Ad Code

ឈើ​រាប់​រយ​ម៉ែត្រ​គូប នៅ​ក្បែរ​ក្រុមហ៊ុន SK ឥណ្ឌា សមត្ថកិច្ច​ចាប់​តិចតួច​ប៉ុណ្ណោះ



រតនគិរី ​៖ ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​រឹបអូស​ឈើ​រាប់​រយ​ម៉ែត្រគូប​នៅ​ក្បែរ​ក្រុមហ៊ុន "SK ឥណ្ឌា​" ដែល​ក្រុម​ឈ្មួញ​ដឹក​ចេញពី​តំបន់​វារីអគ្គិសនី​សេសា​ន​ក្រោម​២ ខេត្ត​ស្ទឹងត្រែង យក​មក​លាក់​ទុក​នៅ​ក្បែរ​​ក្រុមហ៊ុន​មួយ​នេះ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី ដឹកនាំ​កម្លាំង​ដោយ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​ជា​ការ​កត់សម្គាល់ គឺ​ប្រតិបត្តិការ​របស់​សមត្ថកិច្ច ធ្វើឡើង​ក្រោយ​សារព័ត៌មាន​ផ្សព្វផ្សាយ​ពី​ភាព​មិន​ប្រក្រតី ចំពោះ​ការ​លាក់​ទុក​ឈើ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ។

យ៉ាងណា ក្នុង​ប្រតិបត្តិ​ការលើក​នេះ សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ប្រណីតៗ​គ្រប់​ប្រភេទ មានដូចជា ឈើ​ប្រភេទ សុ​ក្រម កកោះ និង​ធ្នង់ អា​ឃ្លុំ​សម្រេច មាន​ប្រវែង ០.៥០​ម៉ែត្រ​, ០.៦០​ម៉ែត្រ​, ០.៨០​ម៉ែត្រ​, ១.០០​ម៉ែត្រ ទៅ​១.២០​ម៉ែត្រ និង​មាន​មុខកាត់​ចម្រុះ​ចាប់ពី ២០, ៣០, ៤០​ឃ្លុំ ដ៏​ច្រើន​សន្ធឹក​សន្ធាប់​រាប់ពាន់​កំណាត់ រាប់​រយ​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​យក​មក​ស្តុក​លាក់​ទុក​យ៉ាង​ស្ងៀមស្ងាត់ នៅ​ត្រង់ចំណុច​ដី​សង្គមកិច្ច នៅ​មិន​ឆ្ងាយ​ពី​ដី​ក្រុមហ៊ុន "SK ឥណ្ឌា​" ប្រមាណ​តែ​ជាង​១០០​ម៉ែត្រ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​ខ្សឹប​ប្រាប់​អ្នកសារព័ត៌មាន​ថា ឈើ​ទាំងនោះ ក្រុម​ឈ្មួញ​បាន​ទិញ និង​ដឹកជញ្ជូន​ចេញពី​ម្តុំ​ព្រៃ​ធម្មជាតិ ខាងជើង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ក្នុង​ភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង កាលពី​ប៉ុន្មាន​ខែ​មុន​នេះ តាម​គោយន្ត​កន្ត្រៃ​មក​ស្តុក​ទុក​ក្បែរ​ដី​ក្រុមហ៊ុន សង្ស័យ​រង់ចាំ​ឱកាស​ល្អ​ដាក់​បន្លំ​ជាមួយ​ឈើ​ក្រុមហ៊ុន​ចាស់ ដែល​បម្រុង​នាំចេញ បន្ទាប់ពី​ទទួល​បាន​ច្បាប់​អនុញ្ញាត (PC) រួចហើយ​។ ប៉ុន្តែ​ក្រោយពី​ប្រទះឃើញ​គំនរ​ឈើ​ទាំងនោះ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ជា​បន្តបន្ទាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។​

​ជាការ​កត់សម្គាល់​រប​ស់​អ្នកសារព័ត៌មាន អំឡុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ខាងលើនេះ គេ​សង្កេតឃើញ​អ្នក​រត់ការ​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ប្រុស (​ជា​អ្នកភូមិ​ក្របី​ជ្រុំ​) រត់​ខ្វែងដៃខ្វែងជើង​រត់​ធ្វើ PC នៅ​ភ្នំពេញ ដើម្បី​បំពេញ​តាម​តម្រូវការ​ច្បាប់​ធ្វើ​អាជីវកម្ម​យក​ឈើ​ខុសច្បាប់​ឲ្យ​ក្លាយ​ជា​ស្របច្បាប់ បំណង​យកចេញ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន "SK ឥណ្ឌា​" ព្រមទាំង​ការ​ស្តារបាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ជាដើម។

​សូមបញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​រឹបអូស​ឈើ​ទាំងនេះ ដោយ​ហាម​មិន​ឲ្យ​អ្នកសារព័ត៌មាន ចូលទៅ​ផ្តិត​យក​រូបភាព​ឡើយ​។ បញ្ហា​នេះ ត្រូវបាន​ចោទ​ជា​សំណួរ​ថា តើ​មូល​ហេតុអ្វី​បានជា​សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន ចូល​ទៅយក​ព័ត៌មាន ដែលមាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​ព្រះរាជអាជ្ញា ទៅជា​មួយ​ផង​ដែរ​? ឬ​សង្ស័យ​ខ្លាច​បាត់​ផល​ប្រយោជន៍​ធំ​?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu