Ad Code

ថ្នាំញៀន​ជាង​១៤​លាន​គ្រាប់ ត្រូវ​ថៃ​បង្ក្រាប​បាន ក្បែរ​តំបន់​ត្រីកោណមាស



ប្រទេស​ថៃ ៖ ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ប្រមាណ​ជាង ១៤ លាន​គ្រាប់ ដែលមាន​បរិមាណ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ និង​កម្រ​បាន​ជួបប្រទះ ត្រូវបាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំងយោធា​ថៃ ធ្វើការ​ប្រមាញ់​ឈានដល់​ការ​បង្ក្រាបបាន​ ខណៈដែល​មុខសញ្ញា​បានបង្ហាញ​ខ្លួន នាពេល​រំលង​អធ្រាត្រ។

យោងតាម​របាយការណ៍ ​ដែល​យើង​ទទួលបាន​គឺ នៅក្នុង​តំបន់ត្រីកោណមាស​ ដែល​ស្ថិត​នៅជាប់​នឹង​ព្រំប្រទល់​ប្រទេស​ចំនួន​៣ គឺ​ប្រទេស​ថៃ ប្រទេស​លាវ​ និង​ប្រទេស​ភូមា គឺ​ពោរពេញ​ដោយ​ការផលិត​ថ្នាំញៀន ដោយសារតែ​តំបន់​នេះ​ជា​តំបន់ ស គ្មាន​ប្រទេស​ណាមួយ​មាន​សិទ្ធិ​គ្រប់គ្រង​លើ​តំបន់​នេះឡើយ។​

ម្យ៉ាងទៀត​ក៏មាន​ខេត្ត​ចំនួន ៦ របស់​ប្រទេស​ថៃ ដែល​ស្ថិត​នៅជាប់​នឹង​តំបន់​ត្រីកោណមាស​នេះ​ផងដែរ ដែល​ខេ​ត្ត ទាំងនោះ​រួមមាន ១. ខេត្ត​ឈៀង​ម៉ៃ​ ២. ខេត្ត​ឈៀង​រ៉ា​យ ៣. ខេត្ត​ផៈ​យ៉ៅ ៤. ខេត្ត​ណាន ៥. ខេត្ត​ឧ​ត្ត​រ​ឌី​ត និង ៦.ខេត្ត​ភិ​ស្នុ​លោក ដោយ មានការ​លប​ឆ្មក់​ពី​មេ​ឈ្មួញ​ធំៗ ក្នុង​ការ​នាំ​ថ្នាំញៀន​ឆ្លងដែន​ចូលទៅក្នុង​ប្រទេស​ថៃ ជា​ញឹកញាប់ រហូត​ធ្លាប់​មាន​ការ​ប៉ះទង្គិច​គ្នា ជាមួយនឹង​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ​ថែម​ទៀតផង។

ក្នុង​កិច្ចប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ​កម្លាំង​ជំនាញ រួម​ជាមួយនឹង​កម្លាំង​យោធា​ភាគ​ទី ៣ បាន​ធ្វើឡើង​ បន្ទាប់ពី​ទទួលបាន​នូវ​សេចក្តី​រាយ​ការណ៍​​ពី​កម្លាំង​សម្ងាត់​ ដោយ​សមត្ថកិច្ច​បានចេញ​ដំណើរ​តាមរយៈ​ផ្លូវទឹក​ផង និង​តាមរយៈ​ផ្លូវគោក​ផង​ ដោយបាន​ចាប់ផ្តើម​ពី​ម៉ោង ៧ យប់ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០១៨ រហូតដល់​ម៉ោង ១ និង ៣០ នាទី រំលង​អធ្រា​ត្រ ឈានចូល​យប់ ថ្ងៃទី ២៩ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ។​

របាយការណ៍​បាន​បន្តថា នៅពេល​រំលង​អធ្រា​ត្រ​នោះ សមត្ថកិច្ច​បាន​ប្រទះឃើញ រថយន្ត​ចំនួន ២ គ្រឿង បានបង្ហាញ​ខ្លួន នៅ​ចំណុច​ផ្ទះ​ចែម​ប៉ង់​ក្នុងភូមិ​១ ឃុំ​ឡាយ​ង៉ាវ ស្រុក​វៀង​កែន ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ​ដែលជា​ប្រភេទ​រថយន្ត​ម៉ាអ៊ី​ស៊ុយៗ ទាំង​២ ក្នុងនោះ ១ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ផៈ​យ៉ៅ ៨៩៣ និង ១ គ្រឿង​ទៀត ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ឈៀង​ម៉ៃ​៦២៨៩។​

បន្ទាប់ពី​មុខសញ្ញា​បានបង្ហាញ​ខ្លួន​បែបនេះ កម្លាំង​បាន​សម្រុកចូល​ប៉ុន្តែ ដោយសារ​យប់​ងងឹត ទើប​ធ្វើអោយ​អ្នកបើក​បរទាំង ២ បាន​រត់​គេចខ្លួនបាត់​ស្រមោល​គឺ​នៅពេល​នោះដែរ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ សង្កេត​ឃើញថា រថយន្ត​ទាំង​២មាន​ផ្ទុក​ការុង​ថ្នាំញៀន សរុប​ចំនួន ៧៣ ការុង បើ​សរុប​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ទាំងអស់​មាន​ចំនួន ១៤ ៦០០ ០០០ គ្រាប់ ( ដប់​បួន​លាន ប្រាំមួយ​សែន គ្រាប់ )។

បច្ចុប្បន្ន​ថ្នាំញៀន​រួម​ជាមួយនឹង​រថយន្ត ត្រូវបាន​កម្លាំង​នាំ​យក​ទៅ​រក្សាទុក​នៅ​អង្គភាព​ជំនាញ នៅ​ឃុំ​រិម​ខូង ស្រុក​ឈៀង​ខ​ង ខេត្ត​ឈៀង​រ៉ា​យ ។​

លោក ឆ្លង​ឆៃ ឆៃ​យៈ​ខាំ មេបញ្ជាការ​កងទ័ព​ទី ៣ និង​ជា​ថ្នាក់ដឹកនាំ ក្នុងការ​ការពារ ទប់ស្កាត់ និង​បង្ក្រាប​ថ្នាំញៀន បាន​បញ្ជា​ទៅ​កម្លាំង​ទាំងអស់ ដើម្បី​ត្រៀមលក្ខណៈ​ទប់ស្កាត់​អោយបាន រាល់​ការ​លបលួច​នាំ​ថ្នាំញៀន​ឆ្លងដែន​ចូលទៅក្នុង​ប្រទេស​ថៃ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu