កណ្តាល ៖ ក្លិបកំំសាន្ត ខារ៉ាអូខេ មួយមានស្លាកយីហោ ឌីក្លឹប (D Club ) ដែលទើបសង់ថ្មី បំរុងនឹងរៀបចំសម្ពោធនិងជ្រើសរើសបុគ្គលិកបណ្តើរៗផងមានទីតាំងនៅជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានព្រះអគ្គីឆាបឆេះខ្ទេចទាំងស្រុង និងបង្កឲ្យស្លាប់មនុស្សម្នាក់និងរបួស២នាក់ កាលពីល្ងាចថ្ងៃសៅរ៍ទី១៣ ខែតុលា ឆ្នាំ២០១៨។
លោក អនុសេនីយ៍ឯក ដួង តេង អធិការនៃអធិការដ្ឋាន នគរបាល ស្រុកពញាឮបានមានប្រសាសន៍ថា ករណីគ្រោះអគ្គីភ័យដែលបំផ្លាញក្លឹបខារ៉ាអូខេទើបសង់ថ្មីនោះ តាមការបំភ្លឺពីជាងម៉ាស៊ីនត្រជាក់ដែលរងរបួសជាអ្នកឃើញហេតុការណ៍នោះបានឲ្យដឹងពីមូលហេតុថា មុនពេលកើតហេតុជាងម៉ាស៊ីនត្រជាក់ ដែលស្លាប់នោះបានឡើងទៅដាក់ម៉ាស៊ីនត្រជាក់ និងបានតភ្លើងភ្ជាប់ម៉ាស៊ីនផ្សារដែកដោយដាក់ក្តារកុងផ្លាកេទ្រាប់កុំផ្ការភ្លើងខ្ទាតទៅឆេះដែរ ប៉ុន្តែខណៈកំពុងតែផ្សារដាក់ជើងម៉ាស៊ីនត្រជាក់ ស្រាប់តែមានអណ្តាភ្លើងឆេះសន្ធោសន្ធៅនៅខាងក្នុងតែម្តង។
លោកបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះ បានបង្កឲ្យបាត់បង់ជីវិតមនុស្សម្នាក់និងរងរបួស២នាក់ ហើយបានបំផ្លាញទីតាំងខារ៉ាអូខេនោះ ស្ទើរទាំងស្រុង ដែលមានទំហំទទឹងប្រវែង៣០ម៉ែត្រនិងបណ្តោយប្រវែង៥០ម៉ែត្រ និងខាតបង់ជាទឹកប្រាក់អស់ប្រហែលជាង៥០ម៉ឺនដុល្លារ នេះតាមការបំភ្លឺពីម្ចាស់ក្លឹប។
លោក អធិការបានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះលោកបានសុំការអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន និងរថយន្តអគ្គីភ័យរបស់ស្នងការនគរបាលខេត្តកណ្តាលនិងក្រសួងមហាផ្ទៃសរុបចំនួន១៦គ្រឿង មកជួយបាញ់ពន្លត់។
ម្ចាស់ទីតាំងខារ៉ាអូខេនេះ មិនត្រូវបានគេ ប្រាប់ឈ្មោះឲ្យដឹងទេ ដោយប៉ូលិសមូលដ្ឋាននិយាយថា ធ្វើឫកឆ្មើងកន្ទ្រើងខ្លាំងណាស់ដោយសារគេអាងខ្សែអាងខ្នងជាអ្នកធំៗក្នុងជួរសមត្ថកិច្ចប៉ូលិសដូចគ្នា តែអ្នកស្រុកប្រាប់ថា ម្ចាស់ខារ៉ាអូខេនេះឈ្មោះ ឌី។
ចំណែកឯ ជនរងគ្រោះដែលបានស្លាប់និងរបួសក្នុងហេតុការណ៍នេះ ១.ឈ្មោះអាត សុវណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ (ស្លាប់) មានទីលំនៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ២.ឈ្មោះ ហួត ប៉ូលិ អាយុ២៣ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅស្រុក កោះសូទិន ខេត្តកំពង់ចាម។ ៣.ឈ្មោះ បន ផេង អាយុ២២ឆ្នាំ មានទីលំនៅ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជនទី២និងទី៣ រងរបួសមធ្យម សមត្ថកិច្ចប៉ូលិសនិងតុលាការខេត្តកណ្តាលបាននាំគ្នាចុះមកធ្វើការស៊ើបអង្កេតករណីនេះបន្ថែម៕
Source: Kampuchea Thmey Daily
0 Comments