Ad Code

FBI ​កំពុង​ស៊ើបអង្កេត​អំពី​ការប៉ុនប៉ង​ចោទប្រកាន់​រដ្ឋអាជ្ញា​ពិសេស​លោក​ Mueller



ការិយាល័យ​របស់​លោក Mueller បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា FBI កំពុង​ស៊ើបអង្កេត​លើ​ផែនការ​មួយ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ផ្តល់​ប្រាក់​ឲ្យ​ស្ត្រី​ដើម្បី​ធ្វើការ​ចោទប្រកាន់​អំពី​ការ​យារ​យី​ផ្លូវភេទ​ចំពោះ​ប្រមុខ​ស៊ើបអង្កេត​បញ្ហា​រុស្ស៊ី​លោក Robert Mueller ក្នុង​គោលបំណង​បង្ខូចកេរ្តិ៍​ឈ្មោះ​គាត់។

ផែនការ​នេះ​ត្រូវបាន​រកឃើញ​បន្ទាប់ពី​ស្ត្រី​ម្នាក់​ដែល​និយាយថា​នាង​បានធ្វើការ​ឲ្យ​លោក Mueller អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះបាន​ប្រាប់​អ្នកសារព័ត៌មាន​ជាច្រើន​ថា នាង​ត្រូវបាន​គេ​ផ្តល់ប្រាក់​ឲ្យ​ចំនួន​២០,០០០​ដុល្លារ​ដើម្បី​ចោទប្រកាន់​គាត់​ពីបទ​ល្មើស​ផ្លូវភេទ​។​អ្នកនាំពាក្យ​លោក Mueller គឺ​លោក Peter Carr បាន​និយាយថា “​នៅពេលដែល​យើង​បានដឹង​អំពី​ការចោទប្រកាន់ថា​ស្ត្រី​ត្រូវបាន​គេ​ផ្តល់ប្រាក់​ឲ្យ​ដើម្បី​ធ្វើការ​ចោទប្រកាន់​មិន​ពិត​អំពី​រដ្ឋអាជ្ញា​ពិសេស​នោះ យើង​បាន​បញ្ជូន​រឿងនេះ​ទៅកាន់ FBI ភ្លាមៗ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Carr មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទេ​ប៉ុន្តែ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ដ៏​កម្រ​របស់គាត់​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការិយាល័យ​របស់លោក Mueller កំពុង​ពិនិត្យមើល​ការអះអាង​នេះ​យ៉ាង​យកចិត្តទុកដាក់​។​គេហទំព័រ​ព័ត៌មាន Hill Reporter បាន​និយាយថា ផែនការ​នេះ​បាន​បែកធ្លាយ​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​ពួកគេ​និង​កាសែត​ជាច្រើន​ទៀត​ត្រូវបាន​ទាក់ទង​ដោយ​ស្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ដែល​និយាយថា នាង​ត្រូវបាន​គេ​ផ្តល់​សាច់ប្រាក់​ដើម្បី​ធ្វើការ​ចោទប្រកាន់​ប្រឆាំង​លោក Mueller ។​លោក Mueller គឺជា​អតីត​ប្រធានការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ដែល​ត្រូវបាន​គេ​ប្រគល់​ភារកិច្ច​កាលពី​ឆ្នាំមុន​ជាមួយ​ការស៊ើបអង្កេត​ថា សមាជិក​នៃ​ក្រុម​យុទ្ធនាការ​របស់លោក​ប្រធានាធិបតី Donald Trump បាន​ឃុបឃិត​ជាមួយ​ប្រទេស​រុស្ស៊ី​ដើម្បី​បង្វែរ​ការបោះឆ្នោត​ឆ្នាំ​២០១៦​។​

ការស៊ើបអង្កេត​របស់​លោក Mueller បាន​ពង្រីក​ទៅដល់​ការពិនិត្យ​អំពី​ការប៉ុនប៉ង​ដែល​អាចធ្វើ​ទៅបាន​ដោយ​លោក Trump ក្នុងការ​រាំងស្ទះ​ដល់​ការស៊ើបអង្កេត​ហើយ​ប្រសិនបើ​ត្រូវបាន​បង្ហាញថា​ជាការ​ពិតមែន​នោះ វា​អាចឈាន​ទៅដល់​ការប្តឹង​ចោទប្រកាន់​លោក​ប្រធានាធិបតី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu