Ad Code

ចត​ឡាន​មុខផ្ទះ​បន្តិច ហ៊ាន​យក​កាំបិត​ឆូត​ដាច់​ថ្នាំ​ជិត ២ ម៉ែត្រ



បាត់ដំបង ៖ រថយន្ត​ទំនើប​ដែលមាន​តម្លៃ​ប្រមាណ​ជាង ៤ម៉ឺន ដុល្លារ ត្រូវ​បាន​បុរស​ម្នាក់ ដែលជា​ម្ចាស់ផ្ទះ​យក​កូនកាំបិត​ចុង​ស្រួច​មក​ឆូត​លើ​ក្បាល​រថយន្ត​ និង​ពី​ចំហៀង ដាច់​ថ្នាំ​ប្រវែង ជិត ២ ម៉ែត្រ បន្ទាប់ពី​ម្ចាស់​រថយន្ត​ដ៏​ទំនើប​នេះ​ ចត​នៅ​លើដី​ចិញ្ចើមថ្នល់ សាធារណៈ រួច​ដើរ​ចូលទៅ​ញុំា​អាហារ​ជប៉ុន រយៈពេល​ប្រមាណ​ជា ១ ម៉ោង​ប៉ុណ្ណោះ។​

យោងតាម​ពាក្យបណ្តឹង​របស់​ម្ចាស់​រថយន្ត​ម៉ាក ឈែ​រឺ​ឡែ​ត ពណ៌​ស តម្លៃ ជាង​៤ម៉ឺន ដុល្លារ ដែល​លោក​ជា​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង បាន​រៀបរាប់ថា នៅវេលា​ម៉ោង ៨ យប់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១៨ដែលជា​យប់​បង្ហើយ នៃ​ពិធី​បុណ្យអុំទូក ក្នុង​ខេត្តបាត់ដំបង គឺ​លោក​បាន​បើករថយន្ត​នេះ​ទៅ​ឈប់​សំចត​នៅលើ​ចិញ្ចើមផ្លូវ ១ កន្លែង ដែល​ស្ថិតនៅក្នុង​អាហារដ្ឋាន « គូ​រេ​ន ស៊ុប » ក្នុងភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដើម្បី​ចូល​ទៅរក​ញុំា​អាហារ​ជប៉ុន។​

ពាក្យបណ្តឹង​បាន​បន្តថា លុះ​ប្រហែលជា​ម៉ោង ៩ លោក​ក៏បាន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ប៉ុន្តែ​នៅ​ព្រឹក​ឡើង ពេលដែល​លោក​យក​រថយន្ត​ទៅ​លាង​ ទើប​លោក​មានការ​ភ្ញាក់​ក្រញាង ដោយសារតែ​នៅ​លើ​កាបូ និង​នៅ​ពី​ចំហៀង​រថយន្ត​របស់លោក មាន​ស្នាម​ឆូត​យ៉ាងជ្រៅ​រហូតដល់​ដែក ព្រមទាំង​មាន​ប្រវែង​វែង​ថែម​ទៀតផង។​

ដោយ​មិន​អស់ចិត្ត លោក​ក៏បាន​សុំ​កម្លាំង​សមត្ថកិច្ច​អោយជួយ​អន្តរាគមន៍ ក្នុងការ​ចុះ​ពិនិត្យ​ទៅលើ​កាមេរ៉ា​របស់​ម្ចាស់​ហាង ប៉ុន្តែ​កាមេរ៉ា​សុវត្ថិភាព​នោះ​ចាប់​មិន​ដល់​ផ្ទុយទៅវិញ​ក៏មាន​សាក្សី​ដ៏​សំខាន់​មួយរូប ដែលជា​បុគ្គលិក​ក្នុង​ហាង​អាហារ​ជប៉ុន​ចេញមុខ​មក​បំភ្លឺ​តែម្តង ដោយសារតែ​លោក​បានឃើញ​ផ្ទាល់​នឹង​ភ្នែក។​

នៅ​ចំពោះមុខ​សមត្ថកិច្ច នៃ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក មុន តាក់​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង បច្ចុប្បន្ន​ជា​បុគ្គលិក​ក្នុង​អាហារ​ដ្ឋា​ន​ខាងលើ បាន​រៀបរាប់ថា នៅ​យប់នោះ គឺ​ពេលដែល​លោក​បាន​ចេញពី​ក្នុង​ហាង​មក​ខាងក្រៅ ក៏​ស្រាប់តែ​ឃើញ​ឈ្មោះ ឆាន កក​ហេង​ហៅ​បារាំង អាយុ ២៨ ឆ្នាំ ដែលមាន​លំនៅដ្ឋាន​ជាប់​គ្នា​ជាមួយ​អហារ​ដ្ឋា​ន បាន​បើករថយន្ត​មក​ឈប់​ខាងក្រោយ​រថយន្ត​រងគ្រោះ ហើយ​គេ​ក៏បាន​ស្រែក​សួរថាឡាន​អ្នកណា​គេ មក​ចត​ខាងមុខផ្ទះ​ខ្ញុំ​នេះ ? ពេលនោះ​ដោយសារតែ​លោក​មិនបាន​ដឹង ទើបបាន​ឆ្លើយតប​ថា លោក​មិន​បានដឹង​ទេ ប្រហែល​ឡាន​របស់​អ្នក​ចូលទៅ​មើល​បុណ្យអុំទូក​ទេ​ដឹង !

គ្រាន់តែ​ប៉ុណ្ណឹង គេ​ស​ង្កេត​ឃើញ​បុរស​ចិត្តពាល​នោះ ដើរ​ចុះ​ពី​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌ស ហើយ​បាន​យកដៃ​អូស​ពីលើ​រថយន្ត​ជាច្រើន​ដង ហើយ​លោក​ក៏​មិនបាន​ចាប់អារម្មណ៍​ថា គេ​មានគំនិត​បែប​នេះដែរ លុះ​មាន​សមត្ថកិច្ច​មកសុំ​ឆែក​កាមេរ៉ា សុវត្ថិភាព ទើប​លោក​មាន​ការចាប់​អារម្មណ៍។​

ភ្លាមៗ​នោះដែរ គឺ​នៅ​ម៉ោង​ប្រមាណ ១២ ថ្ងៃត្រង់ នា​ថ្ងៃទី ២៥ ខែតុលា កម្លាំង​បាន​សុំ​គោល​ការណ៍​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​ខាងលើ​មក​សាកសួរ ទីបំផុត​ជន​រូបនេះ​បាន​សារភាពថា គេ​ពិតជា​បាន​ប្រើប្រាស់​កូនកាំបិត​ចិតបន្លែ ឆូត​ទៅលើ​រថយន្ត​ដ៏​ទំនើប​នេះ​មែន ដោយសារតែ​ខ្លួន​មាន​កំហឹង​ព្រោះ​រថយន្ត​នេះ​មក​ឈប់​ខាង​មុខផ្ទះ។​

​ស្រប​ពេលដែល​ដើមបណ្តឹង​បាន​ប្តឹង​ទាមទារ​សំណង ព្រមទាំង​សុំអោយ​សមត្ថកិច្ច​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​បន្តទៀត​នោះ ស្រាប់​តែមាន​លោក ស្នងការរង​មួយរូប​ដែល​គេ​ស្គាល់​ថា បច្ចុប្បន្នកំពុង​មានឈ្មោះ បោះ​សំឡេង​នៅក្នុង​អង្គភាព បាន​ធ្វើការ​អន្តរាគមន៍ ដោយ​ស្នើសុំ​អោយកម្លាំង​ជំនាញ បង្វែរ​ទិសដៅ​ទៅជា​រឿង​ក្រៅ​ឃុំ​ទៅវិញ គឺ​វា​ផ្ទុយ​អំពី​នីតិ​វិធី ទាំងស្រុង ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​សមត្ថកិច្ច​សម្រេច​សុំ​គោល​ការ​ទៅ​លោក​ព្រះរាជអាជ្ញា ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅតាម​ផ្លូវច្បាប់ តាម​សំណើរបស់​ដើមបណ្តឹង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu