាំ១៩៩៧ ដោយបម្រើការជាប្រធានបក្សកុម្មុយនិស្តក្រុងហាណូយនិងធ្វើជាប្រធានរដ្ឋសភាមុនពេលត្រូវបានដំឡើងឋានៈជាអគ្គលេខាធិការក្នុងឆ្នាំ២០១១។ លោកត្រូវបានជាប់ឆ្នោតជាថ្មីកាន់តំណែងអាណត្តិ៥ឆ្នាំទៀតនៅខែមករាឆ្នាំ២០១៦៕ AP
Source: Kampuchea Thmey Daily
0 Comments