ភ្នំពេញ ៖ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ បានមូលមតិគ្នាជាឯកច្ឆន្ទ ផ្តើមធ្វើអង្គកឋិនទានសាមគ្គី១ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្ត័ ស្ថិតក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ដោយទទួលបានបច្ច័យចំនួនជាង២៥ម៉ឺនដុល្លារ ដើម្បីកសាងព្រះវិហារ និងឧបដ្ឋានសាលា ដែលកំពុងបន្តសាងសង់នៅឡើយ។
ពាក់ព័ន្ធនឹងពិធីសាសនានេះ កាលពីរសៀលថ្ងៃទី២៥ ខែតុលា បានជួបជុំពុទ្ធបរិស័ទ បងប្អូនញាតិមិត្ត មន្ត្រីរាជការអ្នកផ្តើមបុណ្យដើម្បីប្រារព្ធពិធីក្រុងពាលី និងនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចំរើនព្រះបរិត និងសំដែងធម៌ទេសនានៅក្នុងបរិវេណសាលារាជធានីភ្នំពេញដោយមានការចូលបច្ច័យទៅតាមកម្លាំងសទ្ធា ជ្រះថ្លារៀងៗខ្លួន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតាជីដូនជីតាញាតិកាទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិដែល ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកស្រី លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា អង្គកឋិនទានដង្ហែទៅកាន់វត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្ត័នេះ បានបច្ច័យចំនួន២៥៩៨៧៥ដុល្លារដើម្បីកសាងព្រះវិហារ និងឧបដ្ឋានសាលា ដែលកំពុងបន្តសាងសង់នៅឡើយ។
ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វារទសមាស ដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាថា ៖ ពុទ្ធបរិស័ទនាំគ្នាធ្វើបុណ្យ កឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទាន ថា ជាកាលទានដ៏មានផលានិសង្សច្រើនជាងទានទាំងពួង។ អាស្រ័យហេតុនេះ ទើបមានការសម្គាល់ថា បើវត្តណា ដែលដល់រដូវកាលកឋិនហើយ គ្មាននរណាហែអង្គកឋិនចូលទេ គឺជាវត្តមិនស្មើមុខនឹងវត្តដែលមិនបានទទួលអង្គកឋិនទាន។
តាមពុទ្ធ បញ្ញាតិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំ ព្រះវស្សាអស់វរៈបីខែដោយបរិបូណ៌ ពុំមានដាច់កិច្ចចូលវស្សាព្រោះកន្លងវិន័យ ដោយប្រការណាមួយឡើយ។រីឯវត្តដែលពុំមានភិក្ខុសង្ឃគង់ចាំព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិស័ទបានដែរ៕
Source: Kampuchea Thmey Daily
0 Comments