Ad Code

ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩



ភ្នំពេញ ៖ នៅវេលា​ម៉ោង ៨​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៦ ខែតុលា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ដើម្បី​ធ្វើការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩ បន្ទាប់ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ដែលមាន​សមាសភាព​មក​ពី​គណបក្ស​ឆ្នោត​ចំនួន ១៦ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ​រួចមក​។​

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា នៅ​ថ្ងៃ ទី​២៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨:៣០​នាទី​ព្រឹក នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី (​វិមាន​សន្តិភាព​)​គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ដូចខាងក្រោម​៖
​ ​ទី​១.​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​
​ ​ទី​២. សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​។​
​ ​ទី​៣.​បញ្ហា​ផ្សេងៗ រួមមាន ៖ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖១-​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​និង​ការបង្ការ​ការ​កឹ​ប​កេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​រវាង​កម្ពុជា​-​វៀតណាម​និង​កម្ពុជា​-​ឥណ្ឌូនេស៊ី​។​២- សន្ធិសញ្ញា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី ស្តីពី​បត្យាប័ន​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ ទី ២៦ ខែតុលា​នេះ នៅ​វិមាន​សន្តិភាព ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ ហើយ​សេចក្តីព្រាងច្បាប់​ទាំង ២ នេះ​ក៏​ត្រូវបាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​បើក​កិច្ចប្រជុំ​ពិភាក្សា​រួចមកហើយ​កាលពី​ថ្ងៃទី ២២​ខែតុលា ឆ្នាំ ២០១៨ ក្រោម​កិច្ចសម្របសម្រួល របស់លោក នួន សុខា​វី ប្រធាន​ប្រតិភូ​គណបក្ស​ពន្លឺ​ថ្មី ប្រធាន​ប្តូរ​វេន​ប្រចាំ​ខែតុលា​។​

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ទៀតថា នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏បាន​ធ្វើ​បទ​អន្តរាគមន៍​ស្តីពី​ទិដ្ឋភាព​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សា​ធារ ណៈ​សម្រាប់​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨​។ លោក វ​ង្ស៊ី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏បានផ្តល់​បទ​អន្តរាគមន៍​ស្តីពី​បរិការណ៍​ក្របខ័ណ្ឌ​និង​គោលនយោបាយ​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩​។ លោក ទេព ភ​យ្យោ​រិ​ន្ទ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ លោក ហាវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​ថវិកា​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ធ្វើ​បទ​បង្ហាញ​ស្តីពី​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu