បាត់ដំបង ៖ ផ្សាររាត្រីមួយកន្លែងដែលទើបនឹងបង្កើតឡើងថ្មីៗ ហើយក៏ជាផ្សារមួយ ដែលបានទទួលជំនួយ ពីធនាគារ អភិវឌ្ឍន៍អាស៊ី( A D B ) សម្រាប់លើកស្ទួយ ដល់ជីវភាពប្រជាពលរដ្ឋ ក្រីក្រ នៅក្នុងខេត្ត ទាំងមូល បែរជាមានវត្តមានរបស់ក្រុមឈ្មួញធំៗ នៅក្នុងខេត្ត ពិសេសគឺខ្សែស្រឡាយអស់លោកមន្ត្រីសាលាក្រុង និងសាលាខេត្តទៅវិញ។
កន្លងមក បើតាមការអះអាងពី អតីតលោក អភិបាលក្រុង សៀង ឯម វូនស្ហី បានអោយដឹងថា ផ្សាររាត្រីបាត់ដំបង ដែលមានទីតាំងស្ថិតនៅម្តុំ សួនបណ្ណាល័យទល់មុខអង្គភាពអគ្គិសនី គឺបានមកពីជំនួយ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានតូបសរុប រាប់រយ តូប សម្រាប់ជួយដល់ជនក្រីក្រ មកពីតាមបណ្តាភូមិ ឃុំ នានាក្នុងខេត្តទាំងមូល ដោយសារតែម្ចាស់ជំនួយ ជួយតាំងពីដើមទុនសម្រាប់បង្កើតមុខរបរថែមទៀតផង។
លោកបានសង្កត់ធ្ងន់ថា ការបង្កើតផ្សារនេះឡើង ក្នុងគោលបំណងចង់អោយប្រជាពលរដ្ឋលក់ដូរនូវរបស់របរណាដែលមាននៅតាមមូលដ្ឋាន របស់ពួកគាត់ដូចជាភូមិមួយ ផលិតផលមួយ យ៉ាងដូច្នេះដែរ ព្រោះធ្វើយ៉ាងណាអោយផ្សារនេះមានទំនិញប្លែកពីផ្សារឯកជន ឬផ្សាររដ្ឋ នៅក្នុងខេត្ត។ សំខាន់ជាងនេះទៅទៀតនោះ គឺឈ្មោះរបស់ម្ចាស់តូបនីមួយៗ គេបានស្រង់មកពីមូលដ្ឋានអស់ហើយដោយត្រៀមចាំតែការកសាងផ្សាររួចរាល់ គឺចូលខ្លួនដាក់តាំងទំនិញលក់តែម្តង។
ស្ត្រីម្នាក់ ដែលកំពុងឈរលក់ផលិតផលប្លែកៗដូចជា សម្លៀក បំពាក់ អង្គរ និងរូបចម្លាក់តូចៗធ្វើ អំពីឈើ ដែលអាចទាក់ទាញភ្នែកជនបរទេសបាននោះ បានរៀបរាប់ថា គាត់គឺជាជនក្រីក្ររស់នៅក្នុងសំណង់អនាធិប្បតេយ្យ នៃស្ថានីយរថភ្លើង គឺត្រូវបានគេស្រង់ឈ្មោះដើម្បីប្រគល់តូបអោយ ជាមួយនឹងដើមទុនសម្រាប់រកស៊ីផង ។
ស្ត្រីដដែលបានបន្ថែមថា ឈ្មោះរបស់គាត់ប៊ិះតែរបូតបាត់ ដោយសារតែអ្នកមាននៅតាមផ្សារណាត់ ឬនៅផ្សារបឹងឈូក ពិសេសគឺក្រុមសាច់ញាតិ បងប្អូនអស់លោក ដែលជាមន្ត្រីក្នុងសាលាក្រុង និងសាលាខេត្តជាដើម បានជ្រែចង់ស៊ីដាច់ឈ្មោះរបស់ជនក្រីក្រ កុំតែគត់ឡើងតវ៉ា កុំអីគ្មានកន្លែងលក់នឹងគេទេ ព្រោះបច្ចុប្បន្ន បើគេដើរមួយត្រួសទៅក្នុងផ្សាររាត្រីនេះ គេនឹងសង្កេតឃើញថា សុទ្ធតែអ្នកមានៗ និងក្រុមអាជីវករក្នុងផ្សារណាត់ ខ្លះមានទាំងឈ្មោះប្តី ប្រពន្ធថែមទាំងកូនទៀត ដើម្បីកេងចំណេញ និងបន្លំភ្នែកពីម្ចាស់ជំនួយ ហើយដាក់លក់សុទ្ធតែខោ អាវ ថ្មីៗ ដែលមានពាសពេញផ្សារដទៃ ដោយមិនមានផលិតផលអ្វីដែលប្លែក ទៅតាមគម្រោងរបស់ម្ចាស់ជំនួយចង់បាននោះឡើយ។
ប្រភពជាច្រើននៅក្នុងខេត្តបានរិះគន់ទៅលើអាជ្ញាធរក្រុង និងអាជ្ញាធរខេត្តយ៉ាងខ្លាំងផងដែរ ដោយសារតែផ្សារសម្រាប់អ្នកក្រ បែរជានាំគ្នាបិទបាំង និងបន្លំភ្នែកម្ចាស់ជំនួយបែបនេះទៅវិញ នេះបើខាងធនាគារចុះមកសិក្សាលើគម្រោងរបស់ខ្លួន ហើយប្រទះឃើញរឿងមិនប្រក្រតី តើលោកអភិបាលខេត្តងួន រតនៈ នឹងដោះស្រាយបែបណាដែរ ចំពោះម្ចាស់លុយ ?
Source: Kampuchea Thmey Daily
0 Comments