Ad Code

ពិព័រណ៍​ស្នាដៃ​សិល្បៈ​គំនូរ​វិចិត្រកម្ម “​ពេលវេលា​” នៅ​សារមន្ទីរ​ជាតិ



ភ្នំពេញ ៖ ពិព័រណ៍​ស្នាដៃ​សិល្បៈ​គំនូរ​វិចិត្រកម្ម​ក្រោម​ប្រធានបទ​”​ពេលវេលា​”​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​សាធារណជន​ទូទៅ​បាន​ចូល​ទស្សនា​រយៈពេល​១​ខែ​ចាប់ពី​ថ្ងៃទី​២៥ ​ខែតុលា​ ឆ្នាំ២០១៨​ រហូតដល់​ថ្ងៃទី​២៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​ក្រោម​ការ​រៀបចំឡើង​ដោយ​នាយកដ្ឋាន​សិល្បៈ​សូន​រូប​និង​សិល្បៈ​សិប្បកម្ម​និង​នាយកដ្ឋាន​សារមន្ទីរ​។

លោក ឈឹម សុធី ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូន​រូប​និង​សិល្បៈ​សិប្បកម្ម​បាន​ប្រាប់​ឲ្យ​ដឹង​ថា សិល្បករ​ខ្មែរ​ចំនួន​២០​រូប​បាន​យក​ស្នាដៃ​សិល្បៈ​គំនូរ​វិចិត្រកម្ម​មក​តាំង​បង្ហាញ​នេះ​មាន​ចំនួន​២១ ដោយ​១​ផ្ទាំង​ជា​ស្នាដៃ​របស់​លោក​គ្រូ ចាន់ ឡៃហេង​ ដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ​។ តែ​យើង​ចង់​បង្ហាញ​ថា​ គាត់​បាន​ស្លាប់​ទៅ​មែន​ប៉ុន្តែ​ស្នាដៃ​និង​”​ពេលវេលា​”​របស់​គាត់​នៅតែ​បាន​បន្សល់ទុក ដល់​អ្នក​ជំនាន់​ក្រោយ​ជាពិសេស​សំរាប់​សិស្ស​និស្សិត​ផ្នែក​សិល្បៈ​គំនូរ​នេះ​បាន​សិក្សា​ស្វែងយល់​រៀនសូត្រ​។



លោក ឈឹម សុធី បាន​បន្ថែមថា ​ស្នា​ដៃ​របស់​សិល្បករ​ដែល​ដាក់​បង្ហាញ​ទាក់ទង​នឹង​ពេលវេលា​នេះ គឺមាន​ការ​បង្ហាញ​ពី​អារម្មណ៍​រៀងៗ​ខ្លួន​សិល្បករ​មាន​ដូច​ជា​ការ​ប្រែប្រួល​អាកាសធាតុ ទឹក ដី ភ្លើង ខ្យល់ ខ្លះទៀត​ក៏​គូរ​អំពី​ការ​កើត ឈឺ ចាស់ ស្លាប់ ការ​វិនាស​ទៅវិញ​អំពី​វិទ្យាសាស្ត្រ អំពី​ចិត្ត​វិទ្យា និយាយ​ជារួម​គឺ​អ្វីៗ​ទាំងអស់​ទាក់ទង​នឹង​ពេលវេលា បើ​អត់​មាន​ពេលវេលា​ទេ​យើង​ក៏​អត់​មាន​អ្វីៗ​ដូច​សព្វថ្ងៃ​ដែរ​។

ក្នុងនាម​ជា​ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូន​រូប​និង​សិល្បៈ​សិប្បកម្ម លោក​ឈឹម សុធី បាន​បញ្ជាក់​ថា ​នៅពេល​ដែលមាន​សកម្មភាព​សិល្បៈ​តាំងពិព័រណ៍​ស្នាដៃ​គំនូរ លោក​តែងតែបាន​អញ្ជើញ​និង​ផ្សព្វផ្សាយ​ដល់​សិស្ស​និស្សិត​បាន​ចូលរួម​ទស្សនា ស្នាដៃ​របស់​គ្រូៗ​ក៏ដូចជា​សិល្បករ​ចាស់ៗ​បាន​សំដែង​ទឹកចិត្ត មនោសញ្ចេតនា​តាមរយៈ​ផ្ទាំង​ស្នាដៃ ឲ្យ​គាត់​មើល ជា​បទពិសោធន៍​និង​ឆ្ងល់​អាច​សួរ​ជា​ចំណេះដឹង​។



ធៀប​ពីមុន​នឹង​ឥឡូវ លោក ឈឹម សុធី បាន​បន្ត​ឲ្យ​ដឹងថា ជា​រៀងរាល់​ឆ្នាំ​និស្សិត​ចូលរៀន​តាម​បណ្តា​មហាវិទ្យាល័យ​មានការ​កើនឡើង តែ​ផ្នែក​សិល្បៈ​គំនូរ​មានការ​ថយ​ចុះ​បន្តិច ដោយសារតែ​និស្សិត​បាន​ចាប់​យក​ផ្នែក​ឌី​ហ្សា​យ ឬ​ស្ថាបត្យកម្ម សំណង់ វិញ​ដើម្បី​តំរូវ​ទៅលើ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។ ​ព្រោះ​ថា ​សិល្បៈ​គំនូរ​ទាមទារ ឲ្យ​សិស្ស​មានចិត្ត​ចង់​រៀន​ហើយ និង​មាន​ទេពកោសល្យ​ពី​កំណើត​ថែមទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu