Ad Code

ស្ត្រី​ម្នាក់​ជំពាក់​លុយ​ធនាគារ ​​វ័ណ្ឌក​ ស្រាប់តែ​ប្រឌិត​រឿង​ថា​ ចោរ​២​នាក់​មក​ប្លន់​យក​លុយ​អស់



បន្ទាយមានជ័យ​ ៖ ​ស្ត្រី​ម្នាក់​ ជំពាក់​លុយ​ធនាគារ និង​គេ វ័ណ្ឌ​ក អា​រឿង​យក​លុយ​ទៅ​ការ​កូន​ដើម​នៅ​ឯ​ស្រុក​ ស្រាប់តែ​ប្រឌិត​រឿង​ថា​ មាន​ចោរប្លន់​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​ម៉ឺន​ដុល្លារ។

លោក​វរសេនីយ៍ សៅ សារឿន អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ព្រឹក ថ្ងៃ​ទី​២៥​​ ខែ​តុលា ឆ្នាំ​​២០១៨​នេះ​ថា​ ស្ត្រី​ដែល​ជំពាក់​លុយ​ធនាគារ និង​គេ​នោះ​ មានឈ្មោះ បុណ្យ ចន្ថា ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

លោក​បន្ត​ថា ​ស្ត្រី​នេះ​ ក្រោយពី​កើតហេតុ​​​ បាន​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ថា​ នៅ​ម៉ោង​៧​កន្លះ​យប់​ថ្ងៃ​ទី​២៣ ​ខែ​តុលា​ ឆ្នាំ​២០១៨ មាន​ជនល្មើស​មិន​ស្គាល់​មុខ​ចំនួន​២​នាក់ បិទមុខ​ជិត ប្រដាប់​ដោយ​អាវុធ​ខ្លី​ចំនួន​១​ដើម បាន​ចូល​ក្នុង​ផ្ទះ​ខ្លួន ធ្វើ​សកម្មភាព​ភ្ជង់​សម្លុត​គំរាម​យក​លុយ។ ពេល​នោះ​ជនរងគ្រោះ​ស្រែក ហើយ​​ជនល្មើស​ ក៏​យក​ខ្សែភ្លើង​ចងដៃ និង​យក​ស្កុត​រុំ​មាត់​ខ្លួន​ពីរ​នាក់​ និង​កូនស្រី​ស្របពេលនោះ​ចោរ​បាន​ចូលទៅក្នុង​បន្ទប់​ខ្លួន ហើយ​ប្លន់​យក ទ្រព្យសម្បត្តិ​អស់​រួមមាន ធំ ខ្សែ​កមាស​១​ខ្សែ​ទម្ងន់​៥​ជី​ខ្សែដៃ​មាស​១​ខ្សែ​ទម្ងន់​១​តម្លឹង​​ចិញ្ចៀន​មាស​១​វង់ ទម្ងន់​៥​ជី ខ្សែដៃ​ប្លាទីន​១​ខ្សែ ទម្ងន់​៣​ជី ខ្សែក​ប្លាទីន​១​ខ្សែ ទម្ងន់​៤​ជី​៧​ហ៊ុន ​ចិញ្ចៀន​ប្លាទីន​១​វង់​ទម្ងន់​២​ជី ប្រាក់​ថៃ ៦.០០០​បាត ប្រាក់​ខ្មែរ ៧ លាន​រៀល។

ជនល្មើស​ពេលធ្វើ​សកម្មភាព​រួច​បាននាំគ្នា​រត់គេចខ្លួន​ទៅ​ទិស​ខាងជើង​បាត់។ លោក​សៅ សារឿន​ហៅ​បោ​ន បឿន​បាន​ឲ្យ​ដឹង​បន្តថា ទៀតថា ក្រោយពី​ទ​ទួ​ល​បាន​ព័ត៌មាន​នេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ និង​ដឹក​កម្លាំង​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​ទទួល​ព្រហ្មទណ្ឌ លោក​ផ្ទាល់ អធិការនគរបាល​ស្រុក​ថ្មពួក កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វ​រៈសេនា​តូច​៨០៧ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក បាន​ចុះ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​និង រហូតដល់​បំបែកសំណុំរឿង​បាន​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​នាទី ល្ងាច​ថ្ងៃ​ទី​២៤​ ខែតុលា។

សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹង​ថា ​អា​រឿង​ចោរប្លន់​នេះ​ វា​ជា​រឿងប្រឌិត​ តាម​ការពិត​ស្ត្រី​នេះ​បាន​ខ្ចីលុយ​ធនាគារ និង​លុយ​អ្នកជិតខាង​ដើម្បី​យកលុយ​ទៅ​ការកូន​ដើម​នៅ​ស្រុកកំណើត​អស់​ គ្មាន​លុយ​សង​គេ​ទើប​ប្រឌិត​រឿង​ចោរប្លន់​នេះ​ឡើង​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ក្នុងនោះ​ស្ត្រី​នោះបាន​ឲ្យ​កូនស្រី​អាយុ​១៣​ឆ្នាំ និយាយ​កុហក​ប្តី​ឪ​ពុក​នាង​និង​សមត្ថកិច្ច​ថា មាន​ចោរ​ចូល​ប្លន់​ក្នុង​បន្ទប់​ ហើយ​នាំយក​ទ្រព្យសម្បត្តិ​មានតម្លៃ​ដូចខាងលើ​។​ ប៉ុន្តែ​ធាតុពិត​ជាក់ស្តែង ការរៀបចំ​សម្តែង​ល្ខោន​ឆ្ពិន​ភ្នែក​ ​ពី​ព្រោះ​ស្ត្រី​នោះ ជំពាក់​បំណុល​គេ​ច្រើន​កាលដែល​ខ្លួន​ការ​កូនស្រី​កាលពី​ឆ្នាំទៅ​មិញ​ផង និង​ជំពាក់​ធនាគារ​ឯកជន​ផង​ដល់​គ្មាន​អ្វី​សង​គេ ហើយ​ចង់​គេចវេះ​និង​អូសបន្លាយ​ការ​សង​បំណុល ក៏​បែកគំនិត​ផ្តេសផ្តាស​កុហក​ទាំង​ប្តី ទាំង​សមត្ថកិច្ច​ដូច្នេះ​ទៅ​។​

លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​ទទួល​ព្រហ្មទណ្ឌ​ខេត្ត​បន្ទាយមានជ័យ​និយាយថា ក្នុងនាម​មន្ត្រី​សមត្ថកិច្ច​ការពារ ថែ​រក្សាសុខ​សុវត្ថិភាព ​និង​សេចក្ដី​ជូន​ពលរដ្ឋ​និង​សង្គម​នោះ ឲ្យ​តែ​ពលរដ្ឋ​ប្តឹង​ឬ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​តែង​ចុះ​ធ្វើជា​បន្ទាន់​ទាំងយប់​ទាំង​ថ្ងៃ ទោះ​ពិត​ឬ​កុហក​ដូច្នេះ​ក៏ដោយ​។​

លុះ​សមត្ថកិច្ច​ចុះបង្ក្រាប​និង​ស្រាវជ្រាវ​រក​ការពិត​ឃើញ​ហើយ សមត្ថកិច្ច​ហួសចិត្ត ហើយ​ណែនាំ​កុំ​ឲ្យ​ពលរដ្ឋ​នេះ​ និង​ពលរដ្ឋ​ដទៃទៀត​កុហក​បោក​បញ្ឆោត​ដូច្នេះ​ទៀត ។ ​សមត្ថកិច្ច​បាន​ឲ្យ​សាមីខ្លួន ​គឺ​ស្ត្រី​ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនរងគ្រោះ​និង​កូនស្រី និយាយ​សុំទោស​ជា​សា​ធារ​ណៈ ថា​មិនមែនជា​ករណី​ប្លន់​យក​ទ្រព្យ​អី​ទេ តែដោយសារ​ខ្លួ​ន​ជំពាក់​លុយ​គេ​ច្រើន ហើយ​គ្មាន​លទ្ធភាព​សង ក៏​រៀបចំ​ជា​ឆាកល្ខោន​ថា មាន​ចោរប្លន់៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu