Ad Code

ប្រជាពលរដ្ឋ​នៅ​ខណ្ឌទួលគោក​ សំណូមពរ​ឲ្យ​អាជ្ញាធរ​រាជធានី ដោះស្រាយ​បញ្ហា​សំរាម ​និង​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ



ភ្នំពេញ ​៖​ប្ រជាពលរដ្ឋ​នៅ​ខណ្ឌទួលគោក បាន​សំណូមពរ​អោយ​អាជ្ញាធរ​រាជធានី ត្រូវធ្វើ​ការដោះស្រាយ​បញ្ហា​សំរាម និង​ចុះមក​រៀបចំ​សណ្តាប់ធ្នាប់​តាមផ្លូវ​សាធារណៈ ដោយសារ​ថា អាជីវករ និង​អ្នកធ្វើអាជីវកម្ម​មួយចំនួន មិនបាន​គោរព​ទៅតាម​ការណែនាំ​នោះ​ទេ ជាពិសេស​នៅ​តំបន់​ផ្សារ​ដើម​គរ។

ការ​សំណូមពរ​បែបនេះ​របស់​ប្រជាពលរដ្ឋ​នៅ​ខណ្ឌទួលគោក បានធ្វើ​ឡើង ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​អាណត្តិ​ទី​២ ជាមួយ​ប្រជាពលរដ្ឋ​ជាង​៥០០​នាក់​របស់​ខណ្ឌទួលគោក កាលពី​ថ្ងៃទី​២៥ ខែតុលា​នេះ នៅ​មហោស្រប​ចេនឡា ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក។

ប្រជាពលរដ្ឋ​បាន​និយាយ​ត្រង់ៗ​ថា បញ្ហា​សំរាម និង​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ ឬ​នៅតាម​ផ្សារ​បច្ចុប្បន្ន គឺ​មិនមាន​ភាពល្អ​នោះទេ ដោយសារ​អាជីវករ ឬ​អ្នក​ធ្វើអាជីវកម្ម​មួយចំនួន ដូចជា​អ្នករត់​កង់​បី និង​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​គោរព​តាម​ការណែនាំ​របស់​សាលា​រាជធានី ឬ​សាលាខណ្ឌ សង្កាត់​នោះទេ ក្នុងការ​ដាក់​ទុក​សំរាម និង​ចត​យានយន្ត។

លោក អឿង សុ​ភ័​ណ្ឌ អាយុ​៦០​ឆ្នាំ រស់នៅក្នុង​សង្កាត់​បឹង​សាឡាង បាន​លើកឡើងថា នៅ​ជុំវិញ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស ការ​ទុកដាក់​សំរាម នៅតាម​ផ្ទះ តែ​រថយន្ត​ក្រុមហ៊ុន​ប្រមូល​សំរាម មានការ​យឺតយ៉ាវ​ក្នុងការ​មក​ប្រមូល និង​បញ្ហា​ការចត​ឡាន នៅ​ជុំវិញ​ផ្សារ​មិនមាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ ពេល​អ្នក​ឆ្លងកាត់​ផ្លូវ​ផ្សារ ម្តងៗ​គឺមាន​ការកកស្ទះ​ជាប្រចាំ​។​

ប្រជាពលរដ្ឋ​រូបនេះ​បន្តថា សណ្តាប់ធ្នាប់​តាមផ្លូវ​មហាវិថី​ម៉ៅ​សេទុង នៅ​ចំណុច​ផ្សារ​ដើម​គរ​វិញ គឺមាន​កកស្ទះ​ជាប្រចាំ​ដោយសារ​អ្នកលក់ ភាគច្រើន​យក​ចិញ្ចើមផ្លូវ​សាធារណៈ​ដាក់លក់​ទំនិញ​ផ្ទាល់​ខ្លូន ដែល​បណ្តាល​មានការ​ប៉ះពាល់ ចំណែក​អ្នក​ចត​រថយន្ត​វិញ មក​ចត​នៅលើ​ផ្លូវ​តែម្តង​។​

លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​សាធារណៈ ថា “​បញ្ហា​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ គឺ​រដ្ឋបាល​រាជធានី​បានទទួល​ស្គាល់​វា​កើតឡើង​ពិតមែន តែ​យ៉ាងណា​បញ្ហា​នេះ មាន​ភាពប្រសើរ​ឡើងវិញ​ហើយ តែ​យ៉ាងណា​អាជ្ញាធរ​ក្រុង ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន កំពុង​ខិតខំ ដោះស្រាយ​ជូន​។ ប៉ុន្តែ​ទន្ទឹម ​នឹង​ការដោះស្រាយ នូវ​បញ្ហា​សំរាម​នេះ ក៏​ទាមទារ ឲ្យ​មាន​ប្រជាពលរដ្ឋ ចូលរួម​ទាំងអស់គ្នា ទុកដាក់​សំរាម និង​វិច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ និង​មិនត្រូវ​បោះ ឬ​យក​សំរាម ទៅ​ដាក់​មាត់​លូ និង​ប្រឡាយ ដែល​អាច​បង្ក​ឲ្យ​ស្ទះលូ​នោះទេ​”​។

លោក​បាន​បន្ថែមថា រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផងដែរ ដោយបាន​បង្កើត ភ្នាក់ងារ​អនាម័យ ២​នាក់ ក្នុង​មួយ​ខណ្ឌ ដែលជា​ភ្នែក​ជា​ច្រមុះ ដើម្បី​តាមដាន ការ​ទុកដាក់​សំរាម និង​ការប្រមូល​សំរាម របស់​ភ្នាក់ងារ​ស៊ីន​ទ្រី និង​ដើម្បី​ព​ន្លឿ​ន​ដល់​ការ​ផ្តល់ព័ត៌មាន ក៏ដូចជា​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​រហ័ស និង​មាន​ប្រសិទ្ធភាព ។​

លោក​ហួត ហៃ លើកឡើងថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​ក្តៅ ចំពោះ​ម្ចាស់​លំនៅដ្ឋាន​រស់​ស្រប​តាមផ្លូវ​សំខាន់ៗ ដែល​រំលោភ​ចិញ្ចើមផ្លូវ យកមក​តាំង​លក់ទំនិញ​ផ្ទាល់ខ្លួន ឬ​ធ្វើ​ចំណត​ផ្ទាល់ខ្លួន នឹងមាន​វិធានការ​ក្តៅ ដើម្បីអោយ​ពួក​ទុក​ចិញ្ចើមផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​ឡើងវិញ​។ ប្រសិនបើ​ពួកគាត់​មិន​ព្រម​គោរព​តាម​ការណែនាំ​ទេ នឹង​ឈានទៅដល់​ការបិទ​អាជីវកម្ម​ទាំងស្រុង​តែម្តង ជាពិសេស​លើផ្លូវ​ទាំង​១១​ខ្សែ​ដែល​ផែន​រំដោះ​ចិញ្ចើមផ្លូវ​របស់​ក្រុង​នោះ​។ ផ្លូវ​សំខាន់ៗ​ទាំង​១១​ខ្សែ​នោះ​មាន​ផ្លូវ ព្រះ​នរោត្តម ព្រះមុន្នីវង្ស កម្ពុជា​ក្រោម ម៉ៅ​សេទុង មុន្នី​រ៉េត សា​ឌឺ​ហ្គោល សហព័ន្ធរុស្ស៊ី ពេ​ទ​ផន ផ្លូវ​២៧១ ព្រះសីហនុ និង​ផ្លូវ​សុធារស​។​

លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក មានប្រសាសន៍ថា បញ្ហា​ប្រឈម​ទាំងនេះ គឺ​អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​ធ្វើជា​ប្រចាំ​ដែរ តែ​បន្ទាប់ពី​សមត្ថកិច្ច​វិល​ទៅវិញ សកម្មភាព​សណ្តាប់ធ្នាប់​បាន​វិល​មក​សភាព​ដើម​វិញ​។ ដោយ​លោក​បញ្ជាក់ថា ប្រៀប​ដូច​វែក​ចក​អញ្ចឹង​ដែរ​។ យ៉ាងណាក៏ដោយ លោក ប្តេជ្ញា​ថា ​នឹង​បន្ត​ចុះ​រៀបចំ​អោយ​បានល្អ​ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu