Ad Code

សេង ស្រឿ​ន និង អេ រដ្ឋា ជួប​ថៃ ខ​ណៈធី តុង​ហ៊ី ជួប​បារាំង​នៅ​SEATV



​សេង ស្រឿ​ន អ្នក​ប្រដាល់​កម្ពុជា ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្តស្វាយរៀង ត្រូវគេ​ផ្តល់ ឱកាស​ឲ្យ​ជួប​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ Chhouk Chhai នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៨ ​តុលា ២០១៨​នេះ លើស​ង្វៀន​Boostrong Fighter On Fire នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍។

ពួកគេ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០០ គីឡូក្រាម ។​សេង ស្រឿ​ន និង Chhouk Chhai នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កាលពី​ថ្ងៃទី​៣០​កញ្ញា​២០១៧​កន្លងមក ដែល​ពេលនោះ សេង ស្រឿ​ន ត្រូវ Chhouk Chhai វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២។

សេង ស្រឿ​ន គេ​ជា​ជើងឯក​រង​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៦៥​គ​.​ក្រ ។​អ្នក​ប្រដាល់​រូបនេះ គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង កែង ។ សេង ស្រឿ​ន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ជិត​៣០​លើក​ហើយ​កន្លងមក ដោយ​ឈ្នះ​១៨​លើក​និង​ចាញ់​០៨​លើក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​Sen Sak ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២៣​កញ្ញា​២០១៨ ។

Chhouk Chhai គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ។​ក្នុង​ការជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​កន្លងមក គេ​មិនមែន​តែ​ធ្លាប់​ឈ្នះ​ឡៅ ចន្ទ្រា​នោះទេ គឺ​គេ​ធ្លាប់​វាយ​ឈ្នះ​ឃីម ឌី​ម៉ា ជើង​ខ្លាំង​របស់​កម្ពុជា​យើង​ដោយ​ពិន្ទុ​ទៀត ប៉ុន្តែ​ចុងក្រោយ​នេះ​គេ​វាយ​ចាញ់​មឿ​ន សុខ​ហ៊ុ​ច​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ក្នុង​ទឹក​ទី​២ ដោយសារ​សុខ​ហ៊ុ​ច​ទាត់​អោយ​ខូច​ជើង ។

ទោះជា​យ៉ាងណា ការដែល​អាច​យកឈ្នះ​លើ​ឃីម ឌី​ម៉ា និង​ឡៅ ចន្ទ្រា​បាន​ដូច្នេះ គឺ​បញ្ជាក់ថា Chhouk Chhai គេ​មិនធម្មតា​នោះឡើយ ។​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​៨៦​លើក ឈ្នះ​៦៤​លើក ចាញ់​១៩​លើក​និង​ស្មើ​០៣​លើក ខ​ណះ​ដែល​សេង ស្រឿ​ន មានកំនត់​ត្រា​ប្រកួត​៨០​លើក ឈ្នះ​៦៥​លើក ចាញ់​១៥​លើក និង​មិនដែល​ស្មើ ។​

អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​រូបនេះ តាំងពី​ដូរ​របៀប​វ៉ៃ ដោយ​មិន​ចាំ​គូបដិបក្ខ​វាយ​មុន​នោះទេ គឺ​គេ​ចូល​វាយ​មុន​តែម្តង ។ ដោយសារ​ការប្តូរ​យុទ្ធវិធី​ប្រកួត​បែបនេះ ធ្វើអោយ​គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក​នោះ ។ តែ​លើក​នេះ សេង ស្រឿ​ន​ត្រូវ​ជួប​ជើង​ខ្លាំង​លើស​គូប្រកួត​លើក​មុន​ទៅទៀត ហេតុនេះ​មិនជា​ការងាយស្រួល​ប៉ុន្មាន​ឡើយ ។ ចាំមើល សេង ស្រឿ​ន អាច​សងសឹក​យកឈ្នះ​Chhouk Chh ai បានសម្រេច​ឬ​អត់ ? ។

អេ រដ្ឋា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ Pek Am ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

នេះ​ជា​ឱ​កាស​ដែល​អេ​រដ្ឋា ដែល​ពីមុន​ជា ម៉ន​រដ្ឋា​នោះ គេ​ត្រូវ​ធ្វើខ្លួន​អោយ​ល្បីឈ្មោះ​ដូច​ពីមុន​ហើយ​។ រដ្ឋា​ពីមុន​ខ្លាំង តែមួយ​រយៈ​ចុង​ក្រោយនេះ គេ​វាយ​មិនសូវ​ខ្លាំង​និង​ល្អ​នោះឡើយ ។ ប៉ុន្តែ​យ៉ាងណា អេ រដ្ឋា ក្រោយមក​រស់នៅ​ក្លិប​អេ​ភូ​ថង គេ​មានការ​ឈានឡើង​បន្តិច​វិញ​ហើយ ។​ប្រកួត​លើកចុងក្រោយ​ជាមួយ​ថៃ​កាលពី​ថ្ងៃទី​១៥​កញ្ញា​កន្លងទៅនេះ គេ​បាន​ផ្តួល​ថៃ​Chhay Monkhun អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ។​

Pek Am ដែល​មកជួប​អេ រដ្ឋា​នេះ ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក​។ តាម​លោក​ញាណ សុធី អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV អោយដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ​នៅ​ស្រុកថៃ គេ​ជា​ជើង​ខ្លាំង​មួយរូប ដែល​អេ រដ្ឋា មិនអាច​មើលស្រាល​គេ​បានឡើយ ។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​៥៨​លើក ក្នុងនោះ​វាយ​ឈ្នះ​៥២​លើក​ទៅហើយ និង​ចាញ់​តែ​៦​លើក​ប៉ុណ្ណោះ ។​ទោះជា​យ៉ាងនេះ​ក្តី​ក្រុមអ្នកវិភាគ​ប្រដាល់​ពួកគេ​នៅតែមាន​ជំនឿ​ទុកចិត្ត​ថា អេ រដ្ឋា ឈ្នះ​លើ Pek Am នោះដែរ ព្រោះថា​អេ រដ្ឋា​ឬ​ម៉ន រដ្ឋា​នេះ គេ​ជា​ជើង​ខ្លាំង ។​

ធី តុង​ហ៊ី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ប្រកួត​ជា​អ្នក​ប្រដាល់​បារាំង Naser ដោ​យេ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។​តុង​ហ៊ី អ្នក​ប្រដាល់​របស់​កម្ពុជា​រូបនេះ ធ្លាប់​ជួប​អ្នក​ប្រដាល់​បរទេស​ទើបតែ​បាន​១៥​នាក់​ប៉ុណ្ណោះ ក្នុងនោះ​ធ្លាប់​ប៉ះ​ថៃ​១៣​នាក់​និង​ឆេ​ក​១​នាក់ ដោយ​ឈ្នះ ៥ ចាញ់ ៨ និង ស្មើ ១ នាក់ ក្នុងនោះ​ឈ្នះ​ឆេ​ក​ក្នុង​ទឹក​ទី​៣ ។

Naser វិញ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​តែ​៤​លើក​ហើយ ដោយ​វាយ​ស្មើ​និង​ឈ្នះ​ជាមួយ​ហេង វិឆ័យ ចាញ់​ន​ន់ ជំនិត​ដោយ​ពិន្ទុ និង​ចុងក្រោយ​ឈ្នះ​តូច ទូ ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​០៦​តុលា​២០១៨ ។

អ្នក​ប្រដាល់​បារាំង​រូបនេះ គេ​ចេះ​ប្រដាល់​ច្បាស់​ល្អ​ណាស់ ហើយ​គួបផ្សំ​នឹងមាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ថែមទៀត ធី តុង​ហ៊ី រឹតតែ​ពិបាក​ក្នុងការ​ផ្តួល​យកឈ្នះ​គេ​ណាស់ ។ Naser មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣២​លើក ឈ្នះ​២០​លើក ចាញ់​១២​លើក មិនដែល​ស្មើ ។​

ធី តុង​ហ៊ី ប៉ះ​ជាមួយ​គេ មិនដឹងថា​តុង​ហ៊ី​ជួប​សំណាងល្អ​ឬ​អត់​ទេ ? ។ ធី តុង​ហ៊ី ឆ្លងកាត់​សង្វៀន​១០៥​លើក ឈ្នះ​៨១​លើក ចាញ់​២១​លើក ស្មើ​០៣​លើក ។​

ទោះជា​យ៉ាងណា រវាង​ធី តុង​ហ៊ី និង Naser នេះ មិនដឹងថា អ្នកណា​ជា​អ្នកឈ្នះ​ទេ សំរាប់​ការជួបគ្នា​នេះ ? ។ ព្រោះថា អ្នក​ប្រដាល់​បារាំង Naser នេះ មាន​ស្នៀត​ប្រដាល់​ល្អ​និង​វាយ​ខ្លាំង ដែល​ធី តុង​ហ៊ី មិនអាច​មើលស្រាល​គេ​បានឡើយ ។ ចាំមើល តើ​ធី តុង​ហ៊ី និង Naser នរណា​ជា​អ្នកឈ្នះ​នោះ ? ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu